ឥណ្ឌូណេស៊ី ធ្វើការកែសម្រួលបទបញ្ញត្តិចំនួន ១៨ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មនិងវិនិយោគ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩​​ — កាលពីពេលថ្មីៗនេះ បណ្តាមន្ត្រីនៃប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ក្រសួងពាណិជ្ជកម្ម ឥណ្ឌូណេស៊ី នឹងធ្វើការកែសម្រួលបទបញ្ញត្តិចំនួន ១៨ ដែលត្រូវបានគេចាត់ទុកថា កំពុងរារាំងការនាំចេញ និងការវិនិយោគ។

អគ្គនាយកពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្ម លោក Indrasari Wisnu បាននិយាយថា បទបញ្ញត្តិទាំង ១៨ នោះ មានចំនួន១១ ទាក់ទងនឹងការនាំចូលខណៈដែល ៧ផ្សេងទៀតទាក់ទងនឹងការគ្រប់គ្រងការនាំចេញ។ ក្នុងចំណោមនោះ បទបញ្ញត្តិខ្លះអាចត្រូវលុបចោលវិញប្រសិនបើចាំបាច់។

លោកបាននិយាយបន្ថែមថា ក្នុងចំណោមនោះបទបញ្ញត្តិដែលកំណត់ការនាំចូលគ្រឿងម៉ាស៊ីន និងឧបករណ៍ ត្រូវបានកំណត់ដើម្បីធ្វើឱ្យប្រសើរឡើងវិញមុនពេលចប់អាណត្តិដំបូងរបស់ប្រធានាធិបតីឥណ្ឌូ-ណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ​២០១៩ ខាងមុខនេះ។

លោក Enggartiasto Lukita រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីក៏បានលើកឡើងអំពីការកែសម្រួលបទបញ្ញត្តិឆ្នាំ ២០១៨ ស្តីពីការនាំចូលទំនិញមូលធនដែលបានប្រើប្រាស់រួច។
លោកបាននិយាយថា ការកែសម្រួលបទបញ្ញត្តិទាំង ១៨ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការទទួលបានអត្ថប្រយោជន៍ពីលំហូរចូលវិនិយោគ ដែលជាលទ្ធផលនៃការប្តូរទីតាំងឧស្សាហកម្មពីបរទេស។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) ថ្មីៗនេះបានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីកំពុងតស៊ូដើម្បីទាក់ទាញការវិនិយោគបរទេសដែលកំពុងធ្វើដំណើរទៅប្រទេសជិតខាង ដូចជាវៀតណាម និងកម្ពុជា នៅពេលដែលពួកគេចាប់ផ្តើមធ្វើវិសហមជ្ឈការ និងដំណោះស្រាយគោលនយោបាយ។

ទិន្នន័យរបស់ធនាគារពិភពលោកបានបង្ហាញថា លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសសុទ្ធរបស់ឥណ្ឌូណេស៊ីមានចំនួនត្រឹមតែ ១,៩ភាគរយនៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹងចំនួន ១១,៨ភាគរយដែលបានកក់ទុកជាមុនដោយប្រទេសកម្ពុជា និង ៥,៩ភាគរយដោយប្រទេសវៀតណាម។

របាយការណ៍របស់ធនាគារពិភពលោកបានបង្ហាញថា នៅចន្លោះខែមិថុនា និងខែសីហា ក្រុមហ៊ុនចំនួន ៣៣ បានប្រកាសផែនការបង្កើត ឬពង្រីកផលិតកម្មនៅក្រៅប្រទេស ដែលនៅក្នុងនោះមានក្រុមហ៊ុនចំនួន ២៣ កំពុងចេញទៅប្រទេសវៀតណាម និងនៅសល់ចំនួន ១០ ទៀតចេញទៅប្រទេសកម្ពុជា ឥណ្ឌា ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀតជាជាងនៅប្រទេសឥណ្ឌូណេស៊ី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)