ឯកឧត្តម អ៊ុន​ ចាន់ដា​ អញ្ជើញជាធិបតីក្នុងពិធីបញ្ចុះបឋមសិលា​សាងសង់អគារ​អធិការដ្ឋាន​ នគរបាល​ស្រុក​កោះសូទិន​

AKP កំពង់ចាម ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ -អគារ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិន ដែលមាន​ទំហំទទឹង ៩ម៉ែត្រ និង                    បណ្ដោយ១៨ម៉ែត្រ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃផ្តល់ជូនស្រុកកោះសូទិនខេត្តកំពង់ចាម ត្រូវបានធ្វើ​ពិធីបញ្ចុះបឋមសិលា​សាងសង់ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹង​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៩​ ក្រោមអធិបតីភាពឯកឧត្តម   អ៊ុន​ ចាន់ដា​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ជាច្រើនផង។

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ ឯកឧត្តម អ៊ុន​ ចាន់ដា​ ​ បានមានប្រសាសន៍ថា​ ការសាងសង់ អគារ​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​កោះសូទិននេះ ​គឺពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​មាន​ការ​រើសអើង​ហើយត្រូវ​ធ្វើយ៉ាងណាឱ្យការសាងសង់​អគារនេះឱ្យ​មាន​គុណភាព​ត្រឹមត្រូវ​តាម​ស្តង់ដារ ​លក្ខណៈ​បច្ចេកទេស​ ដើម្បី​ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង។

ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បាន​ធ្វើ​ការ​កោតសរសើរ​ចំពោះ​អជ្ញាធរ ​កងកម្លាំងសមត្ថកិច្ច​ ស្រុក​កោះសូទិន​ ដែល​​សហការ​គ្នាបានយ៉ាង​ល្អ​ ក្នុង​ការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ពេល​មាន​គ្រោះ​ទឹក​ជំនន់​ និង​រារាំង​ការ​ប្រមូល​ផ្ដុំ​របស់​ជន​ឆ្លៀត​ឱកាស​ប៉ុនប៉ង​បង្ក​អសន្តិសុខ​តាម​ការ​ញុះញង់​បំបែកបំបាក់​សាមគ្គី​ជាតិ​ផង​ដែរ​ ។

ឯកឧត្តម អ៊ុន​ ចាន់ដា បានលើកឡើងថា ដើម្បីទទួលបានសុខសន្តិភាព និងសុវត្ថិភាពក្នុងមូលដ្ឋានក៏ដូចក្នុងសង្គមជាតិទាំងមូល គឺមានតែ​​ការ​ចូលរួមសហការ​ រវាង​បងប្អូន​ប្រជាពលរដ្ឋ​​ជាមួយ​នឹងអាជ្ញាធរ​មាន​​សមត្ថកិច្ច​ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ​ឃុំ​មាន​សុវត្ថិភាព​ ។ ដូចនេះសូម​លោកយាយ​ លោក​តា ​បងប្អូន​ប្រជាពលរដ្ឋ​​ ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​សម្រាប់​សហគមន៍​យើង​ទាំង​មូល​ គឺ​ត្រូវ​​ផ្ដល់​ព័ត៌មាន ​​រាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ជា​បន្ទាន់​​រាល់​សកម្មភាព​ដែល​សង្ស័យ​ជា​បទល្មើស​ និង​សកម្មភាព​ប៉ុនប៉ង​បង្ក​អសន្តិសុខ​របស់​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ផងដែរ​។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏​បានឧបត្ថម្ភថវិកាជូនតាអាចារ្យម្នាក់ ថវិកា១០ម៉ឺនរៀល​ តាជី យាជី ៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល​ និង​ក្រណាត់ស១ដុំផងដែរ ៕

ដោយ ឆាយ ម៉ុត