កិច្ចប្រជុំពិភាក្សា ពិនិត្យលើសំណើសុំគោលការណ៍អនុញ្ញាតធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ នៅស្រុកស្ទឹងហាវ

AKP ខេត្តព្រះសីហនុ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩–ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សា ពិនិត្យលើសំណើសុំអនុញ្ញាតធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋទំហំប្រមាណ ១.៦០០ហិកតា មានទីតាំងស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាដីកម្មសិទ្ធិអចិន្ត្រៃយ៍របស់ក្រុមហ៊ុន ធនិន ថារិទ្ធ អ៉ឹមផត អិចផត ខូអិលធីឌី និងក្រុមហ៊ុន Central Gain Cambodia Co,Ltd និងសុំអនុញ្ញាតបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រា ប់អភិវឌ្ឍន៍ស្របតាមទិសដៅ និងគោលនយោ បាយរបស់រាជរដ្ឋាភិបាល នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ។

កិច្ចប្រជុំលើសំណើសុំគោលការណ៍អនុញ្ញាតធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានការចូលរួមពីលោកប្រធានមន្ទីរទាំង៣ មានមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរឧស្សាហកម្ម និងថាមពល មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ការិយាល័យជំនាញសាលាខេត្តព្រះសីហនុ និងលោកអភិបាលស្រុកស្ទឹងហាវ ។

តាមការលើកឡើង និងការបញ្ជាក់របស់លោកប្រធានមន្ទីរជំនាញទាំង៣ និងលោកអភិបាលស្រុកស្ទឹងហាវរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ឱ្យបង្កើតក្រុមការងារមួយដែលមានសមាសភាពចូលរួម ពីក្រុមហ៊ុន មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន ដើម្បីចុះសិក្សា ស្រាវជ្រាវទីតាំងដីស្នើសុំធ្វើអនុប្រយោគរបស់ក្រុមហ៊ុន ធនិន ថារិទ្ធ អ៉ិមផត អិចផត ខូអិលធីឌី និងក្រុមហ៊ុន Central Gain Cambodia Co,Ltd ពាក់ព័ន្ធជាមួយដីរបស់លោក ស្រី ឡុង សាខន ដីប្រជាពល រដ្ឋ និងដីកម្មសិទ្ធិរបស់រដ្ឋក្នុងឃុំឬទ្ធី២ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី ​