សភាពាណិជ្ជកម្មអឺរ៉ុប និងភាគីរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាដោះស្រាយរាល់កង្វល់នានា​ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ — ភាគីកម្ពុជា និងតំណាងសភាពាណិជ្ជកម្មអឺរ៉ុបានប្តេជ្ញាដោះស្រាយរាល់កង្វល់នានា ដើម្បីធ្វើ​យ៉ាងណាទាក់ទាញអ្នកវិនិយោគឱ្យមកធ្វើការវិនិយោគនៅកម្ពុជា ពិសេសអ្នកវិនិយោគមកពី​សហគមន៍អឺរ៉ុប។ ការប្តេជ្ញារបស់ភាគីទាំងពីរបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងគណៈ​ប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប ដឹកនាំដោយលោក Arnaud DARC ប្រធានសភាពាណិជ្ជកម្ម អឺរ៉ុបនៅកម្ពុជាជាមួយឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការងារ និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ។

ឯកឧត្ដម ងុយ រិទ្ធ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងក្រោយជំនួបនោះថា លោក Arnaud DARC ប្រធាន​សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានលើកឡើងថា ភាគីខាងសភាពាណិជ្ជកម្មអឺរ៉ុប បាន​សម្តែង​នូវ​ការពេញចិត្តយ៉ាងខ្លាំង ចំពោះឯកឧត្ដមរដ្ឋមន្រ្តី ដែលបានខិតខំដោះស្រាយនូវបញ្ហា​នានាកន្លងមក ដែលជាកង្វល់របស់អ្នកវិនិយោគទុន និងបានសម្រួលយ៉ាងខ្លាំងដល់ការធានា​បាននូវភាពប្រកួតប្រជែងរបស់កម្ពុជា បន្តធានាបាននូវភាពទាក់ទាញវិនិយោគទុន​ថែមទៀត។ លោកក៏បានសម្តែងនូវការពេញចិត្តជាខ្លាំងនូវចម្លើយជាវិជ្ជមានរបស់ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការងារ ក្នុងការបញ្ជាក់បន្ថែមទៀតនូវចម្ងល់មួយចំនួន សម្រាប់ជាមូលដ្ឋានក្នុងការផ្តល់​ព័ត៌មានដល់អ្នកវិនិយោគទុនអឺរ៉ុប ដើម្បីឱ្យយល់កាន់តែច្បាស់ពីច្បាប់ លិខិតបទដ្ឋាន និង​គោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានេះដែរ ភាគីទាំងពីរបានប្តេជ្ញាបន្តភាពជាដៃគូ នេះបន្តទៀតក្នុងការដោះស្រាយនូវរាល់សំណូមពរ ឬកង្វល់នានា សំដៅធ្វើយ៉ាងណាឱ្យបរិយាកាសវិនិយោគនៅកម្ពុជា បន្តបានភាព​ទាក់ទាញ​ជាពិសេសដល់សហគមន៍អឺរ៉ុប។ លោក ងុយរិទ្ធបានឲ្យដឹងទៀតថាជំនួបនេះ លោកបានបន្ថែមថា សភាពាណិជ្ជកម្មអឺរ៉ុបក៏បានលើកពីអ្វីដែលក្រសួងការងារ បង្កនូវ​លក្ខណៈសម្បត្តិការងារជាច្រើនក្នុងការបង្កើនការទាក់ទាញ ទៅដល់អ្នកវិនិយោគទុន ពិសេស សហភាពអឺរ៉ុបបានពេញចិត្ដនូវអ្វីដែលជាការសម្រួលដល់បែបបទផ្សេងៗ ពាក់ព័ន្ធនឹងវិស័យ​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ។

ជាមួយគ្នានេះដែរ សភាពាណិជ្ជកម្មអឺរ៉ុបក៏ចង់ដឹងទាក់ទងនឹងការរៀបចំនៅតាមសហ គ្រាសគ្រឹះស្ថានតម្រូវឱ្យមានគិលានុដ្ឋាន ហ្វឹកហ្វឺនកូនជាង  ដំណើរការរៀបចំប្រព័ន្ធទំនើបអន​ឡាញក្នុងការអនុវត្ត​ចំពោះ​ជនបរទេសដែលប្រើប្រាស់បុគ្គលិកជាជនបរទេស។ សិក្សា អំពីច្បាប់ថ្មីៗ ដែលក្រសួងការងារអនុវត្តន៍ក្នុងនោះ ច្បាប់បេឡាជាតិរបបសន្តិសុខសង្គម។

