រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ អ្វីដែលសមត្ថកិច្ចកំពុងធ្វើជុំវិញការចាប់ខ្លួនអ្នកដែល​មានបំណងចូលរួមផ្គូលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺជារឿងត្រឹមត្រូវ

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ — ក្រុមអតីតគណបក្សប្រឆាំងជាច្រើនរូប ត្រូវបានសមត្ថកិច្ចកម្ពុជាធ្វើការចាប់ខ្លួននឹងបញ្ជូនខ្លួន ទៅតុលាការជាបន្តបន្ទាប់ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា សកម្មភាពរបស់អ្នកទាំង​នោះគឺ​ជាការចូលរួមក្នុងផែនការផ្គូលរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃកម្ពុជាបានចេញមុខការពារចំណាត់ការរបស់សមត្ថកិច្ច ហើយចាត់ទុក​ទង្វើ​របស់​ក្រុមអ្នកប្រឆាំងថាបានដើរហួសបន្ទាត់ក្រហមហើយ។ ការលើកឡើងរបស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបែបនេះ គឺធ្វើឡើង​បន្ទាប់ពីមានមតិរិះគន់មួយចំនួន ក៏ដូចជាក្រុមអតីតគណបក្សប្រឆាំងលើចំណាត់ការក្តៅរប​ស់សមត្ថកិច្ចធ្វើការចាប់ខ្លួន និងស្វែងរកចាប់ខ្លួន សកម្មជនគណបក្សប្រឆាំងដែលពាក់ព័ន្ធ​នឹងចលនាមួយដែលជាផែនការរបស់លោក សម រង្ស៊ី និងបក្ខពួក ក្នុងការគៀងគរមហាជន​ចូលរួមផ្គូលរំលំរាជរដ្ឋាភិបាលនៅពេលដែលខ្លួនវិលចូលស្រុកវិញនៅថ្ងៃទី០៩ វិច្ឆិកាខាង​មុខនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់មហាសន្និបាតអាណត្តិទី២ របស់​សមាគម​ជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចក្រឡា​ហោម ស ខេង បានគូសបញ្ជាក់ថា អ្វីដែលសមត្ថកិច្ចបាននឹងកំពុងធ្វើក្នុងពេលនេះ គឺមិនមែន​ជាការគំរាមកំហែងអ្វីនោះទេ ដែលវាផ្ទុយទៅនឹងមតិរិះគន់មួយចំនួន។ សម្តេចក្រឡាហោម​បានបន្ដថា ប៉ុន្តែដោយសារពួកគេដើរហួសបន្ទាត់ក្រហម ដែលជាការដើរតាមអតីតមេបក្ស​ប្រឆាំង ក្នុងការធ្វើរដ្ឋប្រហារ ទំលាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលជាអំពើក្បត់ជាតិ។ សម្ដេចក្រឡាហោមបានលើកឡើង វាជាធម្មតាទេ ដែលមតិលើកឡើងខុសគ្នា ហើយបើអ្នក​ទាំងនោះធ្វើសកម្មភាពគាំទ្រអ្វីដែល សម រង្ស៊ី បានសម្រេចចិត្ត​និងប្រកូកប្រកាសនោះ​គឺជារឿងខុសច្បាប់ ដូច្នេះវាមិនមែនជាការគំរាមកំហែងទៅលើសិទ្ធិបញ្ចេញមតិអ្វីនោះទេ ប៉ុន្តែវាជាការបំពានច្បាប់។

សូមជម្រាបជូនថា សមត្ថកិច្ចបាននឹងកំពុងស្វែងរក និងចាប់ខ្លួនអតីតសកម្មជនគណ​បក្ស​​សង្រ្គោះជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធនឹងការចូលរួមផ្គូលរំលំរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់​ក្រុមលោក សម រង្ស៊ី ជាបន្តបន្ទាប់ដោយគ្មានការដកថយនោះទេ៕

ដោយ ចាន់ សុធីវង្ស