កិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥ នៃភាគីសន្និសីទកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន

AKP សៀមរាប ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ — កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានដំណើរការបន្តទៀតនៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប បានផ្តោតទៅលើកិច្ចប្រជុំ រដ្ឋមន្រ្តីបរិស្ថានអាស៊ានលើកទី១៥ នៃភាគីសន្និសីទកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការបំពុល ផ្សែងអ័ព្ទឆ្លងដែន។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តី បរិស្ថានអាស៊ាន បានមានប្រសាសន៍បើកកិច្ចប្រជុំដោយស្វាគមន៍ដល់រដ្ឋមន្រ្តី បរិស្ថាន អាស៊ានទាំងអស់ ដែលបានចូលរួម និងខិតខំរួមគ្នាគ្រប់គ្រងការបំពុលដោយ ផ្សែងអ័ព្ទកើត ចេញពីទន្ទ្រានដីព្រៃ និងការដុតព្រៃ។ បញ្ហានេះត្រូវបានប្រទេសអាស៊ាន ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ ហើយចូលជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងជួបពិភាក្សាតាម កម្មវិធីដែលបានគ្រោងទុកដូចជា ការពិនិត្យ និងគម្រោងផែនការគ្រប់គ្រងស្ថានភាព អាកាសធាតុ និងផ្សែងអ័ព្ទឆ្លងដែន។ ជាមួយគ្នានេះអង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើ ឯកសារទាក់ទងទៅនឹង៖ -ស្ថានភាពភ្លើងឆេះព្រៃ ផ្សែងអ័ព្ទ និងផែនការសកម្មភាពរបស់ ប្រទេសជាសមាជិកអាស៊ាន, -ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងលើការគ្រប់គ្រងផ្សែងអ័ព្ទឆ្លង ដែនក្នុងក្របខ័ណ្ឌជាតិ និងតំបន់, -ផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការ ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន,  -ការស្វែងរកមូលនិធិ ដើម្បីគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែនរបស់ អាស៊ាន, -ការធ្វើបច្ចុប្បន្នភាពនូវការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងផ្សែងអ័ព្ទឆ្លងដែន, – ការពិនិត្យរបាយការណ៍នៃកិច្ចប្រជុំក្រុមការងារអាស៊ានលើកទី៤ស្តីពីដីមមោក, -កម្មវិធីកិច្ច សហប្រតិបត្តិការជាមួយដៃគូ, -ការបង្កើតការិយាល័យ ធ្វើការសម្រាប់គណៈកម្មាធិការ ប្រតិបត្តិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត៕

ដោយ ឃុត សៅ