មូលនិធិអភិវឌ្ឍន៍ជំនាញ បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ ដើម្បីជំរុញការអភិវឌ្ឍជំនាញប្រកបដោយគុណភាព និងស្របតាមតម្រូវការទីផ្សារ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ — ក្នុងគោលបំណង ដើម្បីជំរុញការអភិវឌ្ឍជំនាញប្រកបដោយគុណភាព និងឆ្លើយតប ទៅនឹងតម្រូវការទីផ្សារ​ ក៏ដូចជាការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើពិធីផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យ អនុវត្តន៍ជាផ្លូវការនូវគម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ។

ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់លោកស្រី Sunniya Durrani Jamal នាយកស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំកម្ពុជា​,  តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈផងដែរ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ៧,៧ភាគរយ ក្នុងមួយឆ្នាំ និងធានារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ ពិសេសការសម្រចបាននូវការកាត់ បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។ សូចនាករនេះ បានឆ្លុះបញ្ចាំងពីដំណើរផ្លាស់ ប្តូររបស់កម្ពុជា ដែលបានធ្វើឱ្យកម្ពុជាអាចរំដោះខ្លួនចេញពីប្រទេសដែ​ល​មានចំណូលកម្រិត ទាបនៅក្នុងឆ្នាំ២០១៥កន្លងទៅ និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំបន្តឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់ខ្លួន គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍវិស័យជំនាញ គឺជាអាទិភាពដ៏ចម្បងមួយ ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែលមានគោលដៅផ្លាស់ប្តូរពីសេដ្ឋកិច្ច ដែលពឹងផ្អែកលើអតិពលកម្មទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ ក៏ដូចជានយោបាយ ជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងគោលនយោបាយជាតិ ស្តីពីមុខរបរ និងការងាររបស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តមបានបន្តទៀតថា កម្ពុជាមានភាពចាំបាច់ណាស់ក្នុងការពង្រឹង ភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីអាចទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច រយៈពេលវែង។ ព្រោះថាប្រសិនបើពុំមានកំណើនទេ នោះយើងក៏នឹងមិនមានអ្វីសម្រាប់ធ្វើការបែងចែក នៅក្នុងសង្គមជាតិវិញនោះដែរ ពិសេសការកាត់បន្ថយភាពក្រីក្រ។ ជាទិសដៅយុទ្ធសាស្រ្តទៅថ្ងៃមុខ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែង គឺត្រូវការជំនាញជាចាំបាច់។ ម្យ៉ាងវិញទៀត បើយើងនិយាយអំពីកត្តានៃកំណើន (Factor of Growth) វិញ គឺកំណើនដែលយើងទទួលបានកន្លងមកភាគច្រើនបានមកតែពីកត្តាការចូលរួមកម្លាំងពលកម្ម (Labor participation) ហើយចំណែកពីកត្តាផលិតភាពការងារ (Labor productivity) មានតែមួយផ្នែកតូចប៉ុណ្ណោះ។

បច្ចុប្បន្ន ការចូលរួមរបស់កម្លាំងពលកម្ម គឺអស់លំហទៅហើយដូចនេះការរុញកំណើន ទៅថ្ងៃមុខ គឺយើងគ្មានជម្រើសអ្វីផ្សេងក្រៅពីកត្តាផលិតភាពការងារ និងការបង្កើនការ វិនិយោគ, ជំនាញ និងបច្ចេកវិទ្យា (Capital Accumulation) ព្រមទាំងការបង្កើតក្បាលម៉ាស៊ីនថ្មី និងធ្វើទំនើបកម្មក្បាលម៉ាស៊ីនចាស់ដែលមានស្រាប់នោះទេ។ ក៏ប៉ុន្តែការបង្កើនផលិត ភាពការងារទាមទារនូវការអភិវឌ្ឍជំនាញ ហើយយើងក៏មិនអាចបង្កើតក្បាលម៉ាស៊ីនថ្មី និងប្រើប្រាស់បច្ចេកវិទ្យាបានដែរ ប្រសិន​បើមិនមានជំនាញ។ ដូចនេះ ជំនាញដើរតួនាទី ធំណាស់ ក្នុងការកសាងក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដែលមានតម្លៃប​ន្ថែមខ្ពស់ ក៏ដូចជាការទាក់ ទាញឧស្សាហកម្មថ្មីៗតាមរយៈការវិនិយោគពីក្រៅប្រទេស។

