រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់សំណង់ដើម្បីជំរុញឲ្យវិស័យសំណង់នៅកម្ពុជាកាន់តែរីកចម្រើន

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ:រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់សំណង់ដើម្បីជំរុញឲ្យវិស័យសំណង់នៅកម្ពុជាកាន់តែរីកចម្រើនស្របតាមបទដ្ឋានបច្ចេកទេស សុវត្ថិភាព សោភ័ណភាព និងបរិស្ថាន។
សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩នេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី សំណង់ ដែលមាន ២២ជំពូក និង ១១១មាត្រា ចប់សព្វគ្រប់ដោយមានការគាំទ្រ១០៦សម្លេង នៃសមាជិករដ្ឋសភាដែលចូលរួមប្រជុំ ដោយចាត់ទុកថា ជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ តាក់តែងឡើង នៅបរិបទដែលវិស័យសំណង់កំពុងរីកចម្រើន និងជាសសរស្តម្ភមួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។
លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា មានប្រសាសន៍ថា ច្បាប់នេះបង្កើតឡើងស្របពេលដែល វិស័យសំណង់មានការរីកដុះដាលកាន់តែច្រើន និងមានលក្ខណៈកាន់តែធំខ្ពស់ៗមានដូចជាអគារស្នាក់នៅរួម អគារលក់ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ អគារពហុមុខងារ សំណង់ទីក្រុងរណប បុរីលំនៅឋាន ជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអ្នកការពារសេចក្តីព្រាងច្បាប់នេះបានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងពង្រឹងការគ្រប់គ្រង ការងារទំាងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។ ជាមួយគ្នានេះ ក៏ពង្រឹងការគ្រប់គ្រងការងារនគរូបនីយកម្ម ដោយអភិវឌ្ឍន៍ទីក្រុងឲ្យមានសោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ។
ឯកឧត្តម បញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាក់តែងឡើងតំាងពីឆ្នាំ២០១៧មកម្ល៉េះ ដោយមានការចូលរួមផ្តល់យោបល់ពីអ្នកជំនាញនៃក្រសួងដីធ្លី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជួន និងទេសចរណ៍នៃប្រទេសជប៉ុន បានយ៉ាងល្អិតល្អន់និងឆ្លើយតបតតាមស្ថានភាព នៃការអភិវឌ្ឍនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា នៅព្រឹកស្អែក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ សម័យប្រជុំរដ្ឋសភានឹងបន្ត ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈ ដែលនៅសល់ មានដូចជាសេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក , សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម៕