កិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ានបើកជាផ្លូវការ ដោយផ្តោតលើការបង្កើនកិច្ចសហប្រតិបត្តិការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

វិទ្យុជាតិកម្ពុជា៖ ដោយ វ៉ាង ភក្តី ០៨ ១០ ២០១៩៖

កិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន បើកជាផ្លូវការហើយនៅព្រឹកថ្ងៃទី៨ ខែតុលានេះ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីរដ្ឋមន្ត្រីបរិស្ថាន គណៈប្រតិភូតំណាងក្រសួងបរិស្ថានអាស៊ាន និងមន្ត្រីស្ថាប័ន ពាក់ព័ន្ធនានាសរុបប្រមាណ ៤០០នាក់។
កិច្ចប្រជុំថ្នាក់តំបន់ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាបពីថ្ងៃទី៧_១០ ខែតុលា ឆ្នាំ២០១៩នេះ ផ្តោតសំខាន់បង្កើនកិច្ចសហប្រតិបត្តិការចូលរួមទប់ស្កាត់ការងារប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការងារអភិរក្សធនធម្មជាតិ ជាដើមនេះ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា និងជាប្រធានកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន មានប្រសាសន៍ថា កិច្ចប្រជុំនេះ នឹងបន្តពិភាក្សាផ្លាស់ប្តូរយោបល់និងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់លើបញ្ហាបរិស្ថានមួយចំនួន ជាពិសេសវិធានការទាក់ទង នឹងនិរន្តរភាពបរិស្ថានក្រោមសហគមន៍ផែនការវប្បធម៌អាស៊ាន ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនៃការលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃសេវាកម្មជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីនិងគុណតម្លៃរបស់វា ការលើកកម្ពស់ការចូលរួមជាសាធារណៈ ការវិនិយោគសាធារណៈនិងឯកជនក្នុងការគ្រប់គ្រងនិងស្តារជីវៈចម្រុះ ដើម្បីធានាថាគោលនយោបាយនិងយុទ្ធសាស្ត្រក្នុងតំបន់ត្រូវបានគាំទ្រដោយសកម្មភាពមូលដ្ឋាននិងដោយយុវជន និងប្រជាជន។
សូូមបញ្ជាក់ថា នៅថ្ងៃទី២ នៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន មានឯកសារសំខាន់ចំនួន ៣ នឹងត្រូវយកមកពិនិត្យ និងអនុម័ត រួមមាន (១) សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុនៅ កិច្ចប្រជុំកំពូលលើកទី ២៥ នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC) (២) សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន និង (៣) សំណើសុំដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា សរុបចំនួន ៥ ទៅជាឧទ្យានបេតិកភណ្ឌអាស៊ាន។ ក្នុងក្របខណ្ឌនៃកិច្ចប្រជុំនេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់ ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពបរិស្ថានអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់ តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន ដែល ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជាជាប្រធានកិច្ចប្រជុំនិងរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។
ចំណែកនៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៩ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំលើកទី១៥ នឹងមានកិច្ច ប្រជុំលើកទី ១៥ នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំលើកទី១៦ នៃ រដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងអាស៊ាន និងប្រទេសដៃគូសន្ទនា។ ទន្ទឹមនឹងនេះ ក៏មាន រៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើ វឌ្ឍនភាពការ ងារ សហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួច ផ្តើមសំណើថ្មីៗ រួមមានដូច ជា ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេក ទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ៕