ក្រសួងបរិស្ថានអំពាវនាវឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីជួយថែរក្សាភពផែនដី និងបរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា ក្នុងយុទ្ធនាការបញ្ចប់សប្ដាហ៍បៃតង យើងនាំ​គ្នា​សម្អាត​ផ្ទះយើង ជួយថែរក្សាភពផែនដី ដោយនិយាយថាទេចំពោះផលិតផលប្លាស្ទិកប្រើ ប្រាស់​បានតែមួយដង ឬអនុវត្តន៍​គោល​ការណ៍ 3R គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការប្រើ ប្រាស់ឡើងវិញ និងការកែច្នៃប្លាស្ទិក​ដើម្បីកាត់បន្ថយការបំពុលដោយប្លាស្ទិក។ នេះគឺជាការ ថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ​លេខាធិការ ក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៩ ចូលរួមនៅក្នុងកម្មវិធី​បញ្ចប់​យុទ្ធនាការ​សប្តាហ៍បៃតង របស់សហភាពអឺរ៉ុបជាមួយ នឹង ការរៀបចំសកម្មភាព បោសសម្អាត​អនាម័យបរិស្ថាននៅទីសាធារណៈនៅ ត្រើយម្ខាង ក្នុង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យុទ្ធនាការសម្អាតទីសាធារណៈនេះគឺ ជាព្រឹត្តិការណ៍ មួយក្នុងចំណោមព្រឹត្តិ ការណ៍ជាច្រើន ដែលរៀបចំឡើងដោយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅ កម្ពុជានិងក្រុមការងារអេកូយុវទូតដើម្បីអបអរសាទរសបា្តហ៍បៃតងរបស់សហភាពអឺរ៉ុបក្នុងគោលបំណងជំរុញពន្លឿនការអនុវត្តវិធានការទូទាំងពិភពលោក ដើម្បីឆ្លើយតបចំពោះការប្រែ ប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងសំណល់ប្លាស្ទិក។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា សព្វថ្ងៃ​សេដ្ឋកិច្ចកម្ពុជាយើងកំពុងរីកលូតលាស់ សង្គមយើងកាន់តែចាយវាយកាន់តែច្រើន និងងាក​ទៅរកផលិតផលប្រើប្រាស់កាន់តែងាយស្រួលដូចជាផលិតផលប្លាស្ទិក ដែលប្រើតែ ម្តងហើយ យើងបោះចោល។ ក្នុងប្រទេសកម្ពុជាតាមទីក្រុងធំៗ ប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ ថង់ប្លាស្ទិកពី៤០ ទៅ៥២ថង់ប្លាស្ទិកក្នុងមួយសបា្តហ៍។ យោងតាមរបាយការណ៍ បរិមាណ​សំរាមនៅកម្ពុជា មានកំណើនប្រមាណ១០ភាគរយ ក្នុងមួយឆ្នាំ។ ឯកឧត្តមបានគូសបញ្ជាក់ថា «ការគ្រប់គ្រង​សំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ទន្ទឹមនេះ សូមបង​ប្អូន​ប្រជាពល​រដ្ឋចាត់ទុកទីក្រុងទីប្រជុំជន និងកន្លែងផ្សេងៗទៀតដែលបងប្អូនរស់នៅកំពុង​ធ្វើ​ការ និងកំពុង​ធ្វើអាជីវកម្មថាជាផ្ទះរបស់បងប្អូនដែលចាំបាច់ត្រូវតែបោសសម្អាតជាប្រចាំ ដើម្បី​រក្សាសោភណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ។”

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងពីផលប៉ះពាល់ នៃថង់ប្លាស្ទិកដោយថ្លែងថា ហេតុផលដែលថាថង់ប្លាស្ទិកស្តើងត្រូវបានគេចាត់ទុកថា ជាការ បំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថា សំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយទេ។ ឯកឧត្តម រដ្ឋលេខាធិការបានគូសបញ្ជាក់ពីវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសំណល់ប្លាស្ទិក ដោយថ្លែងថា ដោយពិនិត្យឃើញបញ្ហាចំពោះមុខ និងដើម្បីកាត់បន្ថយការប្រើប្រាស់ថង់​ប្លាស្ទិក​​ឱ្យនៅកម្រិតអប្បបរមាសំដៅការពារសុខភាពមនុស្ស បរិស្ថាន និងសោភណភាព រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ក្នុងគោលបំណង​បង្កើន​ប្រសិទ្ធភាពលើការកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់​ថង់ប្លាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណភាព។

ជាមួយគ្នានេះ ការដាក់កម្រិតលើការប្រើប្រាស់ ថង់ប្លាស្ទិកនេះ មិនមែនមានតែនៅ​កម្ពុជាទេ មានប្រទេសជាច្រើនដែលបាននិងកំពុងអនុវត្តន៍។ ឯកឧត្តម នេត្រ ភក្ត្រា បានលើក​ឡើងពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដោយអំពាវនាវដល់ពលរដ្ឋទាំងអស់សូមបន្តយកចិត្តទុកដាក់សម្អាតអនាម័យបរិស្ថានជុំវិញខ្លួន សូមចូលរួមថែរក្សាអនាម័យបរិស្ថាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវលាទាំងអស់។

ឯកឧត្តមក៏បានជំរុញឱ្យពលរដ្ឋអនុវត្តន៍គោលការណ៍ 3R និងអនុវត្តន៍ឱ្យមានប្រសិទ្ធ​ភាពនូវអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលលើការគ្រប់គ្រងថង់ប្លាស្ទិកដោយបានស្នើយ៉ាងទទូចឱ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ការនាំយកថង់ប្លាស្ទិក​មកប្រើប្រាស់វិញ ឬប្រើប្រាស់វត្ថុជំនួសថង់ប្លាស្ទិក ឬបញ្ចូលទំនិញក្នុងថង់តែមួយ «ថង់​បរិស្ថាន»។ ចំណែកឯម្ចាស់អាជីវកម្ម និងម្ចាស់សេវាកម្មនានា ដែលមានការផ្តល់ថង់ប្លាស្ទិក​ដល់អតិថិជនត្រូវស្ម័គ្រចិត្តចូលរួមអនុវត្តន៍កម្មវិធីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនឹងទទួលបានការលើកទឹកចិត្តផងដែរ។ លើសពីនេះទៀត បងប្អូនប្រជាពលរដ្ឋត្រូវដឹងថា ការប្រើប្រាស់​ថង់ប្លាស្ទិកច្រើនពេកដូចចោលសំរាមថង់ ប្លាស្ទិកនេះនៅតាមដងផ្លូវ និងក្នុងទឹកស្ទឹងទន្លេ។ កាត់បន្ថយថង់ប្លាស្ទិកដោយបញ្ចូលទំនិញក្នុងថង់តែមួយ។ ប្លាស្ទិកមិនល្អទេសម្រាប់សុខភាព​របស់​យើង សម្រាប់បរិស្ថាន និងសម្រាប់វិស័យទេសចរណ៍។ ឯកឧត្ដមបានពន្យល់ថា ពេល ដែលថង់ប្លាស្ទិករលាយ​សារធាតុគីមី គឺសារធាតុមួយចំនួនប៉ះពាល់ដល់សុខភាពមនុស្ស និង បរិយាកាស។ ពេលប្លាស្ទិកកប់ក្នុងដី យូរឆ្នាំទៅវានឹងរលាយសាធាតុបន្តិចម្តងៗ ហើយ​សារ ធាតុគីមីមួយចំនួននឹងសាយភាយប៉ះពាល់ដល់ការរស់នៅរបស់មនុស្សនិងសត្វ។ ឯកឧត្តមរដ្ឋ លេខាធិការបានបន្ថែមថា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតែម្តងហើយ បោះចោល គឺ​ប្រជាពលរដ្ឋចាំបាច់ត្រូវកែប្រែទម្លាប់ និងរួមគ្នាកាត់បន្ថយប្លាស្ទិក ព្រោះសំណល់​ប្លាស្ទិក គឺជា​បញ្ហាគំរាមកំហែងចម្បងចំពោះប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍមនុស្ស ទូទាំង​ពិភព​​លោក​និង​នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់បន្ថែមថា “ការដើររើសសំរាមនៅពេលនេះ គឺជានិមិត្តរូបនៃការរួមគ្នាសម្អាតអនាម័យបរិស្ថានហើយយើងចង់ឱ្យបរិស្ថាននៅជុំវិញខ្លួនយើងស្អាតជារៀងរហូត មិនមែនស្អាតតែមួយពេលនេះឡើយ។ ដូច្នេះចាំបាច់ត្រូវការចូលរួមពីគ្រប់​មជ្ឈដ្ឋានទាំងអស់ ហើយអ្នកដែលធ្លាប់តែមានទម្លាប់បោះសំរាមចោលផ្តេសផ្តាស សូមកែប្រែ​ឥរិយាបថនិងចូលរួមសម្អាតផ្ទះយើង សម្អាតសហគមន៍យើងទាំងអស់គ្នាប្រកបដោយ​ការ​ទទួលខុស​ត្រូវខ្ពស់។”

លោក ហ្វ្រង់ វីអូល (Frank Viault) ភារៈធារីស្តីទីនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា​បាន​ថ្លែងថា ការបំពុលដោយប្លាស្ទិកគឺជាបញ្ហាដ៏ចម្បងមួយក្នុងចំណោមបញ្ហា បរិស្ថានធំៗជាច្រើន​ទៀតដែលកើតឡើងជាទូទៅជាងគេ។ លោកបានបន្ដថា ក្នុងចំណោមប្លាស្ទិកទាំងអស់ដែល​បានប្រើប្រាស់ មានពាក់កណ្តាលដែលជាប្លាស្ទិកប្រើប្រាស់តែម្តងប៉ុណ្ណោះ ហើយប្លាស្ទិកបែប​នេះរហូតដល់ ៩០ភាគរយ ត្រូវបានគេចោលទៅក្នុងទន្លេ និងសមុទ្ររបស់យើង ហើយ​សភាពអឺរ៉ុបលើកទឹកចិត្តឱ្យមានការកែច្នៃ ប៉ុន្តែការកែច្នៃមួយមុខ មិនគ្រប់គ្រាន់ នោះឡើយ។ លោកបានបន្ថែមថា “តាងនាមឱ្យប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងរដ្ឋជាសមាជិក​របស់​​យើង ខ្ញុំសូមអំពាវនាវសូមគ្រប់គ្នានិយាយថាទេ ចំពោះផលិតផល ប្លាស្ទិកដើម្បី​ប្រើ​ប្រាស់​បានតែមួយដង”។

យោងតាមរបាយការណ៍ក្រសួងបរិស្ថាន បរិមាណសំរាម សំណល់ទីប្រជុំជនដែល កម្ពុជា​បាន​បង្កើតឡើងក្នុងមួយថ្ងៃមានចំនួនជាង ១ម៉ឺនតោនដែលពលរដ្ឋរស់នៅក្នុងរាជធានី និងក្រុងធំៗត្រូវបានប៉ានប្រមាណថាបានបង្កើតសំរាម១គីឡូក្រាម ក្នុងមួយថ្ងៃ និងបងប្អូន ប្រជាពលរដ្ឋរស់នៅតាមជនបទបង្កើតសំរាមប្រមាណកន្លះគីឡូក្នុងមួយថ្ងៃ។  សរុប ក្នុងមួយ​ឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណជិត ៤ លានតោន ក្នុងនោះ ២០ភាគរយនៃ សំណល់សំរាមនេះគឺជាសំណល់ថង់ប្លាស្ទិក។ ទន្ទឹមនេះ បរិមាណសំណល់ប្រមាណ ៥៦.៩​ភាគរយ នៃសំណល់សរុបប៉ុណ្ណោះដែលត្រូវបានយកទៅចាក់ចោលនៅទីលានចាក់សំរាម និងប្រហែល ២០ភាគរយ ប៉ុណ្ណោះដែលត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃ​និងសំណល់​សំរាមជាង ២០ភាគរយ ត្រូវបានដុត ឬបោះចោលនៅតាមទីសាធារណៈ និងប្រភពទឹកនានា។ ចំពោះខេត្ត រាជធានីធំៗដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណ​ជាង៣.០០០ តោនក្នុងមួយថ្ងៃ ក្រុងព្រះសីហនុប្រមាណ៧០០តោនក្នុងមួយថ្ងៃ និងក្រុង​សៀមរាប ប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិក​ដែលប្រមូលបានតាមរយៈការបោសសម្អាតតាមផ្លូវក្នុងក្រុងចំនួន៣ គឺ ១៧.៣ភាគរយ ក្នុងរាជ​ធានីភ្នំពេញ ២០.៧ភាគរយ ក្នុងខេត្តសៀមរាប និង៣៤ភាគរយ ក្នុងខេត្តព្រះសីហនុ៕

ដោយ រិទ្ធី