គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុសាសន៍UPR ជុំទីបីឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ យី វិច្ឆិកា ០៧ ១០ ២០១៩៖

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុសាសន៍ UPR ជុំទីបីឆ្នាំ២០១៩ ដើម្បីការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋ ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាហៅកាត់ថា គ.ស.ម.ក និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា សហការរៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទីមួយ ស្តីពីការផ្សាព្វផ្សាយនិងដាក់ឲ្យអនុវត្តពិនិត្យជា សកលតាមកាលកំណត់ UPR ជុំទីបី រយៈពេលមួយថ្ងៃកន្លះគឺនៅថ្ងៃទី ០៩ និងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩  នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ 

សេចក្តីប្រកាសព័ត៌មានបានអោយដឹងថា សិក្ខាសាលានេះ រៀបចំឡើងដោយមានសមាសភាពចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន តំណាងក្រសួងស្ថាប័នរដ្ឋ តំណាងអង្គទូត សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ ចំនួនសរុបប្រមាណជាង ២០០ នាក់ ។ សិក្ខាសាលានេះមានដូចជា ១,បង្កើនការយល់ដឹងអំពីយន្តការ UPR និងការចូលរួមរបស់កម្ពុជា ជាមួយដំណើរការ UPR នេះដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់  ២,ធ្វើការបែងចែកនិងកំណត់អនុសាសន៍ទាំង ១៧៣ ដល់ក្រសួងស្ថាប័នទទួលបន្ទុកដើម្បីអនុវត្ត និងទី៣,ផ្តល់វេទិកាដល់ក្រុមអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ចូលរួមនិងផ្តល់យោបល់ ក្នុងការបែងចែកនិងដាក់ឲ្យអនុវត្តអនុសាសន៍ទាំង ១៧៣នេះ។

   ប្រភពបន្តថា នៅថ្ងៃទីមួយសិក្ខាសាលានឹងធ្វើការផ្សព្វផ្សាយអនុសាសន៍ UPR ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងពិភាក្សាបែងចែកអនុសាសន៍ដល់ក្រសួងពាក់ព័ន្ធដើម្បីអនុវត្ត និងថ្ងៃទីពីរ គឺផ្តោតលើការរៀបចំផែនការប្រតិបត្តិក្នុងការអនុវត្តអនុសាសន៍ ១៧៣ ដោយមានការចូលរួមធ្វើបទបង្ហាញនិងណែនាំពីអ្នកជំនាញរបស់អង្គការ UPR Info មកពីទីក្រុងហ្សឺណែវផងដែរ ៕