បណ្តាប្រទេសសហគមន៍អឺរ៉ុបថ្កោលទោសកូរ៉េខាងជើងសាកល្បងមីស៊ីល ដោយជំរុញ ឱ្យមានការពិភាក្សាប្រកបដោយអត្ថន័យជាមួយសហរដ្ឋអាមេរិក

AKP ភ្នំពេញ  ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ — កាលពីថ្ងៃអង្គារ បណ្តាសមាជិកសហភាពអឺរ៉ុបនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បាន​ថ្កោល​ទោសការបាញ់មីស៊ីលកាលពីពេលថ្មីៗនេះ របស់កូរ៉េខាងជើងថា​ ជាការរំលោភយ៉ាង​ច្បាស់​ទៅលើដំណោះស្រាយរបស់ អ.ស.ប នឹងបានជំរុញឱ្យរបបនេះ ចូលរួមក្នុងកិច្ចចរចា​នុយក្លេអ៊ែរប្រកបដោយអត្ថន័យជាមួយសហរដ្ឋអាមេរិក។ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និង ប៊ែលហ្សិក ជាពិសេសប្រទេសអេស្តូនី ​ដែលបានចូលរួម​ជាមួយ​ក្រុមប្រឹក្សានេះ កាលពីខែមករា បានចេញសេចក្តីថ្លែងការណ៍រួម បន្ទាប់​ពី​កិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខនៅទីក្រុងញូវយ៉ក។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅ អ.ស.ប លោក គីម សុង បានព្រមានសហរដ្ឋ​អាមេ​រិក និងប្រទេសចំនួនបីដែលបានស្នើសុំកិច្ចប្រជុំនេះ​មានដូចជាប្រទេសអង់គ្លេស បារាំង និង​អាល្លឺម៉ង់ថា កិច្ចពិភាក្សាអំពីវិធានការការពារខ្លួនរបស់កូរ៉េខាងជើងនឹងជំរុញបន្ថែមទៀត នូវ​បំណងប្រាថ្នារបស់យើងដើម្បីការពារអធិបតេយ្យភាពរបស់យើង។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ អ.ស.ប លោក នីកូឡាស ដឺរីវីត (Nicolas de Riviere) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទាំងបីបានស្នើសុំកិច្ចប្រជុំនេះ ដោយសារតែមាន​ការ​យក​ចិត្តទុកដាក់រួមគ្នារបស់ពួកគេ អំពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី២ ខែតុលាកន្លងទៅ នូវអ្វីដែលគេហៅថាមីស៊ីលផ្លោងឆ្លងទ្វីបប្រភេទថ្មី។

លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅពេលដែលលោកអានសេចក្តីថ្លែងការណ៍នេះ​ថា យើងសូមបញ្ជាក់ម្តងហើយម្តងទៀតនូវការថ្កោលទោសរបស់យើង ចំពោះសកម្មភាពបង្ក​ហេតុ​ទាំងនេះ ​ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ហើយពួកគេរំលោភ​យ៉ាង​​ច្បាស់​នូវ​សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ។

ដោយកត់សម្គាល់ថា ការធ្វើតេស្តិ៍ SLBM បានធ្វើឡើងបន្ទាប់ពីមានការបាញ់មីស៊ីល​ផ្លោង​រយៈចម្ងាយខ្លីជាបន្តបន្ទាប់កាលពីប៉ុន្មានខែមុន ដោយឯកអគ្គរដ្ឋទូតបានអំពាវនាវដល់​ក្រុម​ប្រឹក្សាសន្តិសុខឱ្យប្រកាន់ខ្ជាប់នូវដំណោះស្រាយរបស់ខ្លួន​ ដែលហាមប្រាមកូរ៉េខាងជើង ​មិនឱ្យប្រើប្រាស់បច្ចេកវិទ្យា មីស៊ីលផ្លោង និងអនុវត្តន៍រាល់ការដាក់ទណ្ឌកម្មលើរបបនេះ៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)