អាជ្ញាធរខេត្តព្រះវិហារពង្រីកវិធានការទប់ស្កាត់ប្រជាពលរដ្ឋមិនឲ្យឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសជិតខាង

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩៖

 អាជ្ញាធរខេត្តព្រះវិហារពង្រីកវិធានការបង្ក្រាបបទល្មើសឆ្លងដែននិងទប់ស្កាត់ប្រជាពលរដ្ឋ មិនឲ្យឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសជិតខាង ដើម្បីធានាសុវត្ថិភាពនិងការធ្វើបាបផ្សេងៗ ពីសំណាកទាហាននៃប្រទេសជិខាង។
អភិបាលខេត្តព្រះវិហារបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋរបស់ខ្លួនហាមដាច់ខាតមិនត្រូវឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសជិតខាងឡើយ ខណៈដែលប្រទេសទំាងនោះមានច្បាប់តឹងរឹង បំផុតក្នុងការផ្តន្ទាទោសជនល្មើសដែលឆ្លងដែនខុសច្បាប់។
ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជា មួយអ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា អាជ្ញាធរពាក់ព័ន្ធនឹងជំរុញការចុះអប់រំដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានពិសេសប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងព្រំដែនកម្ពុជា – ឡាវ ឲ្យកែប្រែឥរិយាបទ ពីការលួចឆ្លងដែនកាប់ឈើខុសច្បាប់នៅក្នុងប្រទេសទំាងនោះ ឲ្យមក ធ្វើការងារស្របច្បាប់ឬដាំដំណាំកសិកម្មផ្សេងៗដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារ។
ការជំរុញឲ្យប្រជាពលរដ្ឋគោរពច្បាប់តាមរយៈបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើង ខណៈដែលបទល្មើសនេះនៅតែបន្តកើតមានជារឿយៗ ពិសេសមានប្រជាពលរដ្ឋ ខ្មែរខ្លះត្រូវបានជាប់ពន្ធនាគារ និងត្រូវបានបាញ់សម្លាប់ភ្លាមៗនៅពេលឆ្លងដែនទៅកាប់ឈើខុសច្បាប់នៅក្នុងប្រទេសរបស់គេ។
សម្លេង«សូមផ្តាំផ្ញើរដល់បងប្អូនមួយចំនួនតូចដែលឆ្លងដែនចូលទឹកដីនៃប្រទេសជិតខាង ដើម្បីកាប់ឈើ សូមមេត្តាបញ្ឈប់ ព្រោះសកម្មភាពដ៏គ្រោះថ្នាក់នេះច្បាប់ប្រទេសគេតឹងតែងណាស់ នឹងមានទោសរហូតដល់ប្រហារជីវិត ព្រមទំាងបងប្អូនដែលធ្វើចំណាកស្រុកទៅ ប្រទេសគេដោយប្រថុយប្រថានតាមមេខ្យល់សូមងាកមករកការងារឬមុខរបរក្នុងប្រទេសយើង ដោយស្របច្បាប់និងមានសុវត្ថិភាពវិញប្រសើរជាង»។
លោកវរៈសេនីទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានឲ្យដឹងថា អាជ្ញាធរស្រុកជាំក្សាន្តរួមជាមួយនឹងអង្គភាពពាក់ព័ន្ធបានចុះអប់រំដល់ប្រជាពលរដ្ឋកុំអោយឆ្លង ដែនខុសច្បាប់នៅតាមមូលដ្ឋាន រហូតមកដល់ពេលនេះបានចំនួនជាង៤០០លើករួចហើយ ដែលធ្វើឲ្យសកម្មភាពលួចឆ្លងដែនខុសច្បាប់នេះមានលក្ខណៈថមថយជាងឆ្នាំកន្លងទៅ។ លោកបន្តថា សកម្មភាពលួចឆ្លងដែនកាប់ឈើខុសច្បាប់នៅក្នុងប្រទេសខាងនេះ ពុំមែនតែ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារនោះទេ គឺមានប្រជាពលរដ្ឋមកពីខេត្តដ៏ទៃផងដែរ តាមរយៈ ការអួសទាញពីក្រុមមេខ្យល់។
យ៉ាងណាក៏ដោយលោកធិការនគរបាលស្រុកជាំក្សាន្តបានអៈអាងថា អាជ្ញាធរខេត្តនិង ស្រុកបានពង្រីកកិច្ចសហការជាមួយក្រុមសមត្ថកិច្ចនៃប្រទេសជិតខាងទំាងនោះ មិនឲ្យធ្វើបាបឬ ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលលួចឆ្លងដែនខុសច្បាប់ឡើយ ហើយសូមរាយការណ៍មក អាជ្ញាធរកម្ពុជាដើម្បីដោះស្រាយតាមនីតិវិច្បាប់។
«យើងបានសំណូមពររាល់ដងមិនអោយមានការបាញ់សម្លាញ់ប្រជាពលរដ្ឋខ្មែរ ឆ្លងដែនខុសច្បាប់ឡើយ ហើយសូមបញ្ជូនមកកាន់កម្ពុជាវិញ។ ប៉ុន្តែខាងថៃបើមានភស្តុតំាង នៅនឹងដៃគឺគេមិនលើកលែងទេ គឺគេដាក់គុកហើយ ជួនកាល៤ឆ្នាំ ៥ឆ្នាំ ៦ ឆ្នាំ ប៉ុន្តែអ្នកខ្លះជាប់គុកហើយបានប្រហែល១ខែឬ២ខែគាត់ធ្វើសកម្មភាពដូចដើម គឺមិនរាងចាល អញ្ចឹងយើងមាន ផលវិបាក ដោយសារគាត់នៅតែចចេះចង់ទៅ»។
សូមបញ្ជាក់ថា ខេត្តព្រះវិហារមានព្រំដែនជាប់ប្រទេសជិតខាងមានប្រវែងជាង២៦២ គីឡូម៉ែត្រ ក្នុងនោះជាប់ប្រទេសថៃ មានប្រវែងជាង១២១ គីឡូម៉ែត្រ និងប្រទេសឡាវមានចំនួន ១៤១ គីឡូម៉ែត្រ៕