ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលភ្ញៀវទេសចរជាង៤លាននាក់ ខណៈប្រជាជនកម្ពុជាជាង១លាននាក់ទៅកម្សាន្តក្រៅប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩​ — ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជា ទទួល​បាន​ភ្ញៀវទេសចរមកកម្សាន្តចំនួន ៤.៣៦០.៣៩៧នាក់ គឺកើនឡើង១០.៤ភាគរយ​បើធៀប​រយៈ​ពេល​ដូចគ្នាឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង៤លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន៣.១០៤.៤៨៩នាក់ ស្មើនឹង៧១.២ភាគរយ នៃចំនួន​​ភ្ញៀវសរុបដែលមានកើន១៦.៦ភាគរយ (ក្នុងនោះ ចូលតាមអាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ​ចំនួន ១.៤២៧.៤៨៧នាក់ កើន១៤.៧ភាគរយ តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១.១៨៨.២៥៤នាក់ ថយចុះ៩.១ភាគរយ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៤៨៨.៧៤៨នាក់ កើនឡើង៣៤៣.៥ភាគរយ)។

ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១.១៦០.៧៤៦នាក់ ស្មើ​នឹង​២៦.៦ភាគរយ នៃចំនួនសរុប ថយចុះ២.៩ភាគរយ និងភ្ញៀវទេសចរចូលតាមផ្លូវទឹក​មាន​ចំនួន៩៥.១៦២នាក់ ស្មើនឹង២.២ភាគរយ នៃចំនួនសរុប កើនឡើង២.៩ភាគរយ។

ជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងដែលទៅទស្សនាតំបន់អាទិភាព នៅ​ក្នុងរយៈ៨ខែ ដើមឆ្នាំនេះ គឺនៅតំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២.៨០៨.​៥៦១​នាក់ ស្មើនឹង៥៣.៨ភាគរយ នៃចំនួនភ្ញៀវសរុប កើនឡើង២៧.៤ភាគរយ។ សៀម​​រាប​អង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ១.៥៥១.៨៣៦នាក់ ស្មើនឹង២៩.២ភាគរយ នៃចំនួនភ្ញៀវ​សរុប ថយចុះ១១.១ភាគរយ។ តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៤.៥៣៧នាក់ ស្មើនឹង១៥.២ភាគរយ កើនឡើង៣៦.៥ភាគរយ។ តំបន់អេកូទេស​ចរណ៍​ភូមិ​ភាគឦសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦.៧២៣នាក់ ស្មើនឹង១.១ភាគរយ កើនឡើង៩.១ភាគរយ។ តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន​៣៦.៩៥៧នាក់ ថយចុះ៣.៣ភាគរយ។

សូមបញ្ជាក់ថា សម្រាប់រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះដែរ ក៏មានទេសចរកម្ពុជា ចេញទៅក្រៅ​ប្រទេសចំនួន ១.៣៤៧.០៦០នាក់ កើនឡើង៤.៧ភាគរយ ធៀបនឹងរយៈ​ពេលដូច​​​គ្នា​កាលពី​ឆ្នាំ២០១៨៕

ដោយ រិទ្ធី