រដ្ឋបាលរាជធានីភ្នំពេញតម្រូវឲ្យម្ចាស់នាវាចរទេសចរណ៍ទំាងអស់ត្រូវបំពាក់ឧបករណ៍ការពារ សុវត្ថិភាពឲ្យបានគ្រប់គ្រាន់

វិទ្យុជាតិកម្ពុជា៖  ដោយ​លោក​ ហុក សុខរិន  និងលោក​ ចន​ ណារិទ្ធ​ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩៖

រដ្ឋបាលរាជធានីភ្នំពេញតម្រូវឲ្យម្ចាស់នាវាចរទេសចរណ៍ទំាងអស់ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ ដើម្បីធានាឲ្យភ្ញៀវមានសុវត្ថិភាពនិងភាពសប្បាយរីករាយ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖

អភិបាលរាជធានីភ្នំពេញបានកំណត់ឲ្យម្ចាស់ការណូតទេសចរណ៍ទំាងអស់ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញត្រូវតែរៀបចំជលយាន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវដោយមានការបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដូចជាពោងសុវត្ថិភាព ឧបករណ៍ពន្លត់អគ្គិសភ័យ និងឧបករណ៍ សម្រាប់ជួយសង្គ្រោះអ្នកដំណើរជាដើម។

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងការណូតទេសចរណ៍នៅរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអៈអាងថា ការកំណត់អោយម្ចាស់កាណូត ទេសចរណ៍មានឧបករណ៍ការពារសុវត្ថិភាពនេះ គឺដើម្បីធ្វើយ៉ាងណាអោយអ្នកទេសចរណ៍ ទំាងអស់ដែលជិះទូកកម្សាន្តមានភាពកក់ក្តៅ និងសប្បាយរីករាយមិនបារម្ភពីបញ្ហាគ្រោះថ្នាក់ ណាមួយកើតឡើង។ ឯកឧត្តមអភិបាលរាជធានីផ្នំពេញបានបញ្ជាក់ថា ក្រៅពីការកំណត់ឲ្យ បំពាក់ឧបករណ៍សុវត្ថិភាពនេះ ម្ចាស់ជលយាន្តទេសចរណ៍ទំាងនោះត្រូវតែប្រមូលផ្តុំគ្នានៅ ចំណតកំពង់ផែតែមួយ ដែលសាលារាជធានីភ្នំពេញ នឹងរៀបចំជូនស្ថិតបរិវេណច្រាំងទន្លេនៃ សួនច្បារខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា នេះជាការរៀបចំការណូតទេសចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ ងាយស្រួលគ្រប់គ្រង ដែលមិនបង្កផលប៉ៈពាល់ដល់ភ្ញៀវទេសចរនិង សណ្តាប់ធា្នប់សាធារណៈ។

សម្លេង«ឥលូវត្រូវមានសេចក្តីណែនាំមន្ទីរទេសចរណ៍ត្រូវពិនិត្យលើកិច្ចការងារនេះ ត្រូវលាបពណ៌យ៉ាងម៉េចអោយដូចគ្នា អ្នកបើកបរត្រូវមានជំនាញច្បាស់លាស់ ហើយមានឡាយសិនត្រឹមត្រូវ មិនត្រូវចេះតែអោយបើកទេ ពិសេសមានពោងសុវត្ថិភាព ឧបករណ៍ពន្លត់ អគ្គិសភ័យ ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវ»។

ប្រធានសមាគមកាណូតទេសចរណ៍រាជធានីភ្នំពេញបានឯកភាពទទួលយកការគោល ការណ៍នេះដើម្បីធានាឲ្យភ្ញៀវដែលជិះទូកកម្សាន្តតាមដងទន្លេសាបមានសុវត្ថិភាពខ្ពស់។ 

សូមបញ្ជាក់ថា ជាលទ្ធផលនៃអង្គប្រជុំ បានសម្រេចឲ្យមានចំណតបណ្ដោះអាសន្ននៅមុខសួនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ដែលតម្រូវឲ្យទូក កាណូតដឹកភ្ញៀវទេសចរណ៍ទាំង៦២ទូកត្រូវចូលមកចកតែមួយកន្លែង និងមានផែទូក កាណូតទេសចរណ៍នៅផ្សាររាត្រីសម្រាប់មកទទួលយកភ្ញៀវដែលមានបំណងជិះទូកកាណូតកម្សាន្ត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូក កាណូត និងលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ៕