ឯកឧត្តមក៏មានប្រសាសន៍ផងដែរថា រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការអភិវឌ្ឍ ជំនាញតាមរយៈយន្តការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានការបង្កើត វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស និងតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានអគារបំពាក់ដោយសម្ភារ បរិក្ខារ ពិសោធន៍ និងការដំឡើ ងបៀវត្សរ៍គ្រូបណ្តុះបណ្តាល រួមទាំងការបង្កើនថ្លៃឯកតាបណ្តុះបណ្តាល ព្រមទាំងអាហារូបករណ៍ ដើម្បីទាក់ទាញការចូលរៀនរបស់សិស្សលើផ្នែកជំនាញទៀតផង។

ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ការអភិវឌ្ឍជំនាញនៅកម្ពុជានៅតែចោទជា បញ្ហាច្រើននៅឡើយ ដូចជាភាពមិនស៊ីគ្នានៃជំនាញក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ (Skill mismatch) ពិសេសការអភិវឌ្ឍវិស័យឧស្សាហកម្ម និងគុណភាពនៃជំនាញនៅមិនទាន់ អាចឆ្លើយតបទៅនឹងតម្រូវការនៃការងារនៅឡើយ (Quality mismatch)។

ទន្ទឹមនឹងនេះដែរ ដោយសារការវិវត្តយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យាបានធ្វើ ឱ្យតម្លៃនៃជំនា​ញ​​មួយចំនួន អាចនឹងមានការផ្លាស់ប្តូរក្នុងរយៈពេលតែបួន ឬក៏ប្រាំឆ្នាំប៉ុណ្ណោះ ទន្ទឹមនឹងមានការធ្វើស្វ័​យប្រវត្តិកម្មកាន់​តែ​ច្រើន ដែលអាចគំរាមកំហែងដល់ទីផ្សារការងារ។ ម្យ៉ាងវិញទៀត កម្ពុជាក៏មានពលករចំណាកស្រុកច្រើន ហើយភាគច្រើននៃពលករ ចំណាកស្រុក ពុំមានការប្រើប្រាស់ជំនាញទេ ពោលគឺប្រើតែកម្លាំងពលកម្ម។ ទន្ទឹមនឹងនេះ ទីផ្សារការងារ និងប្រាក់ខែរវាងអ្នកគ្មានជំនាញ អ្នកមានជំនាញទាប និងអ្នកមានជំនាញខ្ពស់ នៅមិនទាន់មានភាពខុសគ្នាខ្លាំង និងមិនទាន់អាចលើកទឹកចិត្តដល់អ្នកគ្មានជំនាញ និងអ្នកមានជំនាញទាប ឱ្យកាន់តែខិតខំបង្កើនជំនាញរបស់ខ្លួនឱ្យកាន់តែខ្ពស់នៅឡើយ។ កម្ពុជាចាំបាច់ត្រូវរៀបចំនូវក្របខ័ណ្ឌ និងគោលយោបាយដ៏សមស្របមួយ ដើម្បីលើក ទឹកចិត្តដល់ការបង្កើនជំនាញ ដែលអាចជួយរួមចំណែកដល់ការបង្កើនតម្លៃ បន្ថែមឱ្យកាន់ តែខ្ពស់ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ក៏ដូចជាការបង្កើតនូវ ឱកាសជូនដល់ពលករចំណាកស្រុក ឱ្យអាចចូលរួមការបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញ និងអាចទទួលបាននូវ​ការងារ និងប្រាក់ខែសមរម្យនៅក្នុងប្រទេស។

ឯកឧត្តម វង្សី​ វិស្សុត បានគូសបញ្ជាក់ថា គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ មិនធ្វើតួនាទីជាន់គ្នា ឬធ្វើការជំនួសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ឬវិស័យឯកជនមួយចំនួន ដែលកំពុងតែធ្វើការងារពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញនោះទេ ប៉ុន្តែមូលនិធិអភិវឌ្ឍន៍ជំនាញ ជាការបើកឱកាស និងបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្តល់នូវហិរញ្ញប្បទាន តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)  និងជាថ្នាលមួយ សម្រាប់ឱ្យតួអង្គពាក់ព័ន្ធបង្កើតនូវក្របខ័ណ្ឌរួមមួយ និងអាចផ្លាស់ប្តូរទស្សនៈ និងគំនិតយោបល់ ដើម្បីបង្កើនគុណភាពនៃជំនាញនៅកម្ពុជា ក្នុងគោលដៅទាក់ទាញ ការវិនិយោគ និងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ក៏ដូចជាក្នុងគោលដៅបង្កើតធនធានមនុស្ស ប្រកបដោយជំនាញនៅកម្ពុជាឱ្យបានច្រើន ដើម្បីបង្កើនគុណភាពការងារ និងគុណភាពនៃជីវិត។

ឯកឧត្តមបន្តថា មូលនិធិអភិវឌ្ឍន៍ជំនាញត្រូវតែមានរចនាសម្ព័ន្ធគ្រប់គ្រង ប្រកបដោយវិជ្ជាជីវៈ និងមានប្រតិបត្តិការប្រកបដោយមានតម្លាភាព ហើយផ្តោតតែទៅ លើវិស័យអាទិភាពមួយចំនួន ដែលមានសក្តានុពលខ្ពស់ក្នុងសេដ្ឋកិច្ច ដូចជាកម្មន្តសាល ទេចរណ៍ និងឌីជីថលជាដើម ព្រមទាំងត្រូវរក្សាឱ្យបាននូវតុល្យភាពរវាងក្រុមហ៊ុនធំៗ ដែលមានចរិតជាយុទ្ធសាស្រ្តដល់ភាពប្រកួតប្រជែងរបស់កម្ពុជា និងសហគ្រាសធុនតូច និងមធ្យម។ ក្រៅពីការផ្តល់ហិរញ្ញប្បទាន មូលនិធិអភិវឌ្ឍន៍ជំនាញក៏ត្រូវគិតគូរផងដែរ អំពីការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជំនាញឱ្យទាន់ពេលវេលា សមស្រប តម្រូវការទីផ្សារ និងបរិការណ៍នៃសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមក៏បានស្នើសុំដល់អ្នកពាក់ព័ន្ធ ពិសេស ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមគាំទ្រដល់ការអនុវត្តគម្រោងមូល និធិអភិវឌ្ឍន៍ជំនាញនេះ។

គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមអនុវត្តន៍គម្រោងមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) ដោយបានប្រើប្រាស់ថវិការាជរដ្ឋាភិបាលចំនួន ៥លានដុល្លារអាម៉េ រិក  និងបានទទួលការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីសំណាក់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទឹកប្រាក់ប្រមាណ ១០លានដុល្លារអាម៉េរិក។ បច្ចុប្បន្នមូលនិធិអភិវឌ្ឍន៍ជំនាញ កំពុងតែសហការជាមួយដៃគូរមួយចំនួនទៀត ដូចជា IFAD និងក្រុមហ៊ុនទីប្រឹក្សា មកពីប្រទេសស្វ៊ីស។ រាជរដ្ឋាភិបាល នឹងពិនិត្យលទ្ធភាពក្នុងការបង្កើនធនធាន ថវិកាសម្រាប់គាំទ្រដល់មូលនិធិបន្ថែមទៀត ប្រសិន បើការអនុវត្តគម្រោងនេះ ទទួលបានជោគជ័យ និងមានការទាក់ទាញច្រើន ដែលបម្រើឱ្យគោលនយោបាយ របស់រាជរដ្ឋាភិបាល៕

ដោយ គង់ សិរីរ័ត្ន