អគ្គលេខាធិការអង្គការសហប្រជាជាតិក្រើនរំលឹកថា នៅខែវិច្ឆិកានឹងគ្មានប្រាក់បើកឲ្យមន្ត្រី និងបុគ្គលិកអ.ស.ប. ទេ

អាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គុយទែរ៉េស បាននិយាយរំលឹក កាលពីថ្ងៃអង្គារនេះថា  អង្គការសហប្រជាជាតិ នឹងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បើកប្រាក់បៀវត្សរ៍ឲ្យដល់មន្ត្រី និងបុគ្គលិករបស់ខ្លួនឡើយ ។

ថ្លែងទៅកាន់សមាជិកគណៈកម្មាធិការថវិការបស់មហាសន្និបាតអង្គការសហប្រជាជាតិ    លោកអង់តូនីញ៉ូ ហ្គុយទែរ៉េស បានបញ្ជាក់ថា    បើសិនជាលោកមិនខំប្រឹងកាត់បន្ថយការចំណាយមួយចំនួនតំាងពីខែ មករា មកនោះទេ    អង្គការសហប្រជាជាតិនឹងគ្មានប្រាក់សម្រាប់រៀបចំមហាសន្និបាតកាលពីខែ មុនឡើយ ។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ  បានថ្លែងទៀតថា ខែតុលានេះ  អង្គការសហប្រជាជាតិជួបនូវឱនភាពថវិកាដ៏ខ្លំាង មិនធ្លាប់មានក្នុងមួយទសវត្ស៍កន្លងមកនេះ ។  លោកបានបញ្ជាក់ថា  អង្គការសហប្រជាជាតិ នឹងឈានចូលខែ វិច្ឆិកា ដោយគ្មានប្រាក់បៀវត្សរ៍បើកឲ្យ​មន្ត្រី និងបុគ្គលិករបស់ខ្លួនឡើយ ។​

អត្ថបទ ឆាយ វីកាល

ប្រភព  រ៉យតឺ  (០៩.១០.១៩)