សម្ដេចតេជោ ហ៊ុន សែន បន្តជំរុញលើកទឹកចិត្តដល់សិស្សនិទ្ទេស A ឱ្យប្រឹងប្រែងសិក្សាបន្តទៀត

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ — ជាមួយនឹងមោទនភាព និងកោតសរសើរចំពោះជ័យលាភីសិស្សនិទ្ទេស A ចំនួន ៤៤​៣​នា​ក់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមកនោះ ប្រមុខរា​ជ​រ​ដ្ឋា​ភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តជំរុញលើកទឹក​ចិត្ត​ ដ​ល់​សិស្សនិទ្ទេស A ឱ្យប្រឹងប្រែងសិក្សាបន្តទៀតឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីក្លាយ​ជា​ធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមជាតិ។

ក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូ​មិ​« និន្ទេស A »សម័យប្រឡង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩  ចំនួន ៤៤៣នាក់ នាព្រឹកថ្ងៃចន្ទ ៩​កើត ខែអស្សុជ ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅ​វិមា​ន​ស​ន្តិភាព សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានសម្ដែងនូវមោទនភាពយ៉ាងខ្លាំង ចំពោះការ​ខិ​ត​​ខំប្រឹងប្រែងរបស់កូនក្មួយ និងចៅៗ ទាំងអស់ដែលបានខិតខំប្រឹងប្រែង​រៀនសូត្រទទួល​បាន​និ​​ទ្ទេស (A) នាពេលនេះ ហើយក៏បានពាំនាំនូវការផ្តាំផ្ញើ​ នូវ​ព្រះ​​រាជបណ្តាំផ្ញើសាកសួរសុខ​ទុក្ខ​រប​ស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះ​​មហាក្សត្រ នៃព្រះរាជាណាចក្រ​ក​ម្ពុ​ជា ជូនចំពោះចៅៗ ដែលទទួលបាននិន្ទេស(A)ទាំ​ងអស់ផងដែរ។

សម្តេចតេជោ  ក៏បាន​កោ​តសរសើរចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបាន ខិតខំសម្រ​បសម្រួល​ក្នុងការ​ប្រ​ឡ​ងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូ​មិ នៅទូទាំង ប្រទេសឆ្នាំនេះ ទទួលបានលទ្ធផលគួរជាទី​មោ​​​​ទ​នៈ ព្រមទាំងបានកោតសរសើរ ចំពោះសិស្សនារី ដែលបានប្រឡងជាប់ច្រើន​ជាង​បុ​រ​ស​​ស​ម្រា​ប់ឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ​ក្រសួងអប់​រំយុ​វ​ជ​ន​ និ​ង​កី​ឡា មន្ទីរអប់រំនៅតាមបណ្តាខេត្តនានា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សទាំងអស់ ដែ​លបានរួមចំណែកនាំមកនូវភាពជោគជ័យសម្រាប់​ក្មួយៗ និងចៅៗ និងថ្លែងអំណរគុណ​ និ​ង​​កោតសរសើរដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរ សហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នក​ពាក់​ព័ន្ធ​ទាំងអស់ដែលបានចូលរួមវគ្គបំប៉នដល់សិស្សានុសិស្សកន្លងមក មុនការប្រឡងនៅតាម​ប​ណ្តា​​ខេត្តនានានោះ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សិ​ស្សានុ​​សិស្សដែលប្រឡងមិនជាប់នៅឆ្នាំនេះ គឺត្រូវខិតខំបន្ថែមទៀតនៅឆ្នាំក្រោយ ឬអាចបន្ត​កា​រសិក្សាថ្នាក់បរិញ្ញារង ឬអាចចូលសិក្សាជំនាញបច្ចេកទេសផ្សេងៗ ដែលក្រសួងអប់រំ​ផ្ត​ល់ឱ​កា​សច្រើនសម្រាប់ក្មួយៗ និងចៅៗ។

សម្ដេចតេជោ ក៏បានថ្លែងរម្លឹក ពីភាពខ្ទេចខ្ទាំនៃវិស័យ​អប់​រំ​ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធានអ្នកចេះដឹង​ជាច្រើនត្រូវ​បាន​កា​ប់សម្លាប់ស្ទើរគ្មានសល់ ហើយសាលារៀនមួយចំនួនក៏ត្រូវបានក្លាយទៅជាគុក និ​ង​ជាកន្លែង​ឃុំ​ឃាំងដាក់មនុស្ស។ ក៏ប៉ុន្តែក្រោយពីកម្ពុជាបានរំដោះ គឺបានធ្វើដំណើរបន្តិចម្ដងៗ រហូត​​ប្រ​ទេ​​​​សជាតិទាំងមូលទទួលបាននូវសុខសន្តិភាព ហើយបានខិត​ខំបណ្តុះបណ្តាល​ធនធានមនុ​ស្ស​​​​​ជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀន ​តាំងពីទីប្រជុំជនរហូត​ដ​ល់​ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នង ដើម្បីឱ្យកូនចៅ​ប្រជាពលរដ្ឋបានសិក្សារៀន​សូ​ត្រគ្រប់​ៗ​​គ្នា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យអាជ្ញាធរយកចិត្តទុកដាក់តាមដាន​ចំពោះសុខ​ទុ​ក្ខ​​ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ជាពិសេសត្រូវពិនិត្យមើលសាលារៀនណា​ដែលទទួ​ល​​រងការលិចលង់ដោយទឹកជំនន់ ត្រូវរៀបចំឱ្យបានល្អមុននឹងឱ្យសិស្សចូលរៀនសូត្រ​ឡើងវិ​ញ​​។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវរង្វាន់លើកទឹកចិត្តដល់​កូ​ន​ក្មួយ​ និងចៅៗដែលទទួលបាននិទ្ទេស (A) ទាំង៤៤៣នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ២​លា​នរៀល  សៀវភៅអប់រំទូន្មាន២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះ​ពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវ​ជ្រាវ​យ​ក ពីប្រទេសហូឡង់មកវិញ) ចំនួន១ និង​ប្រាក់​កាក់​មា​ស ដែលជាព្រះរាជអំណោយរបស់ ព្រះ​​ក​រុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​ម​ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ម្នាក់ទទួលបាន១ផងដែរ។ ចំពោះលោកគ្រូអ្នកគ្រូ​ដែ​លជានាយកសាលា បានអញ្ជើញ​ចូ​ល​​រួម​សរុបចំនួន ១៨៨នាក់ ដែលម្នាក់ៗទទួលបាន ថវិ​កា​ចំនួន ១លានរៀល ជាមួយសៀវ​ភៅ​អ​ប់​រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និង​បណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹង​ខ្មែ​រ​ ១គ្រឿង និងប្រាក់កាក់មាសដែលជាព្រះ​រាជអំ​ណោ​យ​របស់ ព្រះករុណាសម្តេចព្រះបរមនាថ ន​រោត្តម សីហមុនី ម្នាក់១ផងដែរ ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) ក៏​ទទួ​លបានថវិការ ៣លានរៀលក្នុងមួយសាលា​ផង​ដែរ​។

គួរបញ្ជាក់ថា​ លទ្ធផល​នៃ​ការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិ​យភូមិ នាស​ម័យ​ប្រឡង​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩ គឺ​មានបេ​ក្ខជន​ប្រឡង​ជាប់សញ្ញាបត្រមធ្យម​សិក្សាទុតិ​យភូមិ​ចំនួន៧៩.០៥២នាក់ ត្រូវជា៦៨,៦២ភាគរយ ( បើប្រៀបធៀបនឹ​ងឆ្នាំ២០១៨ ចំនួន ៦៧,០៧ភាគរយ ) ក្នុងនោះ​បេក្ខជន​ដែល ទទួលបាននិទ្ទេស A មានចំនួន ៤៤​៣​ នាក់ ( ឆ្នាំ ២០១៨ ចំនួន​៤០៨ នាក់ )​ និទ្ទេសB​ មាន ចំនួន ២.៤៣០នាក់ ( ឆ្នាំ ២០១៨ ចំនួន ២​.​២​​​២២ នាក់ ) និទ្ទេសC មានចំនួន៥.៨៤៧​នាក់ ( ឆ្នាំ ២០១៨ មាន ចំនួន ៦.០៤១​នាក់ ) និទ្ទេស​D ​មានចំនួន១៤.១០០​នាក់ ( ឆ្នាំ ២០១៨ ចំនួន ១៥.១៨០​នាក់ ) និងនិទ្ទេសE មាន ចំនួន៥៦.២​៣​​២​នាក់ ( ឆ្នាំ ២០១៨ ចំនួន ៥២.១៨៣​នាក់ )។

ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេសA ចំនួ​ន​៤៤៣នាក់ មកពីរាជធានីភ្នំពេញ ១៤១នាក់​ ខេត្តសៀមរាបចំនួន៣៨នាក់​ បាត់ដំបង៣២នាក់ តា​កែ​​វ២៩នាក់​ កំពង់ចាម២៧នាក់ ព្រៃវែង២៧នាក់​ បន្ទាយមានជ័យ២៥នាក់​ កណ្តាល២៣នាក់​ ត្បូងឃ្មុំ១៥នាក់​ កំពង់ធំ១៤នាក់​ ព្រះសីហនុ១៣នាក់ ស្វាយរៀង៨នាក់ ពោធិ៍សាត់៧នាក់​ កំពង់ឆ្នាំង៦នាក់ ​កំពង់ស្ពឺ៦នាក់​ ក្រចេះ៤នាក់​ រតនគិរី២នាក់  ​កោះកុងម្នាក់ ​មណ្ឌលគិរីម្នាក់ និងឧត្តរមានជ័យម្នាក់។ ឆ្នាំ២០១៩ នេះគឺជាឆ្នាំទី៦ហើយ ដែលសម្តេចតេជោនា​យក​រដ្ឋ​មន្ត្រី បា​នផ្តល់កិត្តិយសជូនសិស្សជាប់ និទ្ទេស(A) បានចូលជួបសំណេះសំណាលដោយផ្ទាល់។ នេះ គឺជាការផ្តល់តម្លៃ និងលើកទឹក ចិត្តដ៏ឧត្តុង្គឧត្តមមួយពីសំណាក់​ប្រមុខរាជរដ្ឋាភិបាល​សម្រា​ប់​អ្ន​ក​សិក្សា ជាពិសេសក្មួយៗ ចៅៗ សិស្សានុសិស្ស ដែលបានខិតចំប្រឹងប្រែរៀនសូត្រ៕

ដោយ ជឹម ណារី