រដ្ឋសភាអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រួលដល់ការវិនិយោគក្នុងសម័យថ្មី

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖រដ្ឋសភាបានអនុម័តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីសម្រួលដល់ការ​​ដោះដូរពាណិជ្ជកម្ម​សម័យ​ទំនើបឲ្យកាន់​តែមានប្រសិទ្ធិភាព។

ក្នុងសម័យប្រជុំលើកទី៣ នីតិកាលទី៦ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី០៨ ខែតុលានេះ បានអនុម័តច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករួចរាល់ហើយដោយសម្លេងគាំទ្រ១០៨លើ១០៨សម្លេង នៃសមាជិកសភាចូលរួមប្រជុំ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹក​​ជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនី​​យ​កម្ម និង​សំណង់ នៃរដ្ឋសភា មាន​​ប្រសាសន៍​ថា ច្បាប់នេះនឹងក្លាយជាបទដ្ឋានគតិយុត្តគំាទ្រដល់សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក និងជីឌីថល ចំាបាច់ត្រូវរៀបចំធ្វើបច្ចុប្បន្នភាព ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយដើម្បីឱ្យកម្ពុជាត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤នេះ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មតំណាងរាជរដ្ឋាភិបាលដែលជាអ្នកឡើងការពារសេចក្តព្រាងច្បាប់នេះ​ មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ មាន១២ជំពូក និង៦៧មាត្រា នឹងផ្តល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងក្រៅប្រទេសប្រកបដោយទំនុកចិត្ត ចំណេញពេលវេលា កាត់បន្ថយការចំណាយក្រៅផ្លូវការនិងទាក់ទាញវិនិយោគអន្តរជាតិមកបណ្តាក់ទុនរក​ស៊ីនៅកម្ពុជាកាន់តែច្រើន៕

លោកជំទាវ និន សាផុន
ឯកឧត្តម ប៉ាន សូរស័ក្តិ