ក្រុមមន្ត្រីបរិស្ថានអាស៊ានព្រួយបារម្ភពីការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០៧ ១០ ២០១៩៖


ក្រុមមន្ត្រីបរិស្ថានអាស៊ានព្រួយបារម្ភពីការបំពុលដោយផ្សែងអ័ព្ទឆ្លងដែន ខណៈប្រទេសក្នុងអនុតំបន់មេគង្គកំពុងរងការបំពុលដោយផ្សែងអ័ព្ទ និងទាមទារឲ្យមានការចូលរួមដោះស្រាយពីប្រទេសជាសមាជិក។
ក្រុមឧត្តមមន្ត្រីបរិស្ថានអាស៊ាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានលើកការជជែកអំពីវិធានការលើការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន ដែលបណ្តាលមកពីការភ្លើងឆេះព្រៃ ស្របពេលថ្មីៗនេះ មានភ្លើងឆេះព្រៃនៅប្រទេសឥណ្ដូនេស៊ី និងមានការបំពុលខ្យល់នៅក្នុងប្រទេសថៃ។
ការលើកយកប្រធានបទនេះមកជជែកពិភាក្សានេះ ធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន មុនកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅខេត្តសៀមរាប នៅថ្ងៃទី៨ ខែតុលា ដែលនឹងមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្រ្តី និងគណៈប្រតិភូទាំង១០ប្រទេសអគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីបរិស្ថានមកពីប្រទេសចិន ជប៉ុន កូរ៉េ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយបញ្ចប់កិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាននេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា រាល់យន្តការនានាស្តីពីគ្រប់គ្រងការឆ្លងដែនផ្សែងអ័ព្ទនឹងត្រូវជជែកពិភាក្សាក្នុងក្របខណ្ឌរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ដើម្បីរកដំណោះស្រាយក្នុងកិច្ចសហប្រតិបត្តិការគ្នា ក៏ដូចជារៀបចំបទប្បញ្ញត្តិ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងវិធានការជាក់លាក់រវាងប្រទេស រដ្ឋសមាជិកអាស៊ាន ក្នុងការបង្ការ និងទប់ស្កាត់ពីការបំពុលផ្សែងអ័ព្ទឆ្លងដែនពីការភ្លើងឆេះព្រៃ។
«ដែលផ្សែងអ័ព្ទឆ្លងដែននេះ ក៏ជាបញ្ហាមួយត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះដែរ ហើយ បញ្ហានេះនឹងដាក់ចូលទៅក្នុងកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថាន ដើម្បីពិនិត្យថា តើយើងត្រូវរក យ៉ាងម៉េច ដើម្បីធ្វើការគ្រប់គ្រងឲ្យបានល្អទៅលើការបំពុលផ្សែងអ័ព្ទឆ្លងដែននេះ ព្រោះថា នៅក្នុងឆ្នាំ២០១៩នេះ យើងឃើញមានបញ្ហាពីរដែលកើតឡើងពាក់ព័ន្ធនឹងផ្សែងអ័ព្ទឆ្លងដែន ដែលប្រទេសថៃ មានភាគល្អិតPM2.5ហ្នឹង គឺជាភាគល្អិតតូចៗនៅក្នុងបរិយាកាស ហើយវាកើតឡើងខ្លាំងដោយសារតែ ការបំពុលផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ បញ្ហាមួយទៀត គឺកាលពីថ្មីៗនេះ មានភ្លើងឆេះព្រៃ នៅប្រទេសឥណ្ដូនេស៊ី ក៏ជាផ្នែកមួយធ្វើឲ្យប្រទេសផ្សេងៗហ្នឹងមានការលើកឡើងថា ធ្វើឲ្យមានផល ប៉ះពាល់ដល់បរិយាកាសរបស់ពួកគាត់ដែរ។ ចឹងប្រទេសជាសមាជិក នឹងលើកឡើងនូវបញ្ហាទាំង អស់នេះ ដើម្បីជាយន្តការរួមមួយ ដោះស្រាយ គ្រប់គ្រងទៅលើការបំពុលផ្សេងអ័ព្ទឆ្លងដែន»។
រដ្ឋជាសមាជិកអាស៊ាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន កាលពីខែមិថុនា ឆ្នាំ២០០២ និងចូលជាធរមាននៅខែវិច្ឆិកា ឆ្នាំ២០០៣ ដើម្បីរួមគ្នាទប់ស្កាត់បញ្ហាឆ្លងដែននៃផ្សែងពុល និងកាត់បន្ថយភ្លើងឆេះព្រៃ តាមរយៈការផ្លាស់ប្តូរព័ត៌មាននិងបច្ចេកវិទ្យា និងការផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក។
កិច្ចព្រមព្រៀងនេះ ស្របពេលប្រទេសនៅក្នុងអនុតំបន់មេគង្គ ដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិជាច្រើន ដូចជាតំបន់ដីសើម ទឹកសាប តំបន់ដីមមោក តំបន់ឆ្នេរសមុទ្រ ធនធានព្រៃឈើ ធនធានជលផល និងធនធានរ៉ែ ជាដើមនេះ កំពុងទទួលរងផលប៉ះពាល់ពីការពង្រីកផ្ទៃដីកសិកម្ម ការពង្រីកទីក្រុង ការរីកលូតលាស់របស់វិស័យឧស្សាហកម្ម ការប្រើប្រាស់ធនធានធម្មជាតិហួសកម្រិត ជាពិសេសការបំពុលផ្សែងអ័ព្ទឆ្លងដែន ដោយសារភ្លើងឆេះព្រៃ៕