មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជា សមាជិកអាស៊ានទាំងអស់ រួមគ្នាដោះស្រាយលើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់

AKP សៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ — ថ្លែងបើកកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅខេត្តសៀមរាប នាព្រឹក​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញឱ្យរដ្ឋមន្រ្តីបរិស្ថាន នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាបន្ទាន់ ដើម្បីដោះស្រាយលើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអាស៊ាន ជាពិសេសកាកសំណល់ប្លាស្ទិក។

នេះជាការគំរាមគំហែងលើប្រព័ន្ធអេកូឡូស៊ី  សុខភាព និងសុខុមាលភាព របស់ប្រជាជន ក៏ដូចជាភាពទាក់ទាញភ្ញៀវទេសចររបស់ប្រទេសនៅក្នុងតំបន់យើង។ ត្រូវរៀបចំឱ្យមានការចែករំលែកព័ត៌មាន ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័ន អនុវត្តន៍ផ្ទាល់ និងភាពជាដៃគូជាមួយប្រទេស ដែលជាប្រភពដើមនៃកាកសំណល់ ដើម្បីបញ្ឈប់លំហូរខុសច្បាប់នេះចេញពីប្រទេសដើម។

ឯកឧត្តមបានជំរុញឱ្យក្រុមការងារអាស៊ានទទួលបន្ទុកគីមី និងសំណល់ ផ្តល់អាទិភាព ក្នុងការដោះស្រាយបញ្ហានេះ និងផ្តល់នូវវិធានការជាក់លាក់មួយចំនួនក្នុងរយៈពេលខ្លីខាងមុខ ដើម្បីឆ្លើយតបនឹងបញ្ហារួមនេះ ប្រកបដោយស្មារតីសហការ និងសហប្រតិបត្តិការ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងជាប្រធានកិច្ចប្រជុំ លើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បានមានប្រសាសន៍ថា ក្រៅពីបញ្ហាខាង លើកិច្ចប្រជុំនេះ នឹងបន្តពិភាក្សាផ្លាស់ប្តូរយោបល់និងពិនិត្យឡើងវិញនូវ កិច្ចសហប្រតិបត្តិការក្នុងតំបន់លើបញ្ហាបរិស្ថានមួយចំនួន ជាពិសេសវិធានការទាក់ទង នឹងនិរន្តរភាពបរិស្ថានក្រោមសហគមន៍ផែនការវប្បធម៌អាស៊ាន ដើម្បីឈានទៅសម្រេច បាននូវគោល បំណងនៃការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសេវា កម្មជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនិងគុណតម្លៃរបស់វា ការលើកកម្ពស់ការចូលរួមជាសាធារណៈ ការវិនិយោគសាធារណៈនិងឯកជនក្នុងការគ្រប់គ្រង និងស្តារជីវៈចម្រុះដើម្បីធានាថាគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងតំបន់ត្រូវបានគាំទ្រ ដោយសកម្មភាពមូលដ្ឋាននិងដោយយុវជន និងប្រជាជន។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ មានឯកសារសំខាន់ចំនួន៣ នឹងត្រូវយកមកពិនិត្យ និងអនុម័តរួមមាន៖ ១. សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុនៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC)។ ២. សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និង ៣. សំណើសុំដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពបរិស្ថានអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់ តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាជាប្រធានកិច្ចប្រជុំ និងរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។

ចំណែកនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំលើកទី១៥ នឹងមានកិច្ចប្រជុំលើកទី១៥នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។  នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំ លើកទី១៦ នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលផ្ដោតសំខាន់ លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងអាស៊ាន និងប្រទេសដៃគូសន្ទនា។

ទន្ទឹមនឹងនេះ ក៏មានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើ វឌ្ឍនភាពការងារ សហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួច ផ្តើមសំណើថ្មីៗ រួមមានដូច ជា ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេកទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ៕

ដោយ​ ឃុត សៅ