ផ្កាក្រវ៉ាន់ជាង៥០០ដើម នឹងត្រូវដាំនៅសួនមុខអង្គរតូច ក្នុងអំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបរិស្ថានអាស៊ាន

វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ០៧ ១០ ២០១៩៖

 ផ្កាក្រវ៉ាន់ជាង៥០០ដើម នឹងត្រូវដាំនៅសួនមុខអង្គរតូច ក្នុងអំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបរិស្ថានអាស៊ាន ដើម្បីបង្ហាញពីការស្រលាញ់បរិស្ថានប្រកបដោយភាពបៃតង និងបង្កើតឲ្យ គ្រប់ជីវៈចម្រុះនៅតំបន់ដែលជាបេតិកភណ្ឌដ៏អស្ចារ្យរបស់ជាតិកម្ពុជាមួយនេះ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា ដាំដើមផ្កាក្រវ៉ាន់ចំនួន៥៥០ដើម និងដើមធ្នុង១០០ដើម នឹងត្រូវដាំនៅលើផ្ទៃដីទំហំ១ហិកតា នៃសួននៅមុខ ប្រាសាទអង្គរតូច ដោយរដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងមន្ត្រី តំណាងមកពីក្រសួងបរិស្ថានអាស៊ាន និងអគ្គលេខាធិការអាស៊ាន ក្រោយពីបើកកិច្ចប្រជុំលើកទី១៥ នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ានជាផ្លូវការ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលាស្អែកនេះ។
ឯកឧត្តម មានប្រសាសន៍ថា គោលបំណងនៃការដាំដើមផ្កាក្រវ៉ាន់ចំនួន៥៥០ដើម និងដើមធ្នុង១០០ដើម គឺដើម្បីបង្កើននូវជីវៈចម្រុះឲ្យបានច្រើន សំដៅការពារដល់លំនឹងបរិស្ថាន និងប្រព័ន្ធអេកូ ឡូស៊ី។
កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី៧-១០ខែតុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ ដោយមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្រ្តី និងគណៈប្រតិភូទាំង១០ប្រទេសអគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីបរិស្ថានមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង។
បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា បានឲ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ក៏មានការដាក់បញ្ជូលនូវឧទ្យានជាតិចំនួន៥ ដែលមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងប្រទេសវៀតណាម ជាឧទ្យានជាតិបេកភណ្ឌអាស៊ាន បន្ទាប់ពីកាលពីខែកញ្ញា ឆ្នាំ២០១៧ របស់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន បានផ្ដល់ពានរង្វាន់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន និងវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត ដែលបានឆ្លងកាត់ការវាយតម្លៃ និងជ្រើសរើសដោយគណៈកម្មការដែលមានសមាសភាពពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ក្នុងនោះខេត្ដកែបរបស់ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាជ័យលាភីសម្រាប់ ពានរង្វាន់និរន្ដរភាពបរិស្ថានទីក្រុងអាស៊ាន ខណៈខេត្ដពោធិសាត់ ត្រូវបានផ្តល់វិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត៕