សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាលើកទឹកចិត្ត និងគាំទ្រដល់ការសិក្សា​របស់យុវជននៅក្រៅប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សុខ  ស​ន្តិភាព ស្ថិរភាពសង្គម និងនយោបាយនៅកម្ពុជាជាង៣០ឆ្នាំមកនេះ បានផ្តល់ឱកាស​យ៉ា​ង​ច្រើនដល់យុវជនក្នុងការសិក្សារៀនសូត្រទាំងនៅក្នុង និងក្រៅប្រទេស។ ទន្ទឹមនេះ មាន​សិស្សានុ​សិ​ស្ស និងនិស្សិតជាច្រើនបានចេញទៅបន្តការសិក្សានៅឯបរទេស​លើមុខជំនាញ​ជាច្រើន ក្នុង​នោះ​រួមទាំងវិស័យកងទ័ពផងដែរ។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ០៩ ខែ តុលា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​នា​យករដ្ឋមន្ត្រីបានសរសេរថា វិស័យកងទ័ព គឺជាវិស័យដ៏មានសារៈសំខាន់បំផុត​ក្នុង​ការ​ថែ​រក្សា ​ការពារសន្តិភាព និងបូរណភាពទឹកដី ដែលតម្រូវឱ្យមានការបណ្តុះបណ្តាល​ធន​ធាន​ម​នុ​ស្ស ប្រកបដោយគុណភាពទាំងនៅក្នុងនិងក្រៅប្រទេសដែលយើង​អាចមានលទ្ធភាព​ធ្វើទៅ​បា​ន​។ សម្ដេចតេជោបានគូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបាន​លើកទឹក​ចិត្ត និងផ្តល់ឱកាសដល់យុវជនជំនាន់​ក្រោយ​ឱ្យ​ទទួលបានការសិក្សានៅក្រៅប្រទេស ដើម្បី​ស្វែងរកចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗមក​ជួ​យ​អភិវឌ្ឍន៍ប្រទេសជាតិ។ សម្ដេចតេជោ​បានលើកឡើងថា មិនថាពួកគេមានប្រភពមកពីណា ឬស្ថិតក្នុងជីវភាពគ្រួសារបែប​ណា​ ជាកសិករ អាជីវករ ឬជាមន្ត្រីរាជការ គឺពួកគេទាំងអស់សុទ្ធតែ​ត្រូវបាន​រាជរដ្ឋាភិបាល​ផ្ត​ល់​ឱកាស ជំរុញ និងលើកទឹកចិត្តឱ្យ​បានរៀនសូត្រនៅសាលាល្អៗ ​ដែលមានកម្មវិធីហ្វឹកហ្វឺន​ប្រកប​ដោយគុណភាព។ ជាក់ស្តែង ដូចយុវជនប៉ុន្មានរូបនេះគឺបានតស៊ូ និងអំណត់អត់ធន់​រៀន​សូត្រនៅបរទេស រហូតបញ្ចប់ការសិក្សា ហើយបានវិលមកកាន់មាតុប្រទេសវិញ។ ទន្ទឹម​នឹង​នោះ​ ក៏មានយុវជន យុវតីខ្មែរយើងជាច្រើនរូបទៀតដែលបាន និងកំពុងសិក្សាយ៉ាងច្រើន​នៅ​បរ​​ទេសដើម្បីស្រូបយកចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និងជំនាញមកបម្រើប្រទេស​ជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែគាំទ្រ ជំរុញ និងលើកទឹកចិត្តដល់យុវជនពីគ្រប់ស្រទាប់វណ្ណៈ ឱ្យ​ទទួលបានការ​សិក្សា​ជ្រៅ​ជ្រះ ទាំងក្នុងវិស័យកងទ័ព និងនៅក្នុងវិស័យដទៃៗទៀត​សម្រាប់​យក​​មកចូលរួមកសាង​និង​អភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើន៕

ដោយ ជឹម ណារី