ប្រទះឃើញបដិមាព្រះសិរលោកេស្វរៈមួយអង្គពេលធ្វើកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ

AKP សៀមរាប ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០១៩ -បដិមាព្រះសិរព្រះពោធិសត្វលោកេសូរ ឬលោកេស្វរៈមួយអង្គ ត្រូវបានគេប្រទះឃើញកាលពីថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ពោលគឺក្នុងខណៈដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ ជ្រុងនិរតី ដើម្បីរកថ្មដំបូលដែលធ្លាក់ចុះកប់ក្នុងគំនរថ្ម និងដីដំបូកយកមកជួសជុលប្រាសាទឡើងវិញ។

យោងតាមការបញ្ជាក់របស់លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃ និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា បដិមាព្រះសិរលោកេស្វរៈនេះ គឺមានត្រឹមតែព្រះសិរប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម។ សភាពខូចខាតទាំងនេះ ជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែក ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។ ម្យ៉ាងវិញទៀត ចម្លាក់មួយនេះក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរ កាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថា មានដងខ្លួននៅកន្លែងនេះដូចគ្នា។

រីឯលោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យនិងធ្វើការវាស់ទំហំព្រះសិរបដិមាព្រះពោធិសត្វលោកេសូរ ឬលោកេស្វរៈនេះដែរបានឱ្យដឹងថា ព្រះសិរនេះធ្វើពីថ្មភក់ មានកម្ពស់ ៥៤សងទីម៉ែត្រ(ស.ម.) ទទឹង២៧សងទីម៉ែត្រ និងកម្រាស់ ៣៦សងទីម៉ែត្រ ស្ថិតក្នុងរចនាបថបាយ័ន ប្រហែលពីចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ។ លោកេសូរ ឬលោកេស្វរៈនេះដែរ គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក។ ក្នុង​​ សិល្បៈខ្មែរ យើងតែងឃើញចម្លាក់ប្រភេទនេះមានព្រះហស្ត ២, ៤ ឬ៨ ដោយមានកាន់កេតនភណ្ឌ ដូចជាខ្សែផ្គាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូបព្រះពោធិសត្វ អមិតាភៈ អង្គុយភាវនានៅលើផ្នួងសក់ ដូចគ្នានឹងបដិមាប្រាជ្ញាបារមិតាដែរ។

បច្ចុប្បន្នបដិមាព្រះសិរព្រះពោធិសត្វលោកេសូរ ឬលោកេស្វរៈមួយអង្គនេះ ត្រូវបានក្រុមការងារយកមករក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន ដើម្បីធ្វើការចុះបញ្ជីនិងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ៕

ដោយហង្ស សៀក