សមាជិកព្រឹទ្ធសភាអាម៉េរិកលោក M cConnell អំពាវនាវឱ្យលោក Trump ទប់ស្កាត់​ជម្លោះរវាងប្រទេសតួកគី និងពួកឃឺដនៅភាគខាងជើងប្រទេសស៊ីរី

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ — មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាម៉េរិកលោក Mitch McConnell បាននិយាយ​កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវតែធ្វើការដើម្បីទប់ស្កាត់ជម្លោះណាមួយ រវាងតួកគី និងក្រុមយុទ្ធជនឃឺដ ដើម្បីការពារនូវភាពវឹកវរនៅមជ្ឈិមបូព៌ា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក McConnell បាននិយាយថា​ ខ្ញុំសូមជំរុញឱ្យ​លោក​ប្រធានាធិបតីប្រើភាពជាអ្នកដឹកនាំរបស់អាម៉េរិក ដើម្បីរក្សាសម្ព័ន្ធមិត្តពហុជាតិរួមគ្នា​ដើម្បីកម្ចាត់ក្រុម ISIS [Daesh] និងការពារជម្លោះដ៏សំខាន់ រវាងសម្ព័ន្ធមិត្តណាតូរបស់យើង និងដៃគូប្រឆាំងភេរវកម្មក្នុងតំបន់របស់យើង ។

សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋផ្សេងទៀតរួមមានលោក Ted Cruz, លោក​Marco Rubio, លោក Lindsey Graham និង លោក​ Mitt Romney ដែលជាសមាជិក​គណៈកម្មាធិការទំនាក់ទំនងការបរទេសបានរិះគន់ការសម្រេចចិត្តរបស់លោក Trump ក្នុងការ​បោះបង់ចោលកងកម្លាំងឃឺដនៅភាគខាងជើងប្រទេសស៊ីរី ដែលធ្វើឱ្យពួកគេងាយរងគ្រោះពី​ការវាយលុករបស់តួកគី។

លោក Cruz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាគួរឱ្យខ្មាស់អៀនក្នុងការ​ធ្វើខ្លួន​បែបឥត​ប្រយោជន៍ ​ខណៈពេលដែលប្រទេសទួរគីសម្លាប់ជនជាតិឃឺដ ខណៈ ដែលរបាយការណ៍សាធារណៈបានបង្ហាញថា មេដឹកនាំទួរគីលោក Erdogan បានប្រាប់យ៉ាង​ច្បាស់ដល់ប្រធានាធិបតី Trump ថា គាត់មានបំណងធ្វើ។ លោក Cruz បាននិយាយថា ជនជាតិឃឺដបានប្រថុយជីវិតរបស់ពួកគេ​អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ ដើម្បីប្រយុទ្ធជាមួយយើង។

លោក Cruz បានបន្ថែមទៀតថា ទោះបីវាជាការសំខាន់ដើម្បីចៀសវាងចាកចេញ​ពីកងទ័ពអាម៉េរិកនៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលយូរក៏ដោយ ក៏វាមានសារៈសំខាន់ផងដែរ​ដើម្បីដោះស្រាយផលប្រយោជន៍សន្តិសុខជាតិនៅក្នុងតំបន់ ដូចជាការការពារសក្តានុពល​នៃ​ក្រុមភេរវកម្ម Daesh ។ សមាជិកសភាអាម៉េរិកលោក Will Hurd អតីតមន្រ្តី CIA បាននិយាយនៅក្នុងសេចក្តី​ថ្លែង​ការណ៍មួយថា ការមិនគាំទ្រជនជាតិឃឺដ មានន័យថា ​ការប្រគល់តំបន់មជ្ឈិមបូព៌ាទៅ​ឱ្យអ៊ីរ៉ង់ រុស្ស៊ី និងតួកគី។

លោក Hurd បានបន្ថែមទៀតថា សកម្មភាពបែបនេះ នឹងបង្ហាញដល់សម្ព័ន្ធមិត្ត​អាម៉េរិក​ថា សម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក«គ្មានន័យអ្វីទាំងអស់»។ ប្រទេសតួកគីបានចាត់ទុកកងកម្លាំងឃឺដនៅក្នុងប្រទេសស៊ីរី ជាការពន្យារពេលនៃ​គណបក្ស​ពលករ​ឃឺដដែលខុសច្បាប់(PKK)។ តួកគីបានចាត់ថ្នាក់ PKK ថា ជាអង្គការភេរវករ៕

(ប្រភពSputnik: បកប្រែដោយលោក មាស សំអុល)