ហ្វីលីពីនផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគជាមួយរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩​  — កាលពីពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានអំពាវនាវឱ្យប្រទេសរុស្ស៊ី ផ្តល់អាទិភាពទីផ្សារពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ហ្វីលីពីន ដោយលោកបាននិយាយបន្ថែមថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះបានខិតខំជំរុញចំណងមិត្តភាពទ្វេភាគី។

ថ្លែងនៅក្នុងវេទិកាធុរកិច្ចហ្វីលីពីន – រុស្ស៊ីនៅទីក្រុងមូស្គូកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ លោកបាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីបានរីកចម្រើន ខណៈដែលពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនមានការកើនឡើងទ្វេដងនៃតួលេខនៅក្នុងឆ្នាំ ២០១៧ ។

ថ្នាក់ដឹកនាំរូបនេះបានកត់សម្គាល់ថា វិស័យជលផលរបស់ហ្វីលីពីន កាលពីពេលថ្មីៗនេះបានបង្កើតនូវការទទួលស្គាល់ជាផ្លូវការក្នុងការនាំចេញទៅកាន់ប្រទេសរុស្ស៊ី និងទៅកាន់ទីផ្សារអ៊ឺរ៉ាស៊ីដទៃទៀត។

លោកបាននិយាយថា ភាពជាដៃគូពាណិជ្ជកម្មជាមួយរុស្ស៊ីនឹងបង្កើតឱកាសផ្សេងៗ ជាពិសេស ឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាជនហ្វីលីពីន។

ប្រធានាធិបតីហ្វីលីពីនបានចាប់ផ្តើមធ្វើទស្សនកិច្ចរយៈពេល ៥ ថ្ងៃនៅប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៩។ នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅរកការកសាងភាពជាដៃគូដ៏រឹងមាំ។

ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក Duterte ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១០ ដែលមានតម្លៃ ៦,៦លានដុល្លារអាម៉េរិក ក្នុងវិស័យកសិកម្ម និងឧបករណ៍។

នាយកដ្ឋានថាមពលនៃប្រទេសហ្វីលីពីន និងសាជីវកម្មថាមពលនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី ក៏បានឈានដល់កិច្ចព្រមព្រៀងដើម្បីអនុវត្តន៍លទ្ធភាពសិក្សារបស់ប្រទេសរុស្ស៊ី ក្នុងការជួយសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅហ្វីលីពីនផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)