ឥណ្ឌូណេស៊ីរឹតបន្តឹងសន្តិសុខដើម្បីធានា ដល់ពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតី

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩​ — យោធា និងនគរបាលឥណ្ឌូណេស៊ីសរុបចំនួន ២៧.០០០នាក់នឹងត្រូវបានដាក់ពង្រាយដើម្បីធានាសន្តិសុខក្នុងពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូកូ វីដូដូ និងអនុប្រធានាធិបតីជាប់ឆ្នោត លោក ម៉ារូហ្វ អាមីន ដែលគ្រោងធ្វើនៅថ្ងៃទី២០ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិឥណ្ឌូណេស៊ី លោក អាសេប អាឌី សាពុតត្រា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សន្តិសុខនឹងត្រូវបានរឹតបន្តឹងពាសពេញផ្ទៃប្រទេសឥណ្ឌូណេស៊ី ជាពិសេសនៅរដ្ឋធានីហ្សាការតា។

កម្លាំងសន្តិសុខរួមគ្នានឹងត្រូវរក្សាឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតពេញមួយថ្ងៃ នៃថ្ងៃពិធីឡើងកាន់តំណែង ហើយការរឹតបន្តឹងផ្នែកសន្តិសុខនេះនឹងត្រូវដកចេញនៅថ្ងៃបន្ទាប់។

នៅមុននេះបន្តិច រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ នីតិកម្ម និងសន្តិសុខ លោក វីវ៉ាន់តូ បានចោទប្រកាន់ក្រុមមនុស្សមួយចំនួនដែលញុះញង់ឱ្យនិស្សិតធ្វើបាតុកម្មប្រឆាំងនឹងច្បាប់មួយចំនួន នឹងមានផែនការកាន់កាប់ទីស្នាក់ការរដ្ឋសភាដើម្បីរារាំងប្រធានាធិបតី និងអនុប្រធានាធិបតីពីការចូលកាន់តំណែង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)