របៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំផ្លូវការរបស់រដ្ឋមន្ត្រីបរិស្ថានអាស៊ានត្រូវបានឧត្តមមន្ត្រី បរិស្ថានអាស៊ានពិនិត្យ និងសម្រេចនៅថ្ងៃនេះ

AKP សៀមរាប ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ -ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ គឺជាថ្ងៃទី១នៃក្របខ័ណ្ឌកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រីអាស៊ាន គឺមានការរៀបចំធ្វើការពិនិត្យ និងអនុម័តលើឯកសារសំខាន់ៗ រួមមាន៖ ១. សេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមអាស៊ានស្តី ពីការប្រែប្រួលអាកាសធាតុនៅកិច្ចប្រជុំកំពូលលើកទី២៥ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP25-UNFCCC),។ ២. សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអាស៊ានស្តីពីបរិស្ថាន ។ ៣. សំណើសុំដាក់បញ្ចូលឧទ្យានជាតិរបស់ប្រទេសថៃ វៀតណាម និងប្រទេសមីយ៉ាន់ម៉ា សរុបចំនួន៥ ទៅជាឧទ្យានបេតិក ភណ្ឌអាស៊ាន។ ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំត្រៀមលើការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងកិច្ចប្រជុំបច្ចេកទេសរបស់ឧត្តមមន្ត្រីអាស៊ានលើផ្នែកសាលាមេត្រីបរិស្ថាន។

កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅលើទឹកដី នៃខេត្តសៀមរាប ដោយមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្រ្តី និងគណៈប្រតិភូទាំង ១០ប្រទេស អគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីបរិស្ថានមកពីប្រទេសចិន ជប៉ុន កូរ៉េ រុស៊្សី អាម៉េរិក ឥណ្ឌា អូស្រ្តាលី និងប្រទេស នូវែលសេឡង់។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា កិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នេះ មានការពិនិត្យពិភាក្សាលើកិច្ចសហប្រតិបត្តិការថ្នាក់តំបន់លើវិស័យបរិស្ថាន ក្នុងនោះរួមមាន បញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និរន្តរភាពបរិស្ថានទីក្រុង ការអភិរក្សជីវៈចម្រុះ បរិស្ថានតំបន់ឆ្នេរសមុទ្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់ ការគ្រប់គ្រងការបំពុលផ្សែងអ័ព្ទឆ្លងដែន និងសាលាមេត្រីភាពបរិស្ថានជាដើម។

ឯកឧត្តមបានបន្តថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ក៏មានកិច្ចប្រជុំលើកទី១៦ នៃរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ គឺចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងកិច្ចប្រជុំលើកទី១៥ នៃសន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ានស្ដីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន។ ទន្ទឹមនឹងនេះ ក៏មានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន-ជប៉ុន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសហប្រតិបត្តិការបច្ចុប្បន្ន និងគំនិតផ្តួចផ្តើមសំណើថ្មីៗ ដូចជា ប្រព័ន្ធផ្ទៀងផ្ទាត់បច្ចេកទេសបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា និងសំណល់ប្លាស្ទិកសមុទ្រ។ ជាមួយគ្នានេះដែរ កម្ពុជានឹងទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពបរិស្ថានអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន។ នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានលើកទី១៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ ក៏នឹងមានពិធីដាំដើមផ្កាក្រវាន់នៅមុខប្រាង្គប្រាសាទអង្គរផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានតែងតែធ្វើរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណង ជជែកពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់៕

ដោយ ឃុត សៅ