លោក Arnaud DARC ប្រធាន​សភាពាណិជ្ជកម្មអឺរ៉ុបក៏បានលើកឡើងពីគោល បំណង​សំខាន់របស់គណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប គឺចង់សរសេរអ្វីដែល ស្នើសុំដាក់ទៅក្នុង​សៀវភៅ«ស» ដើម្បីជាមគ្គុទ្ទេសក៍មួយដល់សហគមន៍អឺរ៉ុបទាំងអស់បានយល់ដឹង​និងជាច្បាប់​ក្នុងការធ្វើអាជីវកម្ម ពាក់ព័ន្ធបទដ្ឋាននានាចំពោះការងារបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបានបន្ថែមថា សភាពាណិជ្ជកម្មអឺរ៉ុបបានពេញចិត្តចំពោះអ្វីដែលទទួលបាន​ព័ត៌មានថ្មីសម្រាប់ការចុះនៅក្នុងសៀវភៅ«ស» ហើយព័ត៌មានដែលសភាពាណិជ្ជកម្មអឺរ៉ុប ទទួល​យកព្រោះថា កន្លងមកសភា​ពាណិជ្ជ​កម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយ​ទាក់​ទាញ​អ្នកវិនិយោគទុន ពីសហគមន៍​អឺរ៉ុបមកកម្ពុជាមួយកម្រិតទៀត។ លោកបានចាតទុក វិស័យការងារ គឺវាពិតជាមានសារៈសំខាន់ស្នូល ក្នុងការងារគ្រប់គ្រងលើធនធានមនុស្ស     សម្រួលទៅលើពាណិជ្ជកម្មតែម្តង។ ក្រៅពីនេះ បើអ្នកវិនិយោគអត់យល់ពីច្បាប់គាត់មាន​ការ​បារម្ភ និងមានភាពស្រពិចស្រពិលនោះគេមិនអាចបោះទុនវិនិយោគក្នុងភាព​ប្រថុយ ប្រថាន​បាននោះទេ។ ចំពោះសៀវភៅ ស នឹងសរសេសច្បាស់លាស់​ដើម្បីប្រាប់ទៅ​ដល់អ្នក​និយោគ​ធ្វើ​យ៉ាងណាឱ្យយល់ មុននឹងធ្វើការវិនិយោគនៅកម្ពុជា។

ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួល​យកសំណើមួយចំនួន ហើយថារាល់ការអនុវត្តនូវលិខិតបទដ្ឋាន ឬច្បាប់កម្ពុជាមានលក្ខ​ខណ្ឌ​ទន់ភ្លន់ ធ្វើទៅតាមអ្វីដែលជាការបង្កកិច្ចសម្រួលពាណិជ្ជកម្ម។ ឯកឧត្ដមរដ្ឋមន្ត្រីបាន​ស្នើឱ្យ​សភាពាណិជ្ជកម្មអឺរ៉ុប ខិតខំជំរុញថែមទៀត ក្នុងភាពជា​ដៃគូជាមួយក្រសួងការងារ ដែលកន្លង​មកសភាពាណិជ្ជកម្មអឺរ៉ុបបានធ្វើការងារជាច្រើនក្នុងការធ្វើការងារធានាទៅដល់បរិយា​កាស​វិនិយោគទុនសហភាពអឺរ៉ុប។ ឯកឧត្ដមបានបញ្ជាក់​បន្ថែមថា “អីញ្ចឹងកន្លងមកជាចំណែក​មួយរបស់សភាពាណិជ្ជកម្មអឺរ៉ុបដែលបានដើរតួនាទីនេះ ហើយធ្វើការយ៉ាងល្អជាមួយក្រសួង​ការងារនិងការធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ”។

ឯកឧត្ដមបានជំរុញឱ្យសភាពាណិជ្ជកម្មអឺរ៉ុបបន្តកិច្ចសហប្រតិបត្តិការល្អ ពិសេសក្នុង ការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជាពាក់ព័ន្ធការបណ្តុះបណ្តាលធនធានមនុស្ស ការ​ហ្វឹក​ហ្វឺនកូនដែលមានក្នុងច្បាប់ការងារ ដែលជាផ្នែកមួយជំរុញឱ្យមានការបង្កើនធនធាន​មនុស្ស​ផងដែរ៕

ដោយ ប៊ុនរិទ្ធ