ស៊ីរីបដិសេធការវាយលុកដោយយោធាតួកគីក្នុងតំបន់ភាគខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩  — អនុរដ្ឋមន្ត្រីការបរទេសស៊ីរីលោក ​Faisal Makdad  បាននិយាយពីថ្ងៃអង្គារនេះថា រដ្ឋាភិបាលស៊ីរី នឹងការពារតំបន់ស៊ីរីទាំងអស់ ព្រមទាំងនឹងមិនទទួលយកនូវទម្រង់ណាមួយនៃការកាន់កាប់ដោយកងកម្លាំងបរទេស  ។

វេបសាយព័ត៌មាន al-  Watan  ស្និទ្ធរដ្ឋាភិបាលបាននិយាយពីថ្ងៃអង្គារថា លោក Mekdad បានធ្វើការកត់សម្គាល់នេះ ក្នុងការនិយាយយោងទៅរកយុទ្ធនាការយោធាតួកគីប្រឆាំងនឹងកងកម្លាំងឃឺដ នៅក្នុងតំបន់ដែលពួកឃឺដត្រួតត្រាក្នុងប្រទេសស៊ីរីភាគខាងជើង និង ភាគឦសាន្ត  ។

ជំហរនេះកើតឡើងនៅពេលដែលទូរទស្សន៍ជាតិស៊ីរីបាននិយាយពីល្ងាចថ្ងៃចន្ទថា កងកម្លាំងតួកគីបានវាយប្រហារទីតាំងនានា នៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ( SDF  ) ដឹកនាំដោយពួកឃឺដ នៅក្នុងប្រទេសស៊ីរីភាគខាងជើង និងភាគឦសាន្ត  ។

កាលពីមួយថ្ងៃមុននេះ ប្រធានាធិបតីតួកគី លោក រ៉េសេប តាយីប អែរដូហ្គាន (  Recep Tayyip Erdogan ) បាននិយាយថា ទីក្រុងអង់ការ៉ាត្រៀមបើកប្រតិបត្តិការយោធា ប្រឆាំងនឹងកងឯកភាពការពារ ប្រជាជន ( YPG ) និងសម្ព័ន្ធមិត្តរបស់ខ្លួន SDF  នៅ ខាងកើត អឺហ្វ្រាត ក្នុងប្រទេសស៊ីរីខាងជើង ក្នុងពេលណាមួយ​ ។

ប្រទេសតួកគីចាត់ទុក​ YPG និងសម្ព័ន្ធមិត្តរបស់ខ្លួន SDF ថា ជាពួកបំបែកខ្លួននិងពួកភេរវជន ដោយលើកឡើងពីការជាប់ទាក់ទងរបស់ពួកគេជាមួយបក្សពលករឃឺដ ( PKK )  ដែលត្រូវបានចុះបញ្ជីថា ជាអង្គការភេរវកម្មដោយប្រទេសតួកគី និង ស.រ.អា ព្រមទាំងសហភាពអឺរ៉ុប​ ។

កងកម្លាំងជីវពលឃឺដបាននឹងកំពុងត្រួតត្រាតំបន់ក្នុងប្រទេសស៊ីរីខាងជើង ចាប់តាំងពីដើមឆ្នាំនៃ វិបត្តិក្នុងប្រទេសស៊ីរី ដើម្បីបង្ខំឱ្យក្រុងដាម៉ាស់ទទួលស្គាល់ការគ្រប់គ្រង ឬស្វ័យភាព សហព័ន្ធមួយ សម្រាប់ពួកឃឺដក្នុងប្រទេសស៊ីរី ដើម្បីបង្ខំឱ្យក្រុងដាម៉ាស់ទទួលស្គាល់ការគ្រប់គ្រងឬ ស្វ័យភាពសហព័ន្ធមួយសម្រាប់ពួកឃឺដក្នុងប្រទេសស៊ីរីភាគខាងជើង  ។

តែយ៉ាងណាក៏ដោយពួកមន្ត្រីរដ្ឋាភិបាលស៊ីរីបាននិយាយដដែលៗថា ការធ្វើសហព័ន្ធភាវូបនីយកម្ម ពួកឃឺដក្នុងប្រទេសស៊ីរី ឬស្វ័យគ្រប់គ្រងនោះមិនអាចធ្វើទៅបានទេ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )