ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្ដម​សេនីយ៍​ឯ​ក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ — នៅ​រសៀលថ្ងៃទី០៨ ​ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ​មេ​បញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្ដម​សេនីយ៍​ឯ​ក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយសេនាធិការ​ចម្រុះ​ ​អគ្គបញ្ជា​ការ​ដ្ឋាន​កង​ទ័ព​នៃ​សាធារណរដ្ឋ​​ប៉ាគីស្ថាន ​ក្នុង​ឱកាស ​ដែល​ឯកឧត្តមបាន​ដឹក​នាំ​គណៈ​ប្រតិភូ​កងទ័ពប៉ាគីស្ថានមកធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ ចំពោះគណៈប្រតិភូកង​ទ័ព​ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ឱ្យបានកាន់តែល្អប្រសើរ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រាបជូនគណៈប្រតិភូថា ចាប់តាំងពីប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាម ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់ សម្ដេច ហ៊ុន សែន មក បានធ្វើឱ្យប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ពេញលេញ នៅទូទាំង​ប្រទេស និងមានឱកាសធ្វើការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម​ក៏​បាន​ជម្រាប​ជូន​អំពី​ដំណើរការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ​ ដែល​បាន​ធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះកងទ័ពជើង​គោក​​​ក៏ត្រូវបានធ្វើការកែទំរង់ផងដែរ ដើម្បីពង្រឹងសមត្ថភាព​ គុណភាព របស់កងយោធពលខេមរភូមិន្ទឱ្យក្លាយជាកងទ័ពមួយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចការពារ អធិបតេយ្យ បូរណភាពទឹកដី ឱ្យបានកាន់ រឹងមាំ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ក្នុងកិច្ចការពារ សន្តិសុខទាំងផ្ទៃក្នុងប្រទេស ក៏ដូចជាការរួមចំណែកពង្រឹងសន្តិសុខក្នុងតំបន់ ដោយបានផ្តោតការ​យក​ចិត្ត​ទុកដាក់លើការប្រឆាំងភេរវកម្ម ដែលបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកងទ័ព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាននៅកម្ពុជានាពេលនេះ នឹងនាំមកនូវការពង្រឹងទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​ រវាងកងទ័ពទាំងពីរ កម្ពុជា-ប៉ាគីស្ថាន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

​ ឯកឧត្តម មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីក ចម្រើនយ៉ាង​ឆាប់​រហ័សនៅកម្ពុជា។ ឯកឧត្តម បានរម្លឹកឡើងវិញអំពីបេសកកម្មរក្សាសន្តិភាព របស់កងទ័ពប៉ាគីស្ថាននៅលើ​ទឹកដីកម្ពុជា​ ក្នុងសម័យអ៊ុនតាក់កាលឆ្នាំ១៩៩៣ ដែលកងទ័ពប៉ាគីស្ថានបានចូលមកជួយរក្សាសន្តិភាពនៅប្រទេសកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា ប៉ាគីស្ថាន នឹងបាននាំមកនូវការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការកសាងសមត្ថភាពកងទ័ពទាំង​ពី​ឱ្យ​មានការរីកចម្រើន ហើយកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរនឹងបានរួមចំណែកដល់ការពង្រឹង​សន្តិសុខ សន្តិភាពក្នុងតំបន់ និងពិភពលោកផងដែរ៕​

ដោយសំ សាម៉ន