សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បង្កើនការអប់រំ អាជីវករលក់ដូរទំនិញនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា ៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង ៖

មន្ត្រីសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បង្កើនការអប់រំបងប្អូនអាជីវករនៅផ្សារស្ទឹងត្រែងឱ្យយកចំណេះដឹងដែលធ្លាប់ទទួលបានការអប់រំកន្លងមកជួយបង្ហាញប្រជាពលរដ្ឋបន្ថែមនៅពេលដែលពួកគាត់មកទិញទំនិញដើម្បីចូលរួមជួយលើកកម្ពស់ ផ្នែកសុខភាព  ទៅដល់អ្នកបរិភាគ។

ក្នុងសកម្មភាព ចុះពិត្យចំណី អាហារនៅផ្សារសាមគ្គីក្រុង ខេត្តស្ទឹងត្រែងថ្ងៃទី០៧ តុលាឆ្នាំ២០១៩នេះលោក យូរ ចំរើន មន្ត្រីសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ ការចុះពិនិត្យទំនិញតាមតូបក៍ដូចជានៅតាមផ្ទះលក់ដូររបស់បងប្អូន អាជីវកសង្កេត ឃើញថាចំណីអាហារ ដែលបងប្អូននាំយកមកលក់គឺ មានគុណភាពល្អ។ លោកបញ្ជាក់ថា៖មន្ត្រីជំនាញធ្លាប់ចុះត្រួតពិនិត្យណែនាំនឹងបិទរូបសញ្ញាផ្សព្វផ្សាយពន្យល់ឱ្យបងប្អូនអាជីវករ យកចិត្តទុកដាក់ព្យាយាម ពិនិត្យមើលគ្រប់មុខទំនិញមុនពេលនាំចូល ត្រូវឱ្យមានស្លាកសញ្ញា គុណភាពនឹងមានក្រុមហ៊ុនធានាត្រឹមត្រួវ  ដើម្បីយើងការពារ ករណីផ្សេងៗដែលកើត មានឡើងដោយយថាហេតុ។

     លោកស្រីស៊ូ ឃីន អាជីវករលក់ដូរទំនិញនៅក្រុងស្ទឹងត្រែងបានសាទរជាមួយនិងសកម្មភាព របស់មន្ត្រីសាខាកាំកុងត្រូលចុះមកពិនិត្យនេះ  ព្រោះសកម្មភាពនេះដូចបានដាស់ស្មារតី បន្ថែម កាន់តែបង្កើនការប្រុងប្រយត្ន័ថែរក្សាសុខភាពទាំងអស់គ្នា។លោកស្រីថា៖ការនាំទំនិញចូលមកសព្វថ្ងៃបងប្អូនអាជីវករក៍បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនដែរចំពោះទំនិញណាមានភាពមិនប្រក្រតីត្រូវតែប្តូរវិញ ដូចជាភេជ្ជៈកំប៉ុង -កំពិត -ច្រែស-ឬរលប់លេខ សញ្ញាសំគាត់ជាដើមអាចប្តូរបាន ។    

      លោកស្រី ថៃ គឹមហេង នៅភូមិស្រែស៊ឺមីឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែងស្នើឱ្យមន្ត្រីសាខាកាំកុងត្រូលនិងមន្ត្រីជំនាញពាក់ពន្ធ័ជួយចុះពិនិតឲ្យបានញឹកញាប់និងគ្រប់ទីកន្លែង ជាពិសេសនៅតាមមូលដ្ឋាន មានការស្តុកទុកទំនិញយូរ។លោស្រីលើកឡើងថា៖នៅតាមសាលារៀនក៍ជាកន្លែងប្រឈមមួយដែរ ទៅលើសុខភាពកុមារព្រោះបច្ចុប្បន្នមានទំនិញនាំចូលពីប្រទេសជិតខាងច្រើនហើយទំនិញខ្លះមិនមានបិទស្លាកសញ្ញាអ្វីឡើយ។

    លោកស្រី ភិន ម៉ារី ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែងគាំទ្រការលើកឡើងនេះព្រោះវាជាបំណងល្អធ្វើឱ្យកូនចៅយើងក៍ដូចជាមាតាបីតា យល់ច្បាស់នឹងចេះការពារសុខភាពដោយខ្លួនផងពេលទៅផ្សារក៍ត្រូវចេះជ្រើសរើសចំណីអាហារដែលមានគុណភាពល្អមកបរិភាគ។

   សូមបញ្ជាក់ថា៖បច្ចុប្បន្នបងប្អូនអាជីវករនិងប្រជាពលរដ្ឋយើងមានការយល់ដឺងច្រើនចំពោះការប្រើប្រាស់ចំណីអាហារ    ចំណែកសកម្មភាពចុះត្រួតពិនិត្យនេះ សមត្ថកិច្ចជំនាញបានធ្វើជារៀងរាល់ខែផងដែរហើយលើកនេះក៍បានដកហូតចំណីអាហារមួយចំនួនដែលហួសកាលបរិច្ឆេទប្រើប្រាស់យកមកកំទិចចោលផងដែរ៕