កូរ៉េខាងជើងព្រមានសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអ៊ឺរ៉ុបប្រឆាំងនឹង​ កិច្ចប្រជុំ អ.ស.ប ស្តីពីការធ្វើតេស្តមីស៊ីល

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ — កាលពីថ្ងៃចន្ទនេះ​ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ បាន​ព្រមាន​សហរដ្ឋ ​អាមេ​រិក​ និងបណ្តាប្រទេសនៅអឺរ៉ុប ប្រឆាំងនឹងការលើកឡើងនូវបញ្ហានៃការ​សាកល្បងមីស៊ីលថ្មីរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយនិយាយថា ​ខ្លួននឹងជំរុញរបបនេះដើម្បីការពារបន្ថែមទៀតនូវអធិបតេយ្យភាពរបស់យើង។

លោក គីម សុង (Kim Song) បានធ្វើការកត់សម្គាល់បែបនេះ ទៅកាន់អ្នកសារព័ត៌មាន​នៅឯបេសកកម្មរបស់កូរ៉េខាងជើងប្រចាំនៅ អ.ស.ប​ មួយថ្ងៃមុនពេលក្រុមប្រឹក្សាសន្តិសុខ ត្រូវបានគ្រោងបើកកិច្ចប្រជុំបិទទ្វារ ដើម្បីពិភាក្សាគ្នាពីការសាកល្បងមីស៊ីលផ្លោងរបស់របបនេះ ដែលបាញ់ដោយនាវាមុជទឹកកាលពីសប្តាហ៍មុន។ កិច្ចប្រជុំនេះ ត្រូវបានស្នើឡើងដោយប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់។

យោងតាមសារព័ត៌មានរ៉យទ័រ លោក គីម បាននិយាយថា​ យើងដឹងច្បាស់ថា សហរដ្ឋ​អាមេរិក គឺជាអ្នកនៅពីក្រោយចលនាមិនបរិសុទ្ធរបស់អង់គ្លេស បារាំង និង អាឡឺម៉ង់។ សហរដ្ឋអាមេរិក និងអ្នកដើរតាមខ្លួន គួរតែចងចាំក្នុងចិត្តថា ប្រសិនបើពួកគេលើកបញ្ហានៃ​វិធានការការពារខ្លួនរបស់យើងនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អ.ស.ប​ នាពេលនេះ វានឹង​ជំរុញបន្ថែមទៀតនូវបំណងប្រាថ្នារបស់យើងដើម្បីការពារអធិបតេយ្យភាពរបស់យើង។

នៅពេលដែលគេសួរថា តើការពារអធិបតេយ្យភាពកូរ៉េខាងជើង ពាក់ព័ន្ធនឹង​ការបាញ់​សាកល្បង មីស៊ីលបន្ថែមទៀតនោះ លោកឯកអគ្គរដ្ឋទូតបាននិយាយថាទេ ​ប៉ុន្តែបានបន្ថែម​ទៀតថា សូមមើលដោយប្រុងប្រយ័ត្ននូវអ្វីដែលយើងនឹងធ្វើនៅពេលអនាគត។

ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់បានលើកឡើងពីការរំលោភរបស់កូរ៉េខាងជើង​ទៅលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប​ ដែលហាមប្រាមរបបនេះ​ពីការប្រើប្រាស់​បច្ចេកវិទ្យាមីស៊ីលផ្លោង។

ការសាកល្បង SLBM បានកើតឡើងកាលពីថ្ងៃពុធ សប្តាហ៍មុន នៅពេលដែលមន្រ្តី​កូរ៉េខាង​ជើង និងសហរដ្ឋអាមេរិកបានបន្តការចរចាកម្រិតការងារ ស្តីពីការរំសាយអាវុធនៅក្នុង​របប​នៅឯកិច្ចប្រជុំនៅទីក្រុងស្តុកខុល(Stockholm) ប្រទេសស៊ុយអែតកាលពីថ្ងៃសៅរ៍។ កូរ៉េខាងជើងបានផ្តាច់ការចរចា ដោយស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការខកខាន​មិនបាន​ដាក់ចេញមកនូវសំណើថ្មី៕

(ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)