អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងបរិស្ថាន រួមគ្នាបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩៖

 អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងបរិស្ថាន រួមគ្នាបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាបទប់ស្កាត់បញ្ហាគ្រឿង ញៀននៅតាមមូលដ្ឋាន។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩នេះ បាន សហការជាមួយក្រសួងបរិស្ថានរួមគ្នាបណ្តុះបណ្តាលជនបង្គោលស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន១០០នាក់ដែលជាមន្រ្តីរាជការ ក្រសួង មន្ទីរ បរិស្ថានរាជធានី-ខេត្ត និងឧទ្យានុរក្ស នៅតាមតំបន់ការពារបរិស្ថាននានាទូទំាងប្រទេសកម្ពុជា។
ឧត្តមសេនីយ៍ ឯក ថោង សុគន្ធា អគ្គលេខាធិការ រងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងថា ការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលនេះឡើង គឺស្របពេលដែលរាជរដ្ឋាភិបាលបានបន្តធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ដោយប្រើប្រាស់កំលាំងមធ្យោបាយសរុប បង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយបញ្ហាគ្រឿងញៀនដើម្បីបង្កើតភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងបរិស្ថានបានណែនាំដល់សិក្ខាកាមទាំងអស់ឲ្យខិតខំត្រង់ត្រាប់ស្តាប់សិក្សាស្វែងយល់ពីខ្លឹមសាររាល់ប្រធានបទទំាងអស់ដើម្បីយកទៅផ្សព្វផ្សាយទៅដល់អ្នកពាក់ព័ន្ធនៅតាមសហគមន៍មូលដ្ឋានសំដៅធ្វើឲ្យសហគមន៍មានសុវត្ថិភាព។ ឯកឧត្តមបានជំរុញឲ្យមន្រ្តីបរិស្ថានទំាងអស់ត្រូវចូលរួមឲ្យកាន់តែសកម្មក្នុងការ ប្រយុទ្ធប្រឆំាងបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន តាមរយៈការហ៊ានរាយការណ៍នៅពេល ឃើញបទល្មើសចរាចរណ៍គ្រឿងញៀន ហើយផ្សព្វផ្សាយពីផលវិបាកនានាដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍អោយនៅឆ្ងាយពីគ្រឿងញៀន។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ជនបង្គោលនេះ មានរយ:ពេល៣ថ្ងៃ ពីថ្ងៃ ទី០៧ ដល់ ថ្ងៃ ទី០៩ ខែតុលា ឆ្នាំ ២០១៩ ។