ឯកឧត្ដម វ៉ា ថន អញ្ជើញប្រគល់អណ្តូងស្នប់ជាជំនួយអង្គការ CBN កម្ពុជា ចំនួន២ ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកចិត្របុរី

AKP ក្រចេះ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញប្រគល់អណ្តូង ស្នប់ចំនួន២ ជាអំណោយរបស់អង្គការCBN កម្ពុជា ដល់ប្រជាពលរដ្ឋចំនួន២ឃុំ គឺឃុំសំបុក និងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩។

ពិធីប្រគល់អណ្តូងស្នប់នេះត្រូវបានគេរៀបចំឡើងនៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្តតំណាងមន្ទីរ ស្ថាប័នរាជការក្នុងខេត្ត សហការីអង្គការCBN កម្ពុជា លោក លោក ស្រីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។

លោក នៅ រតនា តំណាងអង្គការ CBNកម្ពុ ជា បានបញ្ជាក់ថា អង្គការ CBN កម្ពុជាបានចាប់ ដៃគូអភិវឌ្ឍមូលដ្ឋានជាមួយអាជ្ញាធរខេត្តក្រចេះ តាំងពីឆ្នាំ២០០៦ រហូតដល់ បច្ចុប្បន្នក្នុងគោលដៅធំ គឺការចូលរួមចំណែកសហការជាមួយរាជរដ្ឋាភិបាលដើម្បីការរស់នៅ របស់ប្រជាជនកម្ពុជាបានល្អប្រសើរឡើង តាមរយៈការខិតខំផ្ដល់ជំនួយសង្រ្គោះបន្ទាន់ និង យកចិត្តទុកដាក់ចំពោះ ភាពក្រីក្រ ផ្ដល់ការពិនិត្យ និងព្យាបាលជំងឺព្រមទាំងផ្ដល់ការអប់រំផង ដែរ។ លោកតំណាងអង្គការ CBN កម្ពុជាបញ្ជាក់ថា ចំពោះសកម្មភាពលើការអភិវឌ្ឍអណ្ដូង ទឹកស្អាតចាប់តាំងពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្នកសាងបានចំនួន ១២០អណ្ដូង ជូនឱ្យប្រជា ជនក្នុងតំបន់ដាច់ស្រ យាលដែលពុំមានទឹកស្អាតប្រើប្រាស់។

នៅក្នុងពិធីផ្តល់អណ្តូងស្នប់ និងជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋនា ឱកាស នោះឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ ថ្លែងអំណរ គុណចំពោះអង្គការ CBN កម្ពុជា ដែលបានអភិវឌ្ឍ និងជួយគិតគូរពីការលំបាកក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងទឹកដីខេត្តក្រចេះនេះ។

ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា បញ្ហាសុខភាពគឺជាកត្តាដ៏សំខាន់សម្រាប់ជីវិត រស់នៅរបស់មនុស្សគ្រប់រូប ហើយត្រូវបានគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ច កាលសម្តេចតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខការលំបាក់គ្រប់បែបយ៉ាង ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការបក្សនយោបាយអ្វីឡើយ ជាពិសេសគឺ មិនទុកឱ្យ ប្រជាពលរដ្ឋណាម្នាក់រងទុក្ខវេទនាដល់បាត់បងជីវិតដោយ ពុំបានដឹងនោះឡើយ និងសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងមានជីវភាពកាន់តែល្អប្រសើរ ស្របពេល ដែលប្រទេសជាតិកំពុងតែមានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់ មិនត្រឹមតែ ប៉ុណ្ណោះ សម្តេចបានដឹកនាំឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពយ៉ាង ពេញលេញ ពេញផ្ទៃប្រទេសទៀតផង។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម វ៉ា ថន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវជំរុញកូនចៅឱ្យ ទៅសាលារៀនបានគ្រប់ៗគ្នាហើយត្រូវចេះថែរក្សាសុខភាពក្នុង ការរស់នៅប្រកបដោយអនាម័យ និងបរិស្ថានល្អ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀនជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរឱ្យបានល្អ ចេះមានការប្រុងប្រយ័ត្នខ្ពស់បង្ការកុំឱ្យកើតមាន គ្រោះអគ្គិភ័យកើតឡើងជាពិ សេសបច្ចុប្បន្នអ្វីដែលយើងកំពុងព្រួយបារម្ភ គឺបញ្ហាគ្រោះធម្ម ជាតិផ្សេងៗដែលកើតឡើងជាយថាហេតុ៕

ដោយ ជួន សុជាតិ