ក្រសួងព័ត៌មាន រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្រ្ដីព័ត៌មានទាក់ទងនឹងព័ត៌មានឌីជីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី

ភ្នំពេញ៖ក្រសួងព័ត៌មាន រៀបចំ វគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្រ្ដីព័ត៌មានទាក់ទងនឹងព័ត៌មានឌីជីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដើម្បីឲ្យអ្នកសារព័ត៌មានទាំងរដ្ឋ និង ឯកជន រួមគ្នាទប់ស្កាត់ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ថ្លែងក្នុងពីធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្រ្ដីព័ត៌មានទាក់ទងនឹង ព័ត៌មានឌីជីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ កាលពីព្រឹកថ្ងៃទី ០៩ ខែតុលា នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានណែនាំឲ្យមន្ដ្រីក្រោមឱវាទ និងអ្នកសាព័ត៌មានត្រូវតាមដានដំណឹង និងស្វែងយល់អំពីប្រភពដំណឹងឲ្យបានច្បាស់លាស់ ដើម្បីចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ឯកឧត្ដម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាននិងជាសាស្រ្តាចារ្យផ្នែកសារព័ត៌មាននៅសកលវិទ្យាល័យកម្ពុជា និងសកលវិទ្យាល័យបញ្ញាសាស្រ្ត បានធ្វើការពន្យល់ស្តីពីព័ត៌មានក្លែងក្លាយ យ៉ាងដូច្នេះថា។
សម្លេង៖ ព័ត៌មានក្លែងក្លាយគឺជាប្រភេទព័ត៌មានរឿងពិតប្រឌិតផ្សំហើយនឹងរឿងពិតប្រឌិតទាំងស្រុង រឿងពិតប្រឌិតផ្សំបានន័យថាហេតុការណ៍នោះវាពិតមួយផ្នែកតូចទេប៉ុន្តែប្រឌិតផ្សំថែមទៀត ប្រឌិតផ្សំដូចជាអ្នកសារព័ត៌មានខ្លះគាត់ខ្ចិលទៅយកព័ត៌មានគាត់ដឹងរឿងមួយផ្នែកទៅ ហើយគាត់ប្រឌិតប្រភពព័ត៌មាន ឬក៏គាត់ក្លែងក្លាយព័ត៌មានហ្នឹងខ្ញុំថារឿងប្រឌិតទាំងស្រុងហ្នឹងបានន័យថាគាត់ធ្វើឲ្យសាធារណជននិងយល់ថារឿងនេះជារឿងពិតប៉ុន្តែគាត់ប្រឌិតទាំងស្រុងទេ ប្រឌិតនិងគោលបំណងទី ១ដោយសារគំនុំគាត់គុំគួននរណាម្នាក់គាត់ក៏ប្រឌិតរឿងហ្នឹង ហើយទី២ដោយសារផលប្រយោជន៍ផ្នែកនយោបាយទី ៣ អាចផលប្រយោជន៍ខាងសេដ្ឋកិច្ចដូចជាផ្នែកអាជីវកម្មគាត់ដេញថ្លៃអ្វីមួយទៅ អ្នកដែលមិនបានផលនូវការដេញថ្លៃនេះគាត់អាចសូកអ្នកសារព័ត៌មានឲ្យគាត់ប្រឌិតរឿងដើម្បីបរិហារកេរ្តិ៍ភាគីម្ខាងទៀត។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពមន្រ្ដីព័ត៌មានទាក់ទងនឹង ព័ត៌មានឌីជីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ មានសិក្ខាកាមចូលរួមទាំងអស់ចំនួន៧៧នាក់ ដែលក្នុងនោះមកពីស្ថាប័នរដ្ឋចំនួន៤៩នាក់ និងឯកជនចំនួន២៨នាក់៕