ខេត្តព្រះវិហារចាប់ផ្តើមកែលម្អផ្លូវគមនាគមន៍ទៅកាន់តំបន់ទេសចរណ៍ ទំាងអស់ទូទំាងខេត្តដើម្បីទាក់ទាញភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩៖


រដ្ឋបាលខេត្តព្រះវិហារចាប់ផ្តើមកែលម្អហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទៅកាន់តំបន់ទេសចរណ៍ទំាងអស់ទូទំាងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរអោយទៅលេងកម្សាន្តខេត្តអោយទៅលេង ខេត្តនេះអោយបានកាន់តែច្រើនដែលជួយលើកកម្ពស់សេដ្ឋកិច្ចនិងជីវភាពរបស់ប្រជាពលរដ្ឋ។
អភិបាលខេត្តព្រះវិហារបានអៈអាងថា រដ្ឋបាលខេត្តព្រះវិហារបានលើកផែនការរួចជា ស្រេចហើយក្នុងការស្ថាបនាផ្លូវនានាទៅកាន់តំបន់ទេសចរណ៍ទូទំាងខេត្តអោយកាន់តែមានភាព ងាយស្រួលក្នុងការធ្វើដំណើរកម្សាន្តទៅលេងតំបន់នោះអោយបានកាន់តែច្រើន ដើម្បីផ្តល់ជា ប្រភពចំណូលជូនប្រជាសហគមន៍។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានឲ្យដឹងថា អាជ្ញាធរខេត្តនឹងស្ថាបនាផ្លូវកៅស៊ូពីស្រុកឆែបអោយដល់រម្មណីយដ្ឋានទឹកធ្លាក់ព្រះនិមិ្មត្ត គម្រោងស្ថាបនាផ្លូវកៅស៊ូភ្ជាប់ពីផ្លូវជាតិលេខ៦២ទៅដល់ ប្រាសាទព្រះខ័ន្តកំពង់ស្វាយ និងគម្រោងស្ថាបនាផ្លូវកៅស៊ូពីជើងភ្នំត្បែងទៅដល់តំបន់ជួរភ្នំខាងលើដើម្បីអោយរថយន្តអាចធ្វើដំណើរដោយភាពងាយស្រួលទៅកាន់តំបន់នោះ ខណៈដែរ រម្មណីយដ្ឋានទឹកធ្លាក់ភ្នំត្បែងមានសម្រស់មិនចាញ់ទឹកធ្លាក់ភ្នំគូលេនឡើយ។
ឯកឧត្តមបានបញ្ជាក់ថា គម្រោងកែលម្អផ្លូវទៅកាន់តំបន់ទេសចរណ៍ទំាងនេះគឺដើម្បីទាក់ ទាញភ្ញៀវទេសចរពីខេត្តសៀមរាបអោយមកលេងកម្សាន្តនៅខេត្តព្រះវិហារនេះអោយបានកាន់តែច្រើន ដោយសារតែខេត្តព្រះវិហារសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើនទំាងទេសចរណ៍ វប្បធម៌ និងអេកូរទេសចរណ៍ធម្មជាតិជាដើម។
«ខ្ញុំមានចក្ខុវិស័យចង់បានថា ទាក់ទាញ់ភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប អោយគាត់មកទស្សនាប្រាសាទព្រះវិហារផងដែរដែលជាសម្បត្តិបេតិភណ្ឌពីភព លោកគ្មាន២។ ព្រោះថាបើស្រលាញ់សូមកលេងផង ហើយសម្រាក១យប់ឬ២យប់នៅក្រុងព្រះវិហារ នឹងធ្វើដំណើរទៅវិញចូលទៅមើលប្រាសាទព្រះខ័ន្តកំពង់ស្វាយ ហើយឆ្លងកាត់តាម កំពង់ធំអាចចូលមើលប្រាសាទសម្បូរព្រៃគុក។ ហើយដើម្បីសម្រេចបានចក្ខុវិស័យហ្នឹង រដ្ឋបាលខេត្តត្រូវខិតខំប្រឹងប្រែងបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅទីនោះដើម្បីបំរើដល់វិស័យទេសចរណ៍។ មែនទែនទៅខេត្តព្រះវិហារមានធនធានច្រើនណាស់ទំាងវប្បធម៌ដ៏ដូចជាប្រាសាទព្រះវិហារ កោះកែរ ព្រះខ័ន្ត មានទំាងធម្មជាតិទឹកធ្លាក់ព្រះនិម្មិត្ត ភ្នំត្បែង តេជោបុស្បូវ សត្វស្លាប ជាដើម ហេតុនេះហើយខេត្តមានផែនការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអោយដល់រម្មណីយ៍ដ្ឋាន ទំាងនោះ»។
កញ្ញាសេង គឹមសៀង ដែលជាភ្ញៀវទេសចរមកពីខេត្តកំពង់ចាម កំពុងលេងកម្សាន្តទឹក ធ្លាក់តេជោបុស្បូវ ស្ថិតនៅលើតំបន់ជួរភ្នំដងរែកក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃបានឲ្យដឹងថា ការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគមនាគន៍អោយទៅដល់តំបន់ទេសចរណ៍គឺមានសារៈសំខាន់ណាស់ ដើម្បីមានផ្លូវធ្វើដំណើរងាយស្រួលដែលធ្វើឲ្យអ្នកទេសចរមានអារម្មណ៍ចង់ទៅលេងតំបន់នោះ បានកាន់តែច្រើន។ កញ្ញាបន្តថា បច្ចុប្បន្ននេះផ្លូវមកកាន់តំបន់ទឹកធ្លាក់តេជោបុស្បូវមានការ លំបាក ប៉ុន្តែដោយសារតែតំបន់ទេសចរណ៍នេះមានសម្រស់ធម្មជាតិស្រស់ស្អាតជាមួយនឹងទឹក ធ្លាក់ត្រជាក់ចិត្តផងនោះ បានទាក់ទាញភ្ញៀវទេសចរមកលេងតំបន់នេះមិនចេះដាច់។
«ខ្ញុំមកលើកទីមួយ ឃើញប្អូនៗបង្ហោះរូបឃើញស្អាតចង់មកលេងទីនេះ មានថ្មស្អាត ទឹកធ្លាក់ ហើយម៉ាទឹកធ្លាក់ឃើញទីនេះស្អាតជាងគេ ខ្ញុំទៅលេងកំពង់ចាមអី គឺអត់ស្អាតដូចនៅទីនេះទេ»។
សូមបញ្ជាក់ថា ខេត្តព្រះវិហារគឺជាខេត្តសម្បូរទៅដោយធនធានវប្បធម៌ទេសចរណ៍ ទី២បន្ទាប់ពីខេត្តសៀមរាប ប៉ុន្តែការទាក់ទាញភ្ញៀវទេសចរអោយទៅលេងកម្សាន្តនៅតំបន់នោះនៅមានកម្រិតនៅឡើយ៕