រដ្ឋសភាកំពុងពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩–សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកចំនួន១២ជំពូកនិង៦៧មាត្រានិងជា សេចក្តីព្រាងច្បាប់សំខាន់មួយត្រូវបានរដ្ឋសភាបានលើកយកមកពិភាក្សានៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ ។

សេចក្តីព្រាងច្បាប់នេះមាន១២ជំពូក ៦៧មាត្រា ត្រូវបានសមាជិករដ្ឋសភាចំនួន១០៩រូបបានលើកមកពិភាក្សា និងអនុម័តក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៣ នីតិកាលទី៦នៃ រដ្ឋសភាក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។

លើកឡើងក្នុងអង្គប្រជុំ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងផ្តល់វិធានជាមូលដ្ឋានដ៏សំខាន់ក្នុង ការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងនិងក្រៅប្រទេសប្រកប ដោយទំនុកចិត្ត តាមរយៈ ការទទួលស្គាល់សុពលភាព អានុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និង កិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការទទួលស្គាល់យថាភូតភាព នៃ កំណត់ត្រាអេឡិចត្រូនិកនិងហត្ថលេខាអេឡិចត្រូនិក ដែលកំណត់ដោយបច្ចេកវិទ្យា និងគ្រប់គ្រងដោយ ស្ថាប័នរដ្ឋ។

ឯកឧត្តមបាបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពជា ដោយហេតុថា ក្របខ័ណ្ឌច្បាប់និងបទដ្ឋានគតិយុត្តិ នានា ដែលគាំទ្រដល់ សកម្មភាព និងប្រតិបត្តិការតាមប្រព័ន្ធ អេឡិចត្រូនិកនិង ឌីជីថល ចាំបាច់ត្រូវរៀបចំនិងធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថល រឹងមាំមួយ ព្រមទាំងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។

ជាងនេះទៅទៀត សេចក្តីព្រាង ច្បាប់នេះ នឹងផ្តល់លទ្ធភាពឱ្យសហគ្រាសធុនតូចនិងមធ្យម (SMEs) នៅកម្ពុជា អាចភ្ជាប់ខ្លួននៅនឹងខ្សែ សង្វាក់ផលិតកម្មនិង ទីផ្សារក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជាជំឱ្យមានការច្នៃប្រឌិតនិង ការបង្កើតទំនិញ និង សេវាថ្មីៗបន្ថែមទៀតផងដែរ។ សូមជម្រាបថាសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានគណៈ រដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុង សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩៕

ដោយ អ៊ាង ប៊ុនរិទ្ធ