សម្តេចពិជ័យសេនាប្រធាន CAMSOC ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ — សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជា​ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ ឆ្នាំ ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅវិមានមិត្តភាព។ សម្ដេច​ពិជ័យ​សេនា​ ទៀ​ បាញ់​ ប្រធាន CAMSOC បាន​ដឹកនាំ​កិច្ចប្រជុំ ​ដើម្បី​ពិនិត្យ​មើល​ពី​លទ្ធផល​ការងារ ​ក្នុង​ត្រីមាស​ទី​៣​ និង​ទិសដៅ​អនុវត្តន៍​បន្ត​របស់ CAMSOC។ អង្គ​ប្រជុំ​ក៏បាន​ពិនិត្យមើល​ពី​ការងារ​សំខាន់ៗ​ទាំង​ក្នុង​ទាំង​ក្រៅប្រទេស​ ព្រម​ទាំង​ជំរុញ​ឱ្យ​មាន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​កាន់តែ​ល្អ​ និង​បន្តធ្វើ​ការកែទម្រង់ឱ្យ​បាន​កាន់តែ​ស៊ី​ជម្រៅ​អំពី​សហព័ន្ធ​កីឡាជាតិ ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ដើម្បី​ពង្រឹង​ពី​ការ​ហ្វឹកហាត់ ឱ្យកាន់​តែមាន​គុណភាព។ កិច្ចប្រជុំ​ក៏បាន​ស្ដាប់​របាយការណ៍​របស់​សហព័ន្ធ​កីឡា​ជាតិ ព្រមទាំង​ពិនិត្យមើល​ពី​បញ្ហា​ដែល​លំបាក និង​ស្ដាប់​ពី​សំណូមពរ​របស់​សហព័ន្ធ​ជាតិ ដើម្បី​រិះរកមធ្យោបាយដោះស្រាយ​ទៅតាម​លទ្ធភាព​ជាក់​ស្ដែង។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ជម្រាបជូនកិច្ចប្រជុំថា នៅមុនដំណាច់​ឆ្នាំ២០១៩នេះ CAMSOC នឹងទទួលបានការប្រើប្រាស់និមិត្តសញ្ញា-ឡូហ្គោស៊ីហ្គេមជាផ្លូវការ ក្រោយពីដាក់ឱ្យប្រឡងស្នាដៃ ជាសាធារណៈកាលពីពេលកន្លងទៅ។ ឯកឧត្ដមបានបញ្ជាក់ថា “សម្រាប់ឆ្នាំ២០២០ យើងមានការប្រកួត អូឡាំពិកហ្គេម នៅប្រទេសជប៉ុន ដែលយើងមិន​ផ្តោតសំខាន់ពេកទេ ដោយសារនេះ ជាការប្រកួតកម្រិតពិភពលោកកម្រិតខ្ពស់ពេក ហើយអ្វី ដែលសំខាន់បំផុត គឺការបណ្តុះបណ្តាលមន្ត្រី ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីទ្រង់​ទ្រាយធំ នៅប្រទេសចិនចន្លោះពី១១០នាក់ ទៅ១៦០នាក់ ពីខែមេសា ឆ្នាំ២០២០ រហូតដល់ឆ្នាំ​២០២៣ ដែលជាឆ្នាំស៊ីហ្គេមតែម្តង”។

ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានជម្រាប​ជូនសម្តេច​ពិជ័យសេនាប្រធានពីរបាយការណ៍វឌ្ឍនភាពការងារ CAMSOC លើ៥ចំណុចធំៗ ដូចជា ១-ការអភិវឌ្ឍធនធានមនុស្ស៖ ឯកឧត្តម បានបង្ហាញនូវការព្រួយបារម្ភនៃពេលវេលាចេះតែ​ខិត​មកជិតដល់ ហើយពេលវេលានៃការកសាងសមត្ថភាព មន្ត្រីកីឡា និងកីឡាករ កីឡាការិនី ក៏កាន់តែខ្លីទៅៗគួរឱ្យព្រួយបារម្ភដែរ ដោយ CAMSOC នៅសល់ពេល ប្រមាណ ៣ឆ្នាំ៦ខែ នៅ​ក្នុងការកសាងធនធានមនុស្សប្រកប ដោយសមត្ថភាព និងគុណវុឌ្ឍ ហើយឯកឧត្តម ក៏បាន​បង្ហាញនូវផែនការបណ្តុះបណ្តាលការហ្វឹកហាត់ នៅក្រៅប្រទេសជាបន្តបន្ទាប់។ ២-ហេដ្ឋារចនា សម្ព័ន្ធកីឡា៖ គឺបានដំណើរការសាងសង់កីឡដ្ឋានធំ “Main Stadium” នៃពហុ​កីឡ​ដ្ឋានជាតិមរតកតេជោ ដោយរលូន ហើយបច្ចុប្បន្នលទ្ធផលនៃសំណង់ទាំងមូលបាន៦០% ខណៈសំណង់ទាំងមូលនឹងរួចរាល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។

ទន្ទឹមនេះ ចំពោះភូមិកីឡា នឹង​សាងសង់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ទទួលកីឡាករ កីឡា ការិនីមន្ត្រីកីឡា SEA Games ឆ្នាំ២០២៣ ប្រមាណ៧.០០០ ទៅ ១០.០០០ នាក់។ សហព័ន្ធកីឡាបាល់ទាត់ កម្ពុជាបានស្នើសុំក្រសួងអប់រំ យុវជន និងកីឡាបំពាក់កៅអីអង្គុយ ក្នុងពហុកីឡដ្ឋានជាតិ​អូឡាំពិក ដើម្បីស្រប តាមអនុលោមភាពស្តង់ដារប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់​អន្តរ​ជាតិ FIFA។ ៣-ការងារសង្គមពាក់ព័ន្ធ៖ តាមរយៈវេទិកាជាតិលើកទី១ ស្តីពីការសម្ពោធ​កាល​បរិច្ឆេទផ្លូវការ SEA Games ឆ្នាំ២០២៣ និងការផ្សព្វផ្សាយ ព្រឹត្តិការណ៍ SEA Games-ASEAN PARA Games ឆ្នាំ២០២៣ កាលពី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅដោយរលូន និងបានជ្រួតជ្រាបយ៉ាងទូលំទូលាយលើយុទ្ធនាការ “ប្រជាជនម្នាក់ហាត់កីឡាមួយមុខ។ ជាមួយគ្នានេះ យុទ្ធ​នា​ការកម្ពុជាស្អាត និងការកាត់បន្ថយគ្រឿងញៀន-គ្រោះថ្នាក់ចរាចរ ដើម្បី ជួយលើកមុខ​មាត់កេរ្ដិ៍​ឈ្មោះកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ឆ្នាំ២០២៣។ ចំពោះចំណុចទី៤ និង ទី៥ ឯកឧត្តម​បណ្ឌិត ថោង ខុន ក៏បានលើកឡើងនូវយន្តការ សម្រាប់គណៈកម្ម ការ ជំនាញមួយចំនួន និង​យន្តការស្តីពីព្រឹត្តិការណ៍កីឡាជនពិការ ឆ្នាំ២០២៣ ផងដែរ៕

ដោយ ហេង ណាលីន រូបថត៖ ខឹម សុវណ្ណារ៉ា