ឯកឧត្តម សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែកជំនាន់ទី២

AKP កំពង់ឆ្នាំង ថ្អៃទី០៧ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធី បិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែកជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជំរាយ នាថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា «ថ្ងៃនេះ ខ្ញុំមានមោទនភាព និងមានក្តីសោមនស្សរីករាយក្រៃលែង បន្ថែមពីស្នាដៃ សមិទ្ធផល ដែលកងរាជអាវុធហត្ថសម្រេចបាន២៦ឆ្នាំកន្លងមក ដែលទើបនឹងធ្វើពិធីប្រារព្ធខួបនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងទៅ ក្រោមអធិបតីភាពរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តទៀតថា កាលពីថ្ងៃទី០១ ខែតុលា វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ទើបបានធ្វើការបើកវគ្គបណ្តុះបណ្តាលបញ្ជាការសេនាធិការ ដែលមានរយៈពេល១២ខែ ជាលើកដំបូង នៃការធ្វើកំណែទម្រង់ ពីសាលាកងរាជអាវុធហត្ថកំបូល ដំឡើងកម្រិតទៅជាវិទ្យាស្ថាន។ ថ្ងៃនេះយើងបានប្រារព្ធពិធីបិទវគ្គបំប៉នជំនាញរថពាសដែក ឆ្នាំ២០១៩ ដែលជាជំនាញមួយ ក្នុងរចនាសម្ព័ន្ធកងរាជអាវុធហត្ថ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «បើតាមទស្សនៈរបស់ខ្ញុំផ្ទាល់ ក៏ដូចជា ការពិសោធន៍ ដើម្បីធ្វើឱ្យកងទ័ពមួយមានសមត្ថភាព ធានារ៉ាប់រងដោយជោគជ័យ តួនាទី ភារកិច្ច ចាំបាច់ណាស់នូវលក្ខខណ្ឌមួយចំនួនមានដូចជា៖ ទី១. ត្រូវមានរចនាសម្ព័ន្ធចាត់តាំងច្បាស់លាស់ សមស្រប និងស្ថានភាពសង្គម សេដ្ឋកិច្ច ភូមិសាស្ត្រ និងសំណូមពរភារកិច្ច។

ទី២. មានធនធានមនុស្ស ប្រកបដោយគុណភាពគឺៈ ស្មោះត្រង់ ប្រជាជនស្រលាញ់ គាំទ្រ ផ្ទៃក្នុងមានធ្លុងសាមគ្គីឯកភាពនិងមានវិន័យថ្លៃថ្នូរ។ ទី៣. មានមធ្យោបាយ ឧបករណ៍ សម្ភារបរិក្ខារបំពាក់សមស្រប។ ទី៤. មានការអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន និងទី៥. មានរបៀបរបបធ្វើការ ម៉ឺងម៉ាត់ច្បាស់លាស់។ យោងលើទស្សនៈនេះហើយ កងរាជអាវុធហត្ថ បានយកចិត្តទុកដាក់ធ្វើកំណែទម្រង់ ហើយក្នុងការធ្វើកំណែទម្រង់ បានយកការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺន ធ្វើជាមូលដ្ឋានក្នុងការកសាងកងរាជអាវុធហត្ថ ដើម្បីធានារ៉ាប់រងដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ ការអនុវត្តនូវតួនាទី ភារកិច្ចស្នូលរបស់ខ្លួន។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ទៀតថា សម្រាប់វគ្គបំប៉នជំនាញរថពាសដែក ដែលធ្វើពិធីបិទវគ្គថ្ងៃនេះ តាមរយៈរបាយការណ៍លោកនាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ និងការទស្សនាដោយផ្ទាល់នូវការបង្ហាញក្នុងនាម កងរាជអាវុធហត្ថ ខ្ញុំសូមធ្វើការកោតសរសើរ ការប្រឹងប្រែង សិក្សារៀនសូត្ររបស់សិក្ខាកាម ការបង្ហាត់បង្រៀនរបស់យោធាចារ្យ ការងារគ្រប់គ្រងចាត់ចែងរបស់មជ្ឈមណ្ឌល និងគ្រប់ផ្នែកពាក់ព័ន្ធ ជាមួយនឹងការវាយតម្លៃខ្ពស់នូវលទ្ធផលរួម ដែលវគ្គបំប៉នទាំងមូលសម្រេចបាន។

ជាមួយគ្នានោះ  ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់កងរាជអាវុធហត្ថទាំងអស់ ត្រូវប្តូរផ្តាច់ការពារច្បាប់រដ្ឋធម្មនុញ្ញ ការពារសន្តិភាព ឯករាជ្យ បូរណភាព អធិបតេយ្យភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់ ដើម្បីកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ការពារសិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ដោយអនុវត្តន៍ទិសស្លោក “ចំពោះប្រទេសជាតិ ត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប”។ យើងជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងមូល ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ៕

ដោយ សំ សាម៉ន