បង្កាន់ដៃអសុរា និងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង កំពុងដំណើរការ ជួសជុលជិតរួចរាល់ហើយ

AKP សៀមរាប ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ -ចម្លាក់បង្កាន់ដៃអសុរា និងទេវតាទ្រនាគនៅខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ ដែលបានដំណើរ ការជួសជុលអស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា បាន​ដំណើរការដោយរលូន និងជិតរួចរាល់ហើយ បើគិតរហូតមកទល់នឹងថ្ងៃ ទី០៧​ខែតុលា​ឆ្នាំ២០១៩នេះ។

លោក ឃាម មុនី ស្ថាបត្យករនៃនាយកដ្ឋានអភិរក្សប្រាសា​ទក្នុងឧទ្យានអង្គរ​ និងបុរាណ វិទ្យាបង្ការ និងជាប្រធានគម្រោងជួសជុលបានឱ្យដឹងថា ដំណើរការគម្រោងជួសជុលចម្លាក់ បង្កាន់ដៃអសុរាទ្រនាគ(លេខ០១) និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំងនេះ បាន ចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែមេសាឆ្នាំ២០១៩មក ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ។ លោកបានបញ្ជាក់ថា ជិតមួយឆ្នាំកន្លងមកនេះ ដំណើរការ ជួស ជុលបានប្រព្រឹត្តទៅយ៉ាងរលូន និងបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការចូលរួមពី ស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមការងារអភិរក្សថ្ម ពលករ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីដំណើរការពិភាក្សាឱ្យការជួសជុលសមស្របទៅតាមតម្លៃបេតិកភណ្ឌខ្មែរនិងច្បាប់អន្តរជាតិ។

លោកបានបន្ដថា ក្រុមការងារបានលម្អិតខ្លាំងទៅលើរូបនាគ និងមេទ័ពអសុរា(លេខ០១) ព្រោះរូបនេះ មានហានិភ័យខ្ពស់ដោយសារវាដួលទាំងស្រុង រូបប្រេះបែកពីគ្នា ព្រះកេសបែក របេះធ្លាក់ថ្ម ព្រមទាំងគ្រឹះរបស់រូបផងដែរ ដោយសារកត្តាធម្មជាតិ មានបរិយាកាស ទឹកភ្លៀង លំហូរច្រោះដី កត្តាមនុស្សដោយការបំផ្លាញ និងការលំញ័ររបស់យានយន្តដែលឆ្លងកាត់។

គួរបញ្ជាក់ថា ចម្លាក់អសុរា និងទេវតាទ្រនាគនៅខ្លោងទ្វារដីឆ្នាំង គឺជាទីតាំងសំខាន់ដែល​ទេសចរឆ្លងកាត់ឥតដាច់ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌ​ដ៏មហាអស្ចារ្យ​មួយនេះឱ្យបានល្អ ដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះ និងអាច​បង្កើនកន្លែងទស្សនាដល់ទេសចរបានច្រើន។ លើសពីនេះទៀត វាជាការផ្តល់ឯកសារប្រវត្តិ​សាស្ត្រ​ជាសំខាន់បំផុតនៃការជួសជុលចម្លាក់មួយនេះ ដើម្បីឱ្យភ្ញៀវទេស​ចរនិងអ្នកសិក្សា ស្រាវ​ជ្រាវទាំងបច្ចុប្បន្ន និងអនាគតបានឃើញ បានសិក្សាជាប្រយោជន៍ ពិសេសគឺលើក​តម្លៃស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនដែលបានបន្សល់ស្នាដៃដ៏ល្អឯកសម្រាប់កូនចៅខ្មែរជំនាន់ក្រោយនេះ និងលើកតម្លៃអ្នកដឹកនាំជំនាន់ថ្មីដែលបានយកចិត្តទុកដាក់ក្នុង​ការថែរក្សា​សម្បត្តិដូនតា។

លោក ដួង ដឿម អាយុ៥៩ឆ្នាំ ជាកម្មករជំនាញ រស់នៅក្នុងភូមិនគរក្រៅ សង្កាត់​គោកចក ក្រុងសៀមរាប ដែលមានអាជីពជាអ្នកជួសជុលប្រាសាទក្នុងតំបន់អង្គរ​ជាង២០ឆ្នាំ​ហើយ ផ្នែករៀបថ្មប្រាសាទ​ និងចម្លាក់និងដាប់ថ្ម បានសម្ដែងនូវការសប្បាយចិត្ត​ដែលលោក​បានរួមចំណែកក្នុងកិច្ចការបេតិកភណ្ឌដូនតា។ លោកបានស្នើសុំឱ្យក្មេងៗជំនាន់ក្រោយ​ជួយ​ថែរក្សានិងបន្តការរៀនសូត្រ ព្រោះបើអត់ពីចាស់ៗទៅ គឺវិជ្ជាទាំងឡាយនឹងបាត់​បង់ហើយ។  ចំពោះលោក ឡយ លឿម អាយុ៥៣ឆ្នាំ ធ្វើការនៅតំបន់អង្គរជាង២០ឆ្នាំដូចគ្នាដែរ និងមាន​ជំនាញដាប់ថ្ម តថ្មក៏សប្បាយចិត្តណាស់ដែរ ដែលបានជួសជុលចម្លាក់ថ្មអសុរា ព្រោះជា​របស់បុរាណដែលត្រូវថែរក្សា វាមិនជាការលំបាកនឿយហត់ទេ ក្នុងការបំពេញការងារនេះ។ លោកបានបន្ថែមថា “ខ្ញុំចង់បន្តការងារនេះ ដើម្បីទុកជាស្នាដៃដល់កូនចៅជំនាន់ក្រោយឱ្យពួក​គេ​បានឃើញ បានស្គាល់ និងជួយថែរក្សាមរតកវប្បធម៌ខ្មែរទាំងអស់គ្នា”៕

ដោយ ហង្ស សៀក