សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិកម្ពុជាស្ដីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧ ដល់ ២០៣០

AKP កំពង់ធំ ថ្ងៃទី៨ ខែតុលា  ឆ្នាំ២០១៩– មន្ទីរសង្គមកិច្ច អតីតយុវជននិងយុវនីតិសប្បទាខេត្តកំពង់ធំបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិកម្ពុជាស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧ដល់ឆ្នាំ២០៣០ក្រោមអធិបតីភាព ឯកឧត្ដមញឹក បានខេង អភិបាលរងខេត្តកំពង់ធំនិងមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង/ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធទាំង ៣និងចាស់ព្រឹទ្ធាចារ្យសរុបប្រមាណជាង២០០នាក់កាលពីព្រឹកថ្ងៃចន្ទ៩កើតខែអស្សុជឆ្នាំកុរឯកស័ក ព.ស២៥៦៣ត្រូវនិងថ្ងៃទី ៧ខែតុលាឆ្នាំ២០១៩។

ឯកឧត្តម ញឹក បានខេង បានមានប្រសាសន៍លើកឡើងថា​ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដោយផ្ដោតទៅលើការគាំពារសម្រាប់មនុស្សចាស់នៅកម្ពុជាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពួកគាត់។ ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃប្រជាពលរដ្ឋនិងដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ម្យ៉ាងវិញទៀតការធានាបែបនេះគឺផ្ដល់ឱកាសដល់មនុស្សវ័យចាស់អាចចូលរួមដោយសេរីនិងថ្លៃថ្នូរក្នុងគ្រួសារ សហគមន៍ក្នុងសកម្មភាពសេដ្ឋកិច្ច សកម្មភាពសាសនានិងសកម្មភាពនយោបាយតាមបំណងប្រាថ្នារបស់ពួកគាត់។ប្រជាជនវ័យក្មេងក៏ត្រូវទទួលបានចំណេះដឹង និងជំនាញដែលអាចអនុញ្ញាតឱ្យពួកគាត់រស់នៅប្រកបដោយផលិតភាព សុខភាពល្អនឹងមានសេចក្តីថ្លៃថ្នូរនៅពេលពួកគាត់ឈានដល់វ័យចំណាស់។

ឯកឧត្ដម ញឹក បានខេង បានបន្តទៀតថាគោលនយោបាយនេះបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយដោយលើកកម្ពស់និងកែលម្អគុណភាពជីវិតរបស់មនុស្សចាស់។គោលនយោបាយនេះបានផ្ដោតសំខាន់ទៅលើអាទិភាពសំខាន់ៗចំនួន៩ ចំណុចគឺ១. សន្តិសុខហិរញ្ញវត្ថុ ២.សុខភាពនិងសុខុមាលភាព ៣.របៀបរបបរស់នៅ ៤. បរិស្ថានអំណោយផល ៥.វ័យចាស់សកម្មនិងសហគមន៍មនុស្សចាស់ ៦.ទំនាក់ទំនងអន្តរជំនាន់ ៧.ការមិនរំលោភបំពានការមិនអើពើនឹងអំពើហិង្សាលើមនុស្សចាស់ ៨.ស្ថានភាពមានអាសន្ន ៩.ការត្រៀមខ្លួនរបស់មនុស្សវ័យក្មេងឈានចូលវ័យចាស់។​ ឯកឧត្ដមញ៉ឹក បានខេង បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ត្រូវខិតខំនិងយកចិត្តទុកដាក់ពង្រឹងពីតួនាទីនិងភារកិច្ចរបស់ខ្លួននៅតាមមូល​​​ ​   ដ្ឋាន​ឱ្យបានរីកចំរើនល្អប្រសើរឡើង។ សហការជាមួយអាជ្ញាធរភូមិឃុំពីអត្ថប្រយោជន៍និងផ្សព្វផ្សាយបន្ថែ​មពីគោលនយោបាយជាតិកម្ពុជាស្ដីពី មនុស្សវ័យចាស់ឱ្យដល់ស្រទាប់យុវជន៕

ដោយ ស៊ុម វណ្ណា