ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសអឺរ៉ុបចំនួន ៣ នៅចុងសប្ដាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា តាមកម្មវិធីដែលបានគ្រោងទុក  សម្ដេចនឹងដឹកនាំគណៈប្រតិ​ភូជាន់ខ្ពស់​រា​ជ​រដ្ឋា​ភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអឺរ៉ុបចំនួន៣ រួមមាន ប្រទេសឆេក ហុ​ងគ្រី និងប្រទេស​ប៊ុលហ្គារី នៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ នាចុងសប្ដាហ៍នេះ។

ក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ« និន្ទេស A » សម័យប្រឡង ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ នាព្រឹកថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំ​កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានថ្លែងថា ​នៅ​ថ្ងៃអាទិត្យ ទី​១៣ ខែតុលា​នេះ សម្ដេចនឹងត្រូវ​ចេញទៅ​បំ​ពេ​ញ​ទ​ស្សនកិច្ចនីប្រទេសអឺរ៉ុបមួយចំនួន​ ដែលថ្ងៃទី​១៣-១៤ ខែតុលា នៅប្រទេស​ឆេ​ក​  ថ្ងៃទី​១៥ នៅ​​ហុង​គ្រី និង​នៅ​ថ្ងៃទី​១៦-១៧ ខែតុលា នៅ​ប៊ុលហ្គារី​។ ​សម្តេច​តេ​ជោបានបន្ថែមថា បន្ទាប់​ពី​​វិលត្រឡប់មកពីបំពេញទស្សនកិច្ច នៅ​ថ្ងៃ​ទី​​២៥​តុលាឆ្នាំ២០១៩ សម្តេច​នឹងដឹកនាំ​កិច្ចប្រជុំ​គ​ណៈ​រដ្ឋមន្ត្រី ដើម្បី​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ថវិកាជាតិ​ ហើយបន្ទាប់ពី​កិច្ចប្រជុំ​នេះហើយ ស​ម្តេ​ច​តេ​ជោ នឹង​ចេញទៅ​ប្រជុំ​កំពូល​អាស៊ាន នៅទីក្រុងបាងកកព្រះរាជាណាចក្រ​​ថៃ​។ សម្ដេ​ច​តេជោក៏បានថ្លែងឱ្យដឹងដែរថា នៅចុងខែតុលាខាងមុខនេះ ក៏មានដំណើរ​ទស្សន​កិច្ចរបស់ ប្រធានាធិបតីហុង​ហ្គា​រី មកកាន់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ដោយ ជឹម ណារី