គម្រោងសាងសង់អគារថ្មីរបស់ មជ្ឈមណ្ឌលច្រមុះ ត្រចៀក បំពង់កនៅកម្ពុជា​នឹងត្រូវចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៩នេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលាឆ្នាំ ២០១៩ — ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់ជំនួយឥតសំណងចំនួន៨លាន​ដុល្លារ​អាម៉េរិក ​​ដើម្បីសាងសង់អគារថ្មីនៃមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT Center)នៅកម្ពុជា នាចុងឆ្នាំ២០១៩នេះ។ នេះបើយោងតាម​នាយករងនៃទីភ្នាក់ងារ KOICA ប្រចាំនៅកម្ពុជា លោក កាង វ៉ាងវូក។

លោក កាង វ៉ាងវូក បានគូសបញ្ជាក់ថា អគារថ្មីនេះ នឹងចាប់ផ្តើមសាង​សង់​នៅចុងខែធ្នូ ឆ្នាំ២០១៩ ឬនៅដើមឆ្នាំ​២០២០ខាងមុខ​ ហើយគម្រោងនេះនឹងត្រូវសាងសង់​លើ​ផ្ទៃដី​ជាង​៤.០០០ម៉ែត្រក្រឡា​ នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង។ លោកបានលើកឡើង​ថា មជ្ឈ​មណ្ឌលត្រចៀក ច្រមុះ បំពង់ក (ENT Center)​​ អគារមួយខ្នងដែល មានកម្ពស់​៥ជាន់ នឹង​ត្រូវសាងសង់នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ហើយត្រូវបានបំពាក់នូវសម្ភារទំនើបបំផុត​ចាំបាច់​នានា ដើម្បីពិនិត្យ ព្យាបាល និងវះកាត់ធ្វើយ៉ាងណា ដើម្បីបង្កើនគុណភាព​សេវា​កម្ម ក្នុង​មន្ទីរពេទ្យឱ្យល្អប្រសើរមួយកម្រិតទៀត។

ជាមួយគ្នានេះ ក្រៅពីការលើកកម្ពស់​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជ​បណ្ឌិតជំនាញឯកទេស និង​បុគ្គលិកទាំងអស់ នឹងត្រូវបាន បង្កើនសមត្តិភាព តាមរយៈកម្មវិធី​បណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ៕

ដោយ អ៊ុន រិទ្ធី