ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ហ៊ុន សែន ចុះពិនិត្យ និងព្យាបាលជំងឺជូន​គ្រួសារកងទ័ពវរៈសេនាតូច​៣៩២​ ដោយឥតគិតថ្លៃ

AKP ព្រះវិហារ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ​– លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ហ៊ុន សែន បានដឹកនាំ​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ចុះពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ជូនពុកម៉ែ បងប្អូន កងទ័ព គ្រួសារកងទ័ព សរុបចំនួន១.៩២៧នាក់ ដោយឥតគិតថ្លៃ។ ការចុះនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩  ស្ថិតនៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវ​ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខ សុខភាពដល់ពុកម៉ែ បងប្អូន កងទ័ព គ្រួសារកងទ័ពគ្រប់ទីកន្លែង ។

ជាមួយគ្នានេះដែរ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ លោកជំទាវ និងក្រុម​ការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក និងពេលថ្ងៃត្រង់ មាននំបញ្ចុក នំបុ័ង បបរគ្រឿង និងភេសជ្ជ: ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាល និង​សប្បាយរីករាយបំផុត។​ ក្រុមវេជ្ជសាស្ត្រស្ម័គ្រចិត្តសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខ​ភាព​បន្ថែមជូនដល់ពុកម៉ែ បងប្អូនទាំងអស់ដែលបានអញ្ជើញមកទទួលសេវាព្យាបាល។ ក្រៅពីនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានបន្តបន្ថែមវាស់ភ្នែក ចែកជូនវែនតាសម្រាប់​លោកយាយ លោកតាចំនួន៣០០នាក់ ចែកជូនសម្ភារសិក្សាសម្រាប់សិស្សានុសិស្ស សម្លៀក​បំពាក់ជូនដល់លោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ០៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៕

ដោយ ទិត ស្រ៊