អាជ្ញាធររាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់កាណូតទេសចរណ៍ទំាងអស់ ត្រូវបំពាក់ឧបករណ៍ ការពារសុវត្ថិភាព និងចតក្នុងចំណតតែមួយនៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យម្ចាស់កាណូត ទេសចរណ៍ទំាងអស់នៅក្នុងរាជធានី ត្រូវតែរៀបចំជលយានរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមាន ការបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជាពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិភ័យ និង ឧបករណ៍សម្រាប់ជួយសង្គ្រោះអ្នកដំណើរជាដើម ដើម្បីធានាឱ្យភ្ញៀវមានសុវត្ថិភាព ក្នុង ដំណើរកម្សាន្ត។

ការណែនាំបែបនេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នៅក្នុង កិច្ចប្រជុំស្តីពីការគ្រប់គ្រង កាណូតទេសចរណ៍នៅសាលារាជធានីភ្នំពេញ ដោយមានការចូល រួមពីអាជ្ញាធរដែនដី សមាគម ទូក កាណូតទេសចរណ៍រាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធមួយ ចំនួនទៀត។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា ការកំណត់ឱ្យម្ចាស់ កាណូតទេសចរណ៍ទាំងអស់ ត្រូវមានឧបករណ៍ការពារសុវត្ថិភាពនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យ ភ្ញៀវទេសចរទំាងអស់ដែលជិះទូកកម្សាន្តមានសុវត្ថិភាព និងសប្បាយរីករាយ។

ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រៅពីការកំណត់ឱ្យ បំពាក់ឧបករណ៍សុវត្ថិភាពនេះ ម្ចាស់ជលយានទេសចរណ៍ទំាងអស់ត្រូវតែប្រមូលផ្តុំគ្នានៅ ចំណតកំពង់ផែតែមួយ ដែលសាលារាជធានីភ្នំពេញរៀបចំជូននៅចំណតបណ្ដោះអាសន្ន មុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រី សម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូក កាណូត កម្សាន្ត ដើម្បីផ្ដល់ភាពងាយ ស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញបានបន្តថា ពាក់ព័ន្ធនឹងការងារនេះ មន្ទីរ ទេសចរណ៍ត្រូវពិនិត្យលើកិច្ចការងារនេះត្រូវលាបពណ៌ឱ្យបានដូចគ្នា ជាពិសេសនោះ អ្នកបើកបរត្រូវមានជំនាញច្បាស់លាស់ និងមានប័ណ្ណបើកបរត្រឹមត្រូវ។ ប្រធានសមាគម កាណូតទេសចរណ៍រាជធានីភ្នំពេញ បានឯកភាពទទួលយកគោលការណ៍នេះ ដើម្បីធានាឱ្យភ្ញៀវដែលជិះទូក កម្សាន្តតាមដងទន្លេសាបមានសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា លទ្ធផលនៃអង្គប្រជុំនេះបានសម្រេចឱ្យមានចំណតបណ្ដោះអាសន្ននៅ មុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដែលតម្រូវឱ្យទូក កាណូតដឹកភ្ញៀវទេសចរទាំង៦២ ត្រូវចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មក ទទួលយកភ្ញៀវដែលមានបំណងជិះកាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុង ការគ្រប់គ្រង និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ៕

ដោយ សួស សំរិត