រាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យសមាជិកអាស៊ានពន្លឿនការបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង ភក្តី ០៨ ១០ ២០១៩៖

 រាជរដ្ឋាភិបាលកម្ពុជា ជំរុញឲ្យសមាជិកអាស៊ានពន្លឿនការបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន ដើម្បីប្រែក្លាយផែនការសហគមន៍សង្គម-វប្បធម៌អាស៊ានឆ្នាំ២០២៥ឲ្យទៅជាផែនការសកម្មភាពកាន់តែលម្អិត សម្រាប់ជាឯកសារណែនាំក្នុងការជំរុញកិច្ច សហប្រតិបត្តិការអាស៊ានលើបញ្ហាបរិស្ថានរហូតដល់ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីបើកផ្លូវការនូវកិច្ច ប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ថ្ងៃទី៨ ខែតុលានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា តំបន់អាស៊ានទាំងមូលមិនអាចចៀសផុតពីផលប៉ះពាល់ និងហានិភ័យនៃការប្រែប្រួលអាកាសធាតុនិងគ្រោះមហន្តរាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនេះឡើយ។
ឯកឧត្តម មានប្រសាសន៍ថា «តំបន់របស់យើងត្រូវចាត់ទុកថាជាតំបន់មួយក្នុងចំណោមតំបន់នៅក្នុងពិភពលោកដែលងាយរងគ្រោះបំផុតពីគ្រោះមហន្តរាយ។ ជាក់ស្តែងឆ្នាំនេះប្រទេសសមាជិកអាស៊ានជាច្រើនបានប្រឈមនឹងគ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់និងភ្លើងឆេះព្រៃ។អាស្រ័យហេតុនេះការប្រែប្រួលអាកាសធាតុ និងបញ្ហាពាក់ព័ន្ធ នឹងបរិស្ថានគឺមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសណាមួយនោះទេ ប៉ុន្តែគឺជាបញ្ហារបស់យើងទាំងអស់គ្នា, ការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា»។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់រួមគ្នាសម្រេចឲ្យបាននូវវឌ្ឍនភាពក្នុងការចែករំលែក និងកៀរប្រភពធនធានដើម្បីប្រយុទ្ធប្រឆាំងទៅនឹងភ្លើងឆេះព្រៃ និងយុទ្ធសាស្ត្រដើម្បីបង្ការការកាបន្ថយនិងការឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងភ្លើងឆេះព្រៃ ខណៈគ្រោះមហន្តរាយដែលកើតចេញពីអាកាសធាតុមិនប្រក្រតីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ, បង្អាក់ដំណើរការខ្សែច្រវ៉ាក់នៃការផ្គត់ផ្គង់, ប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលនិងបង្កផលប៉ះពាល់ដល់ការរស់នៅនិងសុខភាពរបស់ប្រជាជនក្នុងតំបន់ទាំងមូល។ ជាមួយគ្នានេះ ក៏ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ការយល់ដឹងពីការការពារបរិស្ថាន និងរក្សារនូវការអភិរក្សជីវៈចម្រុះ តាមរយៈ ការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សរមណីយដ្ឋានដែលមានសារៈសំខាន់ក្នុងការការពារជីវៈចម្រុះ ព្រមទាំងជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការពនឿនកិច្ចសហការនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសជាសមាជិកអាស៊ាននិងដៃគូដើម្បីឆ្លើយតបឲ្យមានប្រសិទ្ធភាពចំពោះការកើនឡើងនៃសំរាមសមុទ្រ។ ឯកឧត្តម មានប្រសាសន៍ថា «អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការនិងជំរុញភាពជាដៃគូ ដើម្បីធានាចីរភាពលើគ្រប់ទិដ្ឋភាពទាំងអស់សម្រាប់អាស៊ានខណៈដែលតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងៗទៀតលើពិភពលោកកំពុងទទួលនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស»។ ឯកឧត្តម ក៏បានអំពាវនាវជំរុញកិច្ចសហប្រតិបត្តិការជាបន្ទាន់ក្នុងការដោះស្រាយលើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអាស៊ាន នឹងគំរាមគំហែងលើប្រព័ន្ធអេកូឡូស៊ី, សុខភាព, សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាភាពទាក់ទាញទេសចរណ៍របស់ប្រទេសនីមួយៗ។
ឯកឧត្តម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍នូវសំណើស្នើសុំដាក់បញ្ចូលឧទ្យានបេតិកភណ្ឌអាស៊ានចំនួន៥នៅប្រទេសមីយ៉ាន់ម៉ាថៃនិង វៀតណាម។ ទន្ទឹមគ្នានេះ ក៏គាំទ្រផងដែរនូវតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌលក្នុងតំបន់ទាំងអស់ដូចជាមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវៈចម្រុះក្នុងការគាំទ្រគំនិតផ្តួចផ្តើមថ្នាក់ជាតិ តាមរយៈការបង្កើតឲ្យមានកម្មវិធីនិងកិច្ចផ្តួចផ្តើមក្នុងតំបន់សម្រាប់ការចែករំលែកចំណេះដឹង។ ទន្ទឹមនេះ ត្រូវពង្រឹងភាពជាដៃគូជាមួយភាគីខាងក្រៅនិងទាញប្រយោជន៍ឲ្យបានច្រើនជាអតិបរមាពីភាពជាដៃគូទាំងនេះដើម្បីគាំទ្រដល់ការសម្រេចគោលដៅរបស់តំបន់ទាំងមូល។
សូមបញ្ជាក់ថា ក្រោយពិធីបើកជាផ្លូវការនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ថ្ងៃទី៨ ខែតុលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រួមជាមួយរដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងគណៈប្រតិភូតំណាងក្រសួងបរិស្ថានអាស៊ាន និងមន្ត្រី ស្ថាប័ន ពាក់ព័ន្ធ ក៏បានអញ្ជើញដាំដើមផ្កាក្រវ៉ាន់ចំនួន៥៥០ដើម និងដើមធ្នុង១០០ដើម នៅលើផ្ទៃដីសួនមុខប្រាង្គប្រាសាទអង្គរវត្ត ប្រមាណ១ហិកតា ដើម្បីបង្ហាញពីការស្រលាញ់បរិស្ថានប្រកបដោយភាពបៃតង និងបង្កើតឲ្យមានគ្រប់ជីវៈចម្រុះនៅតំបន់រមណីយដ្ឋានវប្បធម៌អង្គរ៕