ទីភ្នាក់ងារសារព័ត៌មាន TASS និង KCNA ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី

AKP ភ្នំពេញ  ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ — អគ្គនាយក TASS លោក Sergei Mikhailov និងអគ្គនាយកទីភ្នាក់ងារព័ត៌មាន​កណ្តាល​កូរ៉េ(KCNA)លោក Kim Chan Gwang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារព័ត៌មានទាំងពីរនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃអង្គារ។

កិច្ចព្រមព្រៀងនេះ ផ្តោតលើការផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាជំនួយដល់អ្នកសារព័ត៌មាន​កូរ៉េខាងជើង និងរុស្ស៊ីដែលត្រូវបានទទួលស្គាល់នៅទីក្រុងមូស្គូ និងនៅទីក្រុងព្យុងយ៉ាង​ជាអចិន្ត្រៃយ៍។

ភាគីទាំងពីរ ក៏បានឯកភាពលើដំណើរទស្សនកិច្ចទៅវិញទៅមករបស់គណៈប្រតិភូ​ប្រចាំ​ឆ្នាំ ដើម្បីចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

កិច្ចព្រមព្រៀងដែលមានប្រសិទ្ធិភាពរវាង TASS និង KCNA រហូតមកដល់បច្ចុប្បន្ននេះ​ត្រូវបានចុះហត្ថលេខាកាលឆ្នាំ២០០៥។

លោក Mikhailov បាននិយាយថា យើងសង្ឃឹមថា​ យើង​នឹងពង្រីកការិយាល័យរបស់​យើង​នៅទីក្រុងព្យុងយ៉ាង ព្រមទាំងបើកមជ្ឈមណ្ឌល​រូបថត​នៅទី​នោះ​ ហើយកិច្ចចរចាថ្ងៃនេះ​ជាមួយ​អគ្គនាយក KCNA នឹងជំរុញក្តីសង្ឃឹមច្រើន។

នៅពេលនេះ TASS គឺជាប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីតែមួយគត់ដែលមានការិយាល័យ​អចិន្រ្តៃយ៍នៅទីក្រុងព្យុងយ៉ាង។

លោក Mikhailov បានកត់សម្គាល់ថា លំហូរព័ត៌មានមានលក្ខណៈជាសកល​ហេតុ​ដូច្នេះ​ហើយបានជាយើងត្រូវតែផ្គត់ផ្គង់ព័ត៌មានពីចំណុចផ្សេងៗនៃពិភពលោក ហើយ​ជា​ការ​ពិត​​ពីកូរ៉េខាងជើង ដែលបច្ចុប្បន្ននេះ មានការយកចិត្តទុកដាក់ជាច្រើនក្នុងការផ្តោតការ​យក​ចិត្ត​​ទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយពិភពលោក ក៏ដូចជាកម្លាំងនយោបាយ និងធនធាន ដោយលោកបានបន្ថែមថា នោះហើយជាមូលហេតុដែលវាសំខាន់ណាស់សម្រាប់យើង ​ដើម្បី​ដឹងអំពីអ្វីដែលកំពុងកើតឡើងនៅទីនេះក្នុងការរៀនសូត្រដោយផ្ទាល់ និងចែកចាយព័ត៌មាន​នេះដល់អតិថិជនរបស់យើងនៅក្នុងប្រទេសរុស្ស៊ី និងនៅទូទាំងពិភពលោក។

សម្រាប់អគ្គនាយករបស់ KCNA លោកបានលើកឡើងពីតួនាទីរបស់ TASS ក្នុងការ​រាយការណ៍ព្រឹត្តិការណ៍នៅកូរ៉េខាងជើង។ លោកបានបន្តថា ការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ​គឺ​ជាបញ្ហាសំខាន់មួយក្នុងភាពជាដៃគូរបស់ទីភ្នាក់ងារសារព័ត៌មានទាំងពីរ។

លោកបានសង្កត់ធ្ងន់ថា យើងកាន់តែមើលឃើញការផ្សព្វផ្សាយព័ត៌មានមិនពិត​នៅក្នុង​បរិយាកាសព័ត៌មាននេះ ហើយយើងត្រូវតែប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ​បែប​នេះ។ លោកបានបន្ថែមថា ខ្ញុំជឿជាក់ថា ទីភ្នាក់ងារព័ត៌មាន KCNA និងTASS ត្រូវតែចូលរួម​ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅនេះ។

ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងដោយមានវត្តមានរបស់ប្រធានទីភ្នាក់ងារសហព័ន្ធ​សារព័ត៌មាន ​និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លោក Mikhail Seslavinsky និងឯកអគ្គរដ្ឋទូតរុស្ស៊ី​ប្រចាំ​ប្រទេសកូរ៉េខាងជើងលោក Alexander Matsegora៕

(ប្រភពTASS: បកប្រែដោយលោក មាស សំអុល)