មន្ទីរពេទ្យ១៦មករាខេត្តព្រះវិហារពង្រឹងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយ គុណភាពនិងភាពជឿជាក់

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ហាន់ ស្រីណា

 ភ្នំពេញ៖  មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារប្តេជ្ញាពង្រឹងសេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាពនិងភាពជឿជាក់ ដើម្បីធានាឲ្យអ្នកជំងឺទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាពសុវត្ថិភាពនិងឆាប់ជាសះស្បើយ។

លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលសុខាភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរពេទ្យបង្អែកខេត្ត១៦មករាខេត្តព្រះវិហារបន្ទាប់ពីជាប់ជាមន្ទីរគំរូប្រចាំព្រះរាជាណាចក្រកម្ពុជារួចមកមន្ទីរពេទ្យនេះនៅតែបន្តខិតខំយកចិត្តទុកដាក់ទៅលើសេវាថែទាំ និងព្យាបាលអ្នកជំងឺដោយផ្អែកលើការត្រួតពិនិត្យយ៉ាងច្បាស់លាស់ទៅលើសំណុំឯកសារអ្នក ជំងឺទើបព្យាបាលទៅតាមបច្ចេកទេសត្រឹមត្រូវ។ លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា ការអនុវត្តបច្ចេកទេសព្យាបាលដូច្នេះ គឺដើម្បីទទួលបានគុណភាព និងសុវត្ថិភាពជូនអ្នកជំងឺ ហើយធ្វើឲ្យអ្នកជម្ងឺមានភាពកក់ក្តៅ និងភាពជឿជាក់លើវិស័យសុខាភិបាលរបស់រដ្ឋ។

លោកបន្តថា មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារកំពុងតែពង្រើកសេវាថែទាំអ្នកជំងឺជាច្រើនផ្នែកបន្ថែមទៀតដូចជា ផ្នែកថែទាំមាតានិងទារក ផ្នែកច្រមុះបំពង់កត្រចៀក និងផ្នែកវះកាត់តឆ្អឹងដោយបានបំពាក់សំភារះបរិក្ខាពេទ្យទំនើបៗនិងស្តង់ដារដូចបណ្តាលប្រទេសនានា។

លោកបញ្ជាក់ថា ការពង្រើកសេវាសុខាភិបានេះមិនត្រឹមតែធានាឲ្យអ្នកជំងឺជាសៈស្បើយពីជំងឺនោះទេថែមទាំងបង្កើនភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការមកទទួលសេវាព្យាបាល ដែលឈានទៅកាត់បន្ថយការចេញទៅព្យាបាលជំងឺនៅក្រៅខេត្តឬក្រៅប្រទេសថែមទៀតផង។

សម្លេង: ដោយមានការជួយឧបត្ថមពីសម្បុសជនមកពីប្រទេសកូរ៉េឥឡូវនេះបងប្អូនប្រជាពលរដ្ឋអាចធ្វើការវះកាត់ព្យាបាលជំងឺមកព្យាបាលជំងឺច្រមុះបំពង់និងត្រចៀកនៅមន្ទីរពេទ្យបង្អែកខេត្តដោយមិនចាច់ប្រជាពលរដ្ឋទៅស្វែងរកសេវានេះនៅក្រៅខេត្តឬក្រៅស្រុកឡើយ។

លោកស្រីជា ដានី ប្រជាពលរដ្ឋរស់នៅខេត្តព្រះវិហារដែលនាំកូនមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារបានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងដែលថា មន្ទីរពេទ្យបង្អែកខេត្ត១៦មករាគឺជាមន្ទីរដែលមានភាពធំទូលាយ ហើយក្រុមគ្រូពេទ្យបានផ្តល់សេវាកម្មសុខាភិបាលប្រកបដោយទំនុកចិត្តខ្ពស់បើធៀបជាមួយនឹងគ្លីនិកឯកជន។

សំលេង:ពេទ្យមើលថែបានល្អតើតិចមកសួរសុខទុកយើងកូនយើងម៉ិចហើយក្តៅអត់អីចឹងសេវាល្អគាត់ល្អដែលហើយពេទ្យធំជាងគេហើយជឿជាក់ព្រោះអីខេត្តមានតែកន្លែងនិងពេទ្យធំជាងគេ។បើយើងទៅពេទ្យឈ្នួលពេទ្យឈ្នួលទាំងអស់សុទ្ធតែចេញពីរដ្ឋទាំងអស់ចឹងហើយមកកន្លែងនិងទៅព្រោះទុកចិត្តកន្លែងនិងជាងគេបំផុត។ សូមបញ្ជាក់ថា មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារជាមន្ទីរពេទ្យកម្រិតលេខ៣ ដែល ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣ដែលជាមន្ទីរពេទ្យគំរូប្រចាំប្រទេសកម្ពុជានៅឆ្នាំ២០១៩នេះដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល ហើយសព្វថ្ងៃមានពិនិត្យព្យាបាលជំងឺទូទៅនិងវៈកាត់ជាច្រើនទាំងកុមារ និងមនុស្សចាស់ ៕