អាជ្ញាធរខេត្តស្ទឹងត្រែងនិងអង្គការដៃគូរៀប យន្តការអភិរក្សកន្ធាយក្បាលកង្កែប ( ហៅថាល្មិច )

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្ដស្ទឹងត្រែង៖

អាជ្ញាធរខេត្តស្ទឹងត្រែងនិងអង្កការសមាគមន៍អភិរក្សសត្វព្រៃហៅកាត់ថា ( W C S ) រៀបយន្តការ ពង្រឹងសមត្ថភាពមន្ត្រីសហគមន៍ នេសាទដើម្បីធ្វើការ អភិរក្សសត្វកន្ធាយក្បាលកង្កែប ( ហៅថាល្មិច )ដែលជាប្រភេទសត្វកម្រជិតផុតពូជ នៅទន្លេមេគង្គលើ ជាលើកដំបូង ក្នុងស្រុកសៀមបូកខេត្តស្ទឹងត្រែង ។
នៅក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រងនិងអភិរក្ស(កន្ធាយក្បាលកង្កែប )នៅសណ្ថាគាររស្មីពេជ្រ កាលពីថ្ងៃទី០៧តុលា កន្លងមកនេះ លោក ជា ថាវរិទ្ទ អភិបាលរងខេត្តខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ផ្តើមចេញពីការជួបជុំគ្នានេះមន្ត្រីសហគមន៍នេសាទពេលទៅមូលដ្ឋានវិញ សូមផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអ្នកធ្វើនេសាទក្តី ប្រកបរបរដាំជុះតាមច្រាំងទន្លេមេគង្គក្តី ត្រូវជួយអភិរក្ស កន្ធាយក្បាលកង្កែប នេះប្រសិនបានជួបប្រទះវា ហាមចាប់យកមកធ្វើចំណីអាហារ។
លោក ចាប សៀក ហេង នាយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ នៃរដ្ឋបាលជលផល បាន បញ្ជាក់ ថា៖ នេះជាប្រភេទសត្វស្ថិត នៅក្នុងពពួកជិតផុតពូជ ហើយជាង១០ឆ្នាំកន្លងមកនេះ រដ្ឋបាលជលផលបានសហការជាមួយអង្គការដៃគូធ្វើការអភិរក្សទុក ដូចជាសត្វផ្សោតដែរ .
យើងបានសហការជាមួយអង្កការWWFធ្វើការងារទៅលើបញ្ហាផ្សោតចាប់ពីខេត្តក្រចេះ រហូតដល់ព្រំប្រទល់ឡាវ ខេត្តស្ទឹងត្រែង សហការណ៍ជាមួយអង្កការ WCS ធ្វើទៅលើការងារអភិរក្សប្រភេទអណ្តើក នៅតំបន់ស្រែអំបិល និងខេត្តកោះកុង ជាពិសេសខេត្តព្រះសីហនុ ហើយនឹងកន្ធាយក្បាលកង្កែបនៅស្រុកសំបូរខេត្តក្រចេះ និងស្រុកសៀមបូក ។
លោក កែន សេរីរដ្ឋា នាយកអង្គការ (WCS ) បានទទួលស្គាល់ ថា៖ សត្វកន្ធាយក្បាលកង្កែប ត្រូវបាន សកលលោក ចាត់ទុកជាប្រភេទសត្វដ៍កម្រ ហើយនៅប្រទេសកម្ពុជាយើងមាន នៅក្នុងខេត្តកោះកុង ព្រះសីហនុ ក្រចេះ និងខេត្តស្ទឹងត្រែងដែលយើងកំពុងអភិរក្ស ។ លោកបន្តរថា ៖ គម្រោង អភិរក្សនេះអង្គការ WCSនិងគាំទ្រផ្នែកបច្ចេកទេសនិងឧបករណ៍ សម្ភារៈ បម្រើឱ្យមធ្យោបាយប្រើប្រាស់សម្រាប់ធ្វើល្បាត ព្រោះសត្វប្រភេទនេះវាមានប្រយោជន៍ដល់វិស័យទេសចរណ៍.
នេះជាធនធានមានសារៈសំខាន់សំរាប់ខេត្តទាំងមូលក្នុងការជំរុញ លើកកំពស់ឲ្យមានសក្តានុពលទៅលើវិស័យទេសចរណ៍ដែលជាការទាក់ទាញមួយដ៏មានសារៈសំខាន់ ។អញ្ចឹងជាឱកាសមួយលើកកំពស់ការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តជាប់ព្រំប្រទល់ឡាវរបស់យើងនេះ ខណៈដែលយើងរៀបចំគម្រោងនេះឲ្យមានប្រសិទ្ធភាព ។
លោកអង ខាំហ្វង់ ប្រជាអ្នកនេសាទនៅភូមិកោះក្រូច ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានប្តេជ្ញាចូលរួមជាមួយ ផែនការនេះ ព្រោះប្រជាពលរដ្ឋមានតួនាទីក្នុងការថែរក្សាធនធានជីវចំរុះទាំងឡាយក្នុងទឹកនិងលើគោគផងដែរ ។ លោកទទួលស្គាល់ថា៖សត្វកន្ធាយក្បាលកង្កែប ហៅល្មិច មាននៅសេសសល់តិចតួចណាស់ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាអ្នកនេសាទបានជួបប្រទះខ្លះដែរ ជាពិសេសនៅរដូវប្រាំងវារស់នៅតាមតំបន់វាលខ្សាច់និងមានអ្នកនេសាទខ្លះចេះតែចាប់យកមកធ្វើជាអាហារ។
សូមបញ្ជាក់ថា៖គម្រោងអភិរក្ស កន្ធាយក្បាលកង្កែប នេះ រដ្ឋបាលជលផលសហការជាមួយអង្គការ (WCS )និងអង្គការផ្សេងៗទៀតបានអនុវត្តចាប់ពីឆ្នាំ២០០៧នៅក្នុងខេត្តចំនួន៤មានខេត្តកោះកុង- ព្រះហនុ- ក្រចេះ-និងខេត្តស្ទឹងត្រែង ដែលមានកន្ធាយក្បាលកង្កែបរស់នៅ៕