អាជ្ញាធរខេត្តព្រះវិហារពង្រីកផែនការស្វែងរកទីផ្សារកសិផលដើម្បីលើកកំពស់ សេដ្ឋកិច្ចប្រជាកសិករ

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩៖

អាជ្ញាធរខេត្តព្រះវិហារពង្រីកផែនការស្វែងរកទីផ្សារកសិផលជូនប្រជាពលរដ្ឋដើម្បីលើក កំពស់សេដ្ឋកិច្ចប្រជាកសិករប្រកបដោយនិរន្តរភាពព្រមទាំងបង្កើននូវសេដ្ឋកិច្ចជាតិផងដែរ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ខេត្តព្រះវិហារមានអំណោយផលទៅលើវិស័យកសិកម្មដែលអាចជំរុញការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបានអៈអាងថា តាមរយៈសក្តានុពលនៃវិស័យកសិកម្មនេះអាជ្ញាធរខេត្តនឹងបន្តស្វែរកដៃគូរវិនិយោគថ្មីៗមកកាន់ខេត្តព្រះវិហារដើម្បីវិនិយោគលើដំណាំយុទ្ធសាស្រ្តសំខាន់ៗជាច្រើនមុខមានដូចជា ដំណាំស្រូវ ដំឡូងមី ស្វាយចន្ទី និងចេកជាដើមខណ:ដែលដំណាំទាំងអស់នេះកំពុងតែជួយបង្កើនជីវភាពបងប្អូនប្រជាពលរដ្ឋនិងកំពុងស្តារសេដ្ឋជាតិទៀតផង។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ការស្វែរកទីផ្សារថ្មីនិងទីផ្សារដែលមានស្រាប់នេះគឺដើម្បីដោះស្រាយតម្លៃទីផ្សារជូនប្រជាកសិករ កុំអោយផលិតបានហើយសល់ជន់ចោលឥត ប្រយោជន៍ ដែលធ្វើឲ្យខាតបងចំណូលជាដើម។
សំលេង: ខេត្តព្រះវិហារស្ថិតនៅតំបន់ខ្ពង់រាប មានជួរភ្នំ ព្រៃឈើ មានទន្លេមេគង្គ និងស្ទឹងសែន មានដីក្រហម និងដីខ្មៅ មាន ជីវជាតិល្អ លក្ខណៈភូមិសាស្ត្របែបនេះ អំណោយផលដល់វិស័យកសិកម្ម ជាពិសេសដំណាំកសិ-ឧស្សាហកម្ម ដូចជា ម្រេច កៅស៊ូ ស្វាយចន្ទី ចេក ទុរេន ដូង អំពៅ ពោត ដំឡូង ម្នាស់ ល្ពៅ ឳឡឹក ស្រូវសរីរាង្គ សណ្ដែក ល្ង បន្លែ ផ្លែឈើគ្រប់មុខ…ជាដើម។ល។
ដោយឡែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារបានឲ្យដឹងដែរថា បច្ចុប្បន្ននេះខេត្តព្រះវិហារមានក្រុមហ៊ុនជាច្រើនទាំងក្រៅស្រុកនិងក្នុងស្រុកកំពុងតែប្រមូលទិញកសិផលរបស់ប្រជាពលរដ្ឋដែលមានតំលៃស្របតាមស្តង់ដារ និងជួយបង្កើនបរិមាណដាំដុះរបស់ប្រជាពលរដ្ឋអោយមានទំហំធំជាងមុខហើយមិនបារម្មណ៍ក្នុងការលក់ចេញនោះឡើយ។
លោកបានបញ្ជាក់ថា ដំណាំដែលមានសក្តានុពលខ្លាំងនៅក្នុងខេត្តព្រះវិហារ គឺមានស្រូវសរីរាង្គ ចេក និងដំឡូងមីជាដើម ដោយមានក្រុមហ៊ុនចាំបញ្ជាទិញស្រាប់ តាមរយៈ ការធ្វើកសិកម្មតាមកិច្ចសន្យា ដែលកសិករផលិតតាមតម្រូវការមិនបារម្ភពីកង្វះទីផ្សារឡើយ។
សំលេង : ខេត្តព្រះវិហារយើងធ្វើផលិតកម្មស្រូវដែលយើងជំរុញផលិតកម្មស្រូវ ស្រូវដែលមិនមានប្រើប្រាស់សារធាតុគីមីស្រូវសរីរាង្គយើងបាននិងកំពុងជំរុញអោយមានដៃគូរចុះកិច្ច សន្យាប្រមូលទិញពីសហគមនៅក្នុងបណ្តាស្រុកខេត្តព្រះវិហារ។ដំណាំទីពីរទៀតដែលមានសក្តានុពលសំនាន់គឺដំណាំដំឡូងមីជិតបីម៉ឺនហិចតាដែលបងប្អូនកំពុងតែធ្វើការដាំដុះហើយកំពុងតែលូតលាស់ល្អហើយត្រៀមប្រមូលផលនៅខែ១២និងខែ១ខាមុខនេះ។
សូមបញ្ជាក់ថា គម្រោងស្វែងរកទីផ្សារថ្មីៗជូនដល់ប្រជាកសិករនេះគឺដើម្បីជួយប្រជាកសិករដែលធ្លាប់តែពឹងអាស្រ័យផលលើធនធានព្រៃឈើឲ្យងាកមកប្រកបមុខរបរកសិកម្មដែលធានាបានទាំងនិរន្តរភាពនិងបង្កើនជីវភាពក្រុមគ្រួសារថែមទៀតផង៕