រាជរដ្ឋាភិបាល គ្រោងបង្កើតកម្មវិធីបង្រៀនតាមប្រព័ន្ធអ៊ីនធើណែត

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ០៨ ១០ ១៩៖

រាជរដ្ឋាភិបាល គ្រោងបង្កើតកម្មវិធីបង្រៀនតាមប្រព័ន្ធអ៊ីនធើណែត ដើម្បីបង្កលក្ខណងាយស្រួលដល់សិស្សានុសិស្សដែលជួយលើកកម្ពស់គុណភាពអប់រំនៅទូទាំងប្រទេស។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡាមានប្រសាសន៍ថា ក្រសួងកំពុងពិចារណាបង្កើតឲ្យមានកម្មវិធីបង្រៀនចំណេះដឹងទូទៅតាមប្រព័ន្ធអ៊ីនធើណិត ដើម្បីបង្កភាពងាយស្រួលដល់សិស្សានុសិស្ស អាចរៀនតាមប្រព័ន្ធនេះបាន ដោយមិនចាំបាច់មានគ្រូបង្រៀនដោយផ្ទាល់ឡើយ។
ថ្លែងក្នុងពីធីធ្វើបាឋកថាសាធារណៈ ក្រោមប្រធានបទ អក្ខរកម្មឌីជីថលក្នុងបរិបទកម្ពុជាឧស្សាហកម្មទី៤ នាព្រឹកថ្ងៃទី៨ ខែតុលា នៅមជ្ឍមណ្ឌលកិច្ចសហប្រតិបត្ដិការកម្ពុជា-កូរ៉េ ឯកឧត្ដមបានបញ្ជាក់ថា ការបង្កើតឲ្យមានកម្មិធីបង្រៀនចំណេះដឹងទូទៅតាមប្រព័ន្ធអ៊ីនធើណែតនេះ ដើម្បីធ្វើយ៉ាងណាឲ្យសិស្សមានពេលវេលាសិក្សា មានចិត្ដចង់រៀន និងរៀនហើយមានភាពចងចាំ តាមរយៈការពន្យល់ ការធ្វើបទបង្ហាញ និងការដាក់រូបភាពជាក់ស្ដែង ។
ឯកឧត្ដមអំពាវនាវឲ្យសិស្សនិស្សិតទាំងអស់ត្រូវនាំគ្នាគាំទ្រ និងចូលរៀនតាមប្រព័ន្ធនេះឲ្យកាន់តែច្រើនក្រោយពេលដែលក្រសួងដាក់ឲ្យដំណើរការប្រព័ន្ធកម្មវិធីបង្រៀនចំណេះដឹងទូទៅតាមប្រព័ន្ធអ៊ីនធើណែតនេះនៅពេលខាងមុខ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឯង ក្រោយពីការសិក្សាជាមួយគ្រូផងដែរ។
កញ្ញា សេង នីតា ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកគណិតវិទ្យា បានគាំទ្រក្រសួងអប់រំដែលគ្រោងបង្កើតឲ្យមានកម្មិធីបង្រៀនចំណេះដឹងទូទៅតាមប្រព័ន្ធអ៊ីនធើណែតនេះ ដែលជួយអោយសិស្សានុសិស្សកាន់តែមានចិត្តចងរៀនបន្ថែមទៀត។
កញ្ញាបន្ដថា ការបង្កើតឲ្យមានកម្មិធីបង្រៀនចំណេះដឹងទូទៅតាមប្រព័ន្ធអ៊ីនធើណែតនេះ មានសារសំខាន់ណាស់ សម្រាប់សិស្សានុសិស្ស និងនិស្សិត ដើម្បីធ្វើឲ្យពួកគេមានពេលវេលាសិក្សាបានគ្រប់គ្រាន់ពីព្រោះសិស្សមួយចំនួន គឺមិនមានពេល និងថវិកាទៅសិក្សាបន្ថែមជាមួយលោកគ្រូ អ្នកគ្រូនោះទេ